Views
នាយទាហានប្រមាណជាង ២០០ នាក់ត្រូវបានដំឡើងឋានន្តរស័ក្តិ ចាប់ពីឧត្តមសេនីយ៍ផ្កាយ ១ រហូតដល់ផ្កាយ ៣ ខណៈដែលចំនួននាយទាហានថ្នាក់ឧត្តមសេនីយ៍សព្វថ្ងៃមានជាង ៣០០០ នាក់រួចទៅហើយ ដែលការដំឡើងច្រើនបែបនេះត្រូវបានអ្នកវិភាគលើកឡើងថាដើម្បីទប់អំណាចនាយករដ្ឋមន្ត្រីស្របពេលដែលការបោះឆ្នោតខិតជិតមកដល់។
យោងតាមសៀវភៅរាជកិច្ចរបស់រដ្ឋាភិបាលប្រចាំខែតុលាបង្ហាញថា នាយទាហានថ្នាក់ឧត្តមសេនីយ៍ចំនួន ២២៨ រូបត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ដំឡើងឋានន្តរស័ក្តិបន្ថែមទៀតលើជួរកងយោធពលខេមរភូមិន្ទ ដែលមានស្រាប់។ ក្នុងចំនួនឧត្តមសេនីយ៍ទាំង ២២៨ រូបនោះ ឧត្តមសេនីយ៍ផ្កាយ ១ មានចំនួន ១២៩ រូបផ្កាយ ២ ចំនួន ៨៦ រូប និងផ្កាយ ៣ ចំនួន ១៣ រូប។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ថ្លែងថាការដំឡើងឋានន្តរស័ក្ដិគឺជាកិច្ចការផ្ទៃក្នុងរបស់ក្រសួងការពារជាតិដែលជាការលើកទឹកចិត្តចំពោះការងាររបស់ពួកគេ និងផ្អែកលើគុណសម្បត្តិ និងសមត្ថភាពហើយគ្មានអ្វីពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
លោក ឈុំ សុជាតិ បញ្ជាក់ថា៖ «វាគឺជាឋានៈរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយការ [ដំឡើង] ឋានន្តរស័ក្តិដល់បុគ្គលនេះ ឬបុគ្គលនោះគឺជារឿងរបស់យើង។ អ្នកខាងក្រៅគួរដឹងអំពីរឿងនេះគ្មានអ្វីដែលពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ»។
នៅក្នុងសៀវភៅរាជកិច្ចមួយផ្សេងទៀតដែលចេញក្នុងខែដដែល ព្រះមហាក្សត្របានដំឡើងឋានន្តរស័ក្តិដល់អភិបាលខេត្តព្រះសីហនុលោក យន្ត មីន និងអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ជាឧត្តមសេនីយ៍ផ្កាយ៣ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឡើង។
នៅពេលសួរអំពីការដំឡើងឋានៈផ្កាយ លោក សុជាតិ អះអាងថាក្រសួងមិនខ្វល់អំពីការរិះគន់ទេហើយការដំឡើងឋានន្តរស័ក្តិគឺធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ពួកគេឲ្យបំពេញការងារឲ្យមានប្រសិទ្ធភាព។
លោក សុជាតិ បញ្ជាក់ថា៖ «អ្នកដែលលើកឡើងលើកទៅ យើងគិតតែធ្វើ គ្មានអ្វីពាក់ព័ន្ធទេ ហើយយើងមិនខ្វល់ទេ។ វាស្រេចតែការបញ្ចេញមតិរបស់ពួកគេប៉ុន្តែយើងមានលទ្ធភាពគ្រប់គ្រងប្រទេស និងដែនដីរបស់យើង ហើយនេះគឺជាការលើកទឹកចិត្តសម្រាប់កងកម្លាំងរបស់យើងគឺគ្មានអ្វីខុសឆ្គងនោះទេ»។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី ថ្លែងថាការដំឡើងឋានៈនេះគឺជាមធ្យោបាយមួយដើម្បីធ្វើឱ្យមេបញ្ជាការកងទ័ពពេញចិត្តក្នុងបរិបទនៃការបោះឆ្នោតដែលនឹងចូលមកដល់នាពេលខាងមុខ និងដើម្បីការពារនាយករដ្ឋមន្ត្រីហើយការដំឡើងឋានន្តរស័ក្តិនេះទំនងជាមិនមានការពេញចិត្តពីទាហានដែលមានឋានៈទាបនោះទេ។
លោកថ្លែងថា៖ «នៅពេលដែលមានឋានៈខ្ពស់ច្រើនពេកក្នុងជួរកងទ័ព វានឹងធ្វើឱ្យមានការលំបាកក្នុងការបញ្ជាទាហាន។ ឧទាហរណ៍មិនដឹងអ្នកណាស្តាប់អ្នកណាដោយសារមានមេច្រើនពេកនៅពេលដើរទៅណាក៏ឃើញតែផ្កាយរះពេញលើស្មា ហើយវាជាការល្អដែលមានការលើកទឹកចិត្តដល់កងទ័ពតាមរយៈការដំឡើងឋានៈដល់ពួកគេ។ វាក៏មាននយោបាយនៅពីក្រោយការដំឡើងឋានន្តរស័ក្តិនេះដែរហើយវាក៏ធ្វើឱ្យទាហានដទៃទៀតមិនសប្បាយចិត្តដែរ។
ចំណែកលោកសាស្ត្រាចារ្យ Paul Chambers មកពីសាកលវិទ្យាល័យ College of ASEAN CommunityStudies Naresuan University Phitsanulok ប្រទេសថៃ ថ្លែងថា៖ «ការរុះរើថ្មីៗនេះកើតឡើងចំពេលដែលមានភាពតានតឹងនយោបាយរបស់ប្រទេសកម្ពុជាដែលវាមានន័យថាអ្នកស្មោះត្រង់ជាមួយលោក ហ៊ុន សែន កាន់តែមានច្រើនឡើងនៅក្នុងជួរកងទ័ពកំពូល។ ដូចគ្នានេះដែរការដំឡើងឋានន្តរស័ក្តិផ្កាយ ២ របស់រដ្ឋាភិបាលដល់មន្ត្រីចំនួន ៨៦ រូបបន្ថែមទៀតនេះគឺជារង្វាន់មួយសម្រាប់ការបន្តគាំទ្រយ៉ាងពេញទំហឹងដល់គណបក្សប្រជាជនកម្ពុជា។ តាមរយៈការរុះរើនេះជាការផ្ញើសារមួយរបស់លោក ហ៊ុន សែន ទៅកងទ័ពដើម្បីឲ្យបន្តគាំទ្រគាត់នោះគេនឹងនៅរក្សាអំណាច និងឯកសិទ្ធិតំណែងជាន់ខ្ពស់បាន»៕
Pdach Mok
Wednesday, November 29, 2017