Views
អ្នកកាសែតយល់ឃើញផ្សេងៗគ្នាជុំវិញការគំរាមរបស់លោក ឈាង វុន សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា មកលើអ្នកយកព័ត៌មានឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។ លោក ឈាង វុន បានហៅលោក ហ៊ុល រស្មី ជាអ្នកកាសែតដែលបានតាំងសំណួរអំពីការរិះគន់ថា គណបក្សនយោបាយដែលយកអាសនៈរបស់បក្សប្រឆាំង ហើយអង្គុយធ្វើការនៅក្នុងរដ្ឋសភា គឺជាតំណាងចោរ ថាជាអ្នកកាសែតញុះញង់ និងរំលោភលើរដ្ឋធម្មនុញ្ញ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មើលឃើញថា សមាជិកសភាពីខាងបក្សកាន់អំណាចលោក ឈាង វុន មិនមានចេតនាអាក្រក់ណាមួយប្រឆាំងនឹងអ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិក នោះទេ។ លោកកត់សំគាល់ថា បញ្ហាលោក ឈាង វុន និងលោក ហ៊ុល រស្មី គ្រាន់តែជាការខ្វែងគំនិតគ្នាតិចតួចប៉ុណ្ណោះ៖ «ខ្ញុំបានស្ដាប់សម្ដីរបស់គាត់តាំងពីដើមដល់ចប់ ក្នុងនាមជាអ្នកកាសែតម្នាក់ ខ្ញុំយល់ឃើញថា ជាការប៉ះសម្ដីគ្នាទេ វាមិនមានការបំពារបំពានអីធ្ងន់ធ្ងរទេរឿងហ្នឹងនោះ ពីព្រោះគាត់ក៏ប្រើសម្ដីទន់ភ្លន់ទៅរកអ្នកកាសែតយើងវិញដែរ។ គាត់មិនបានសម្លុតគំរាមកំហែងអីធំដុំទេ»។
ផ្ទុយពីការលើកឡើងនេះ លោក ម៉ៃ ទិត្យថារា និពន្ធនាយកកាសែត ខ្មែរ ថាម (Khmer Times) អះអាងថា សាររបស់លោក ឈាន វុន នេះគឺជាសញ្ញានៃការគំរាមកំហែង និងជាការបន្ទុកបន្ថែមប្រឆាំងនឹងសេរីភាពសារព័ត៌មាន។
នៅក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា លោក ឈាន វុន បានប្រតិកម្មតបទៅនឹងសំណួររបស់លោក ហ៊ុល រស្មី អ្នកយកព័ត៌មានឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក ថាបានបម្រើឲ្យបរទេសដើម្បីញុះញង់ខ្មែរ៖ «កាលណាយើងយកព័ត៌មានមកលើកសួរបែបហ្នឹងវាខុសច្បាប់ ហើយវាជាការរំលោភមួយ។ វិទ្យុវីអូអេ ក៏ជាវិទ្យុផ្សាយសំឡេងដែលទទួលលុយពីសហរដ្ឋអាមេរិក គឺប្រើតែភាសាហ្នឹង គឺភាសាញុះញង់ និងភាសាវាយប្រហារ។ ភាសានេះមិនត្រូវនៅក្នុងរដ្ឋសភាទេ»។
មានត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មជនក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេស។ ម្យ៉ាងវិញទៀត ច្បាប់ស្ដីពីរបបសារព័ត៌មានមាត្រា៥ ចែងថា សារព័ត៌មានមានសិទ្ធិទទួលព័ត៌មាន ដែលស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល លើកលែងតែព័ត៌មានណាដែលបណ្ដាលឲ្យអន្តរាយដល់សន្តិសុខជាតិជាដើមប៉ុណ្ណោះ។
ការព្រមានរបស់លោក ឈាង វុន មកលើអ្នកកាសែត វី.អូ.អេ នេះក្នុងពេលរដ្ឋសភាមានតែគណបក្សប្រជាជនកម្ពុជា ប្រជុំបែងចែកជ័យភណ្ឌនៃអាសនៈសភាទាំង ៥៥ របស់បក្សប្រឆាំងទៅអោយគណបក្សតូចតាចផ្សេងទៀត ក្រោយតុលាការកំពូលរំលាយរួច កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
តំណាងរាស្ត្របក្សកាន់អំណាចរូបនេះបានព្រមាន លោក ហ៊ុល រស្មី ថាអាចនឹងត្រូវបិទផ្លូវក្នុងការចូលយកព័ត៌មាននៅក្នុងរដ្ឋសភា នៅពេលក្រោយទៀត៖ «ប្រើអាកប្បកិរិយា សម្ដីបែបប្រទេសអាណានិគមយកមកប្រើក្នុងស្ថាប័នជាតិមួយប៉ុណ្ណាប៉ុណ្ណីនៅក្នុងប្រទេសកម្ពុជា ក្មួយដើរផ្លូវខុសហើយ។ ក្មួយលែងទៅជាខ្មែរហើយ។ ខ្ញុំមិនឆ្លើយទេ ប៉ុន្តែខ្ញុំព្រមានក្មួយ លើកក្រោយខ្ញុំមិនឲ្យក្មួយនិយាយបែបហ្នឹងទៀតទេ។ អ្នកមុខអ្នកការនៅក្នុងរដ្ឋសភាត្រូវចាំមុខទៅ បើគេមកយកព័ត៌មានបាន បើអ្នកសារព័ត៌មានមិនបាច់ចូលរដ្ឋសភាក៏បានដែរ។ យើងនិយាយគ្នាឲ្យច្បាស់»។
បើទោះជាបែបណា លោក ហ៊ុល រស្មី បានប្រាប់អាស៊ីសេរីថា លោកនឹងនៅតែបំពេញកិច្ចការរបស់ខ្លួនជាធម្មតា។ លោកអះអាងថា លោកធ្លាប់ជួបបញ្ហាដូចនេះពីរដងហើយចាប់តាំងពីលោកធ្វើជាអ្នកកាសែត។
ចំណែកនិពន្ធនាយកកាសែតខ្មែរ ថាម លោក ម៉ៃ ទិត្យថារា វិញកត់សំគាល់ថា នេះមិនមែនជារឿងធម្មតាឡើយ ពីព្រោះជាសម្ដីចេញពីអ្នកតំណាងរាស្ត្រ។ លោកចាត់ទុកសម្ដីលោក ឈាង វុន ថា ជាសញ្ញាដ៏គ្រោះថ្នាក់ដែលមិនអាចមើលស្រាលបានឡើយ៖ «ប្រសិនបើគាត់មានប្រសាសន៍បែបហ្នឹងខ្ញុំគិតថា វាជាការគំរាមកំហែងហើយ ដោយសារឲ្យចំណាំមុខអ្នកសារព័ត៌មាន អ៊ីចឹងមានន័យថា លើកក្រោយៗទៀត ប្រហែលគេនឹងមិនអនុញ្ញាតឲ្យបានទៅយកព័ត៌មានទៀត ដោយគាត់បានផ្ដាំផ្ញើអ៊ីចឹងទៅហើយ»។
អង្គការ ហ្វ្រីឌឹម ហៅស៍ (Freedom House) បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា សព្វថ្ងៃនេះថា ជាប្រទេសគ្មានសេរីភាព ស្របពេលដែលរដ្ឋាភិបាលព្យាយាមកម្ចាត់បណ្ដាញសារព័ត៌មានឯករាជ្យមួយចំនួនចេញកម្ពុជា។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលបានបើកដំណើរការអស់ពេលជាច្រើនឆ្នាំណាស់មកហើយ ត្រូវបង្ខំចិត្តបិទទ្វារទៅវិញ កាលពីថ្ងៃទី៤ ខែកញ្ញា។ ការបង្ខំចិត្តបិទទ្វារទាំងកំពុងប្រតិបត្តិការនៅឡើយនេះ នៅពេលរដ្ឋាភិបាលប្រើប្រាស់ផ្លូវច្បាប់គាបសង្កត់ក្រោមហេតុផលមិនសមរម្យ ដែលចោទថា កាសែតនេះខកខានបំពេញកាតព្វកិច្ចបង់ពន្ធចូលរដ្ឋអស់ពេលជាច្រើនឆ្នាំណាស់មកហើយ។ ស្ថិតក្រោមសម្ពាធ និងហេតុផលដូចគ្នានេះ ការិយាល័យនៅទីក្រុងភ្នំពេញ របស់វិទ្យុអាស៊ីសេរី ក៏ត្រូវបង្ខំចិត្តបិទទ្វារដែរ។ អ្នកជំនាញវិស័យសារព័ត៌មានយល់ឃើញថា កាសែតដែលអាចនៅឈរជើងបានមានតែក្រុមកាសែតដែលគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះ៕
Pdach Mok
Monday, November 27, 2017