Views
ក្រុមការងាររបស់អង្គការសហប្រជាជាតិ (អ.ស.) ដែលឃ្លាំមើលការឃុំខ្លួនបែបអនាធិបតេយ្យ (UN Working Group on Arbitrary Detention) បានទទួលពាក្យបណ្ដឹងរបស់ក្រុមគ្រួសារលោក កឹម សុខា កាលពីថ្ងៃទី២០ ខែធ្នូ។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ភ្នាក់ងារអង្គការសហប្រជាជាតិ នឹងបន្តបើកការស៊ើបអង្កេតលើករណីចាប់ខ្លួនឪពុករបស់កញ្ញាទាំងបំពានកាលពីថ្ងៃ៣ ខែកញ្ញា កន្លងទៅ៖ «វិធានការបន្តបន្ទាប់គឺគេនឹងទាក់ទងទៅអាជ្ញាធរកម្ពុជា ដើម្បីស៊ើបសួររឿងហ្នឹង ពីព្រោះពួកខ្ញុំបានទាក់ទងហើយ បានដាក់អង្គហេតុអីអស់ហើយ។ គេនឹងផ្ញើសំបុត្រមួយទៅខាងអាជ្ញាធរកម្ពុជា។ គេអាចសុំព័ត៌មានបន្ថែមពីពួកគេ ខ្ញុំ ពីមេធាវី ហើយបើចាំបាច់គេនឹងចុះទៅធ្វើការស៊ើបអង្កេតដល់ប្រទេសកម្ពុជាតែម្ដង»។
ភ្នាក់ងារនៃការិយាល័យនៃឧត្ដមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនេះមានសមត្ថកិច្ចស៊ើបអង្កេតករណីចាប់ខ្លួនទាំងឡាយណាដែលផ្ទុយទៅនឹងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។ ក្រុមនេះក៏មានសមត្ថកិច្ចក្នុងការស្វែងរក និងទទួលព័ត៌មានពីរដ្ឋាភិបាល ពីអន្តររដ្ឋាភិបាល អង្គការសង្គមស៊ីវិល ពីបុគ្គល ឬអ្នកតំណាងនៃក្រុមគ្រួសារ។
ក្រុមនេះក៏មានសិទ្ធិចេញសេចក្ដីអំពាវនាវបន្ទាន់ ឬអាចទាក់ទងជាមួយរដ្ឋាភិបាលដើម្បីផ្ដល់ព័ត៌មានច្បាស់លាស់ឲ្យមានការដោះស្រាយករណីចាប់ខ្លួននេះ។ ជាងនេះទៅទៀត ពួកគេមានសិទ្ធិចុះស៊ើបអង្កេតដល់ប្រទេសសាមីទោះគ្មានការអញ្ជើញពីរដ្ឋាភិបាលប្រទេសក៏ដោយ៕
Pdach Mok
Thursday, December 21, 2017