Views
នៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ទាំង ១២៣ បានអនុម័តរួមគ្នា នៅទីក្រុងញូវយ៉ក បញ្ចូលសមត្ថកិច្ចទីបួនឱ្យស្ថាប័ន ។ នោះគឺ តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ នឹងអាចធ្វើការជំនុំជម្រះលើ “ឧក្រិដ្ឋកម្មឈ្លានពាន” បន្ថែមពីលើបទល្មើសបីមុន ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សធម៌ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង ឧក្រិដ្ឋកម្មសង្គ្រាម ។
តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ នឹងមានសមត្ថកិច្ចថ្មី អាចជំនុំជម្រះលើបទឧក្រិដ្ឋមួយទៀត គឺបទ “ឧក្រិដ្ឋកម្មឈ្លានពាន” របស់ប្រទេសមួយលើប្រទេសមួយទៀត។
នៅពេលជំនុំជម្រះបទ “ឧក្រិដ្ឋកម្មឈ្លានពាន” តុលាការនឹងវែករកមុខថាតើប្រទេសមួយណាបានរំលោភលើអធិបតេយ្យភាព ប្រទេសមួយទៀត និងចង្អុលមុខជនជាប់ទោស ដែលជាមេដឹកនាំប្រទេសឈ្លានពាន យកទៅកាត់ទោស។
សមត្ថកិច្ចថ្មី ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងចាប់ទទួលបន្ទុកជាផ្លូវការនៅខែកក្កដា ឆ្នាំ ២០១៨ (ជាគម្រប់ខួប២០ឆ្នាំនៃកំណើតតុលាការ) មិនមែនជាប្រធានបទថ្មីថ្មោងសម្រាប់តុលាការព្រហ្មទណ្ឌទេ ! តាមពិតបទល្មើសនេះមានគ្រោងចែងនៅក្នុងលក្ខន្តិកៈដំបូងរបស់តុលាការ តាំងពីស្ថាប័ននេះបានចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងរ៉ូម ឆ្នាំ ១៩៩៨ ភ្លាមម្ល៉េះ។ ប៉ុន្តែបទល្មើសមួយនេះ មិនអាចចូលជាធរមានបាន ដោយហេតុតែវាជាប្រធានបទដ៏រសើបខ្លាំង និងមានបង្កប់លក្ខណៈនយោបាយខ្លាំងពេក។ ហើយនៅតែបន្តចម្រូងចម្រាសខ្លាំងដដែល រហូតមកទល់នឹងថ្ងៃនេះ ម៉ោងនេះ។
“ឧក្រិដ្ឋកម្មឈ្លានពាន” ប្រធានបទចម្រូងចម្រាស
កាលពីឆ្នាំ២០១០ មហាសន្និបាតរបស់តុលាការ បានកំណត់ច្បាស់លាស់គួរសមដែរហើយអំពីខ្លឹមសារនៃ “ឧក្រិដ្ឋកម្មឈ្លានពាន”។ ប៉ុន្តែកាលណោះ មានប្រទេសជាសមាជិកដល់ទៅ ៨៩ប្រទេសបានបដិសេធមិនផ្តល់សច្ចាប័ន។ បារាំង ជប៉ុន កូឡុំប៊ី កាណាដា ន័រវែស អង់គ្លេស ហ្សកដានី ឬប៉េរ៉ូ ... មិនព្រមលើនិយមន័យនៃឧក្រិដ្ឋកម្មឈ្លានពាន និងលក្ខខណ្ឌនៃដំណើរការការងាររបស់តុលាការទេ។ ពួកគេបានដាក់លក្ខខណ្ឌថា បទល្មើសនេះអាចចូលជាធរមានបាន ដរាបណាមានការលើកលែងចំពោះពលរដ្ឋគេ តែសមាជិកដទៃតូចៗផ្សេងៗទៀតប្រឆាំង។
គេត្រូវរង់ចាំដល់ថ្ងៃសុក្រទី ១៥ធ្នូ ២០១៧ ទើបឃើញសមាជិកទាំង១២៣ប្រទេសរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានស្រុះស្រួលគ្នាផ្តល់សមត្ថកិច្ច ជំនុំជម្រះលើបទឧក្រិដ្ឋកម្មឈ្លានពាន ជាសមត្ថកិច្ចទីបួនឱ្យតុលាការ តែមិនមែនជាការព្រមព្រៀងដោយរីករាយជាឯកច្ឆ័ន្ទទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ នឹងមានសមត្ថកិច្ចជំនុំជម្រះបទឧក្រិដ្ឋកម្មឈ្លានពាន ប្រទេសមួយលើប្រទេសមួយទៀត និងនាំមេដឹកនាំទៅកាត់ទោស លើកលែងតែមេដឹកនាំបារាំង អង់គ្លេស នៅក្នុងសង្គ្រាមនៅលីប៊ី ឬអ្នកទទួលខុសត្រូវអ៊ីស្រាអែល ក្នុងជម្លោះជាមួយប៉ាឡេស្ទីន ជាដើម។
ជាពិសេសជាងនេះទៅទៀត សមាជិកនីមួយៗអាចបកព្រលាត់អត្ថន័យនៃបទល្មើស “ឧក្រិដ្ឋកម្មឈ្លានពាន” បានតាមការយល់របស់គេ ហើយសមាជិកខ្លះទៀត សង្ឃឹមថាតុលាការនឹងអាចដំណើរការជំនុំជម្រះលើបទល្មើសនេះទៅតាមអ្វីដែលគេចង់ផង។
ម្យ៉ាងវិញទៀត បើប្រទេសជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ មានសិទ្ធិប្តឹងបើកជំនុំជម្រះឧក្រិដ្ឋកម្មឈ្លានពាន តែក៏មានសិទ្ធិបដិសេធសមត្ថកិច្ចរបស់តុលាការឬក៏ដាក់លក្ខខណ្ឌឱ្យតុលាការក៏បាន។
ឥទ្ធិពលនៃ “ឧក្រិដ្ឋកម្មឈ្លានពាន”
ពាក្យ “ឧក្រិដ្ឋកម្មឈ្លានពាន” នេះភ្លាម ធ្វើឱ្យគេនឹងដល់សំណុំរឿងអន្តរជាតិធំៗជាច្រើនដូចជា វិបត្តិនៅគ្រីមេ លីប៊ី កុងហ្គោ អាហ្វហ្កានីស្ថាន ឬក៏ស៊ីរី ដែលមានប្រទេសជាច្រើនលូកដៃក្នុងសង្គ្រាមនេះតាំងពីឆ្នាំ២០១១មក។
ថ្វីបើសមត្ថកិច្ចរបស់តុលាការមានកំរិត អនុវត្តបានតែលើចំពោះប្រទេសជាសមាជិកដែលបានផ្តល់សច្ចាប័ននៅឆ្នាំ២០១០ និងគ្មានសមត្ថកិច្ចសោះលើប្រទេសមិនជាសមាជិករបស់តុលាការ ដូចយ៉ាងសហរដ្ឋអាមេរិកឬរុស្ស៊ី យ៉ាងណាក៏ដោយ ក៏ការបន្ថែមសមត្ថកិច្ចថ្មីឱ្យតុលាការ នៅតែមានតម្លៃខ្លាំង ដោយបានបញ្ជាក់អំពីការជឿនលឿនទៅមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពគ្មានទោស និងជាមធ្យោបាយកំញើញ បង្អាក់រដ្ឋមួយកុំឱ្យចេះតែហ៊ានឈ្លានពានប្រទេសមួយទៀត។
បើតាមអ្នកការទូត ចាប់ពេលនេះទៅ មុននឹងបញ្ជូនកម្លាំងយោធាទៅចូលរួមធ្វើប្រតិបត្តិការ ក្នុងសម្ព័ន្ធអន្តរជាតិ ឬប្រតិបត្តិការសន្តិភាព នៅក្នុងប្រទេសណាមួយ ថ្នាក់ដឹកនាំប្រទេស ត្រូវពិចារណាពីរឬបីដងបន្ថែមទៀតថាតើនឹងអាចមានអ្នកត្រូវជាប់បណ្តឹងបទឧក្រិដ្ឋកម្មឈ្លានពានដែរឬទេ ? ប្រធានាធិបតី ? ប្រមុខរដ្ឋាភិបាល ? រដ្ឋមន្ត្រី ឬ សមាជិកសភាដែលអនុញ្ញាតឱ្យប្រមុខរដ្ឋបញ្ជូនទ័ពទៅប្រទេសគេផ្សេង ទៅធ្វើសង្គ្រាម ?
នៅថ្ងៃ ៧ មករា ១៩៧៩ ប្រទេសវៀតណាមបានចូលឈ្លានពានប្រទេសកម្ពុជា ហើយបានបំផ្លាញទ្រព្យសម្បត្តិរបស់ប្រទេសកម្ពុជាអស់ជាច្រើន ទាំងបង្កើតរដ្ឋាភិបាលអាយ៉ងទៀត ហេតុនោះ នៅពេលមានការផ្លាស់ប្តូរ កម្ពុជានឹងប្រមូលភស្តុតាងប្តឹងប្រទេសវៀតណាមដើម្បីទាមទារសំណងខូចខាតដែលបង្កឡើងដោយប្រទេសវៀតណាម ។
ផលវិបាកអវិជ្ជមាន ៖ ជាមួយការបង្កើតបទល្មើសឈ្លានពាន បេសកកម្មមនុស្សធម៌អាចនឹងត្រូវជួបហានិភ័យ។ ប្រទេសអ្នកផ្តល់ជំនួយ ក៏នឹងត្រូវពិចារណាយូរជាងមុន មុនចូលរួមធ្វើបេសកកម្មមនុស្សធម៌។ ជម្លោះរវាងប្រទេសមួយនឹងប្រទេសមួយអាចនឹងកើនឡើង ព្រោះគេអាចយកច្បាប់នេះមកធ្វើជាអាវុធនយោបាយបង្កជម្លោះ៕
Pdach Mok
Sunday, December 17, 2017