Views
រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះ បានរៀបចំកិច្ចពិភាក្សាតុមូលមួយ ដែលមានការចូលរួមពីក្រុមបណ្ឌិតដែលគេស្គាល់ថាមួយចំនួន ជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចពិភាក្សាពេញមួយព្រឹក នៅរាជបណ្ឌិត្យសភាកម្ពុជាវាគ្មិនដែលជាបណ្ឌិតទាំង ៥ រូប បានបង្ហាញជំហរគាំទ្រដល់នយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនព្រមឱនក្បាល ចំពោះប្រទេសមហាអំណាច ហើយដែលកំពុងព្រមានដាក់ទណ្ឌកម្មដល់កម្ពុជា។ សម្រាប់វាគ្មិនមួយរូបៗ នយោបាយរបស់លោកហ៊ុន សែន កំពុងតែធ្វើឲ្យកម្ពុជាដើរលើផ្លូវត្រឹមត្រូវហើយ។
កិច្ចពិភាក្សាក្រោមប្រធានបទ «តួនាទីរបស់មហាអំណាចក្នុងកិច្ចការតំបន់ និង ពិភពលោក» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះ បានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពីការប្រកាសព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាច និងសហភាពអឺរុប។ កិច្ចពិភាក្សានេះ ក៏ធ្វើឡើងក្រោយពេលដែលប្រមុខដឹកនាំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈមិនឱនក្បាលចំពោះការព្រមានពីបរទេសណាមួយ ហើយក៏ផ្គើនបន្ថែមឲ្យដាក់ទណ្ឌកម្មតាមចិត្ត។ ក្រុមបណ្ឌិត ដែលបានចូលរួមក្នុងវេទិកានាពេលនេះ មានដូចជា លោក ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា - លោក ហ៊ើស សិរិធន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ - លោក ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា - លោក ឌៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ - និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ក្រុមលោកបណ្ឌិត និងអ្នកស្រាវជ្រាវបញ្ហាសង្គមនេះ បានយល់ថា ប្រទេសធំៗតួយ៉ាងដូចជាមហាអំណាចអាមេរិកជាដើម គេនឹងមិនដែលគិតប្រទេសតូចតាចដូចជាកម្ពុជា ជាធំនោះទេ។ ហើយរាល់ការសម្រេចរបស់គេ គឺគ្រាន់តែដើម្បីប្រយោជន៍របស់គេតែប៉ុណ្ណោះ។ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អាមេរិកតាំងពីដើមមក មិនដែលដឹងកំហុសរបស់ខ្លួនទេ ហើយបន្តធ្វើបាបកម្ពុជា។ តាមលោកបណ្ឌិត សុខ ទូច អាមេរិកខុសពីចិន ដែលជាមហាអំណាចមួយដែរ តែចេះទទួលខុសត្រូវ ហើយតែងតែជួយកម្ពុជារហូតមក។
សម្រាប់លោក សុខ ទូច អ្វីដែលអាមេរិកចង់ឲ្យកម្ពុជាធ្វើតាមនោះ គឺមិនអាចទៅរួចនោះទេ ពីព្រោះថាប្រជាធិតេយ្យ មិនមែនសុទ្ធតែអាចចម្លងតាមគ្នា ឬ copy right បាននោះទេ ដោយកម្ពុជា ត្រូវដើរទៅមុខ តាមរបៀបរបស់កម្ពុជា មិនមែនរបៀបរបស់សហរដ្ឋអាមេរិកនោះឡើយ។ ហើយនយោបាយរបស់លោកហ៊ុន សែន ជានយោបាយចំរុះពណ៌ ដែលត្រូវការមហាអំណាច ទាំងជិត ទាំងឆ្ងាយ ទាំងអស់ ប៉ុន្តែបើមានមហាអំណាចណាមួយមិនពេញចិត្ត ក៏កម្ពុជា មាននៅមានជម្រើសដែរ។
គួរជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ ទើបបានប្រកាសថា ផ្ទៃក្នុងកម្ពុជា មិនមែនកំណត់ដោយបរទេសនោះទេ។ ប្រសាសន៍ទាំងស្រុងរបស់លោក ហ៊ុន សែន គឺបើស្ថិតនៅលើបរទេសដដែល គឺខ្មែរជាឆ្កែសុទ្ធ ដែលដើរតាមឆ្អឹងដែលគេទម្លាក់ឲ្យ ប៉ុន្តែកម្ពុជា មិនអាចធ្វើជាសត្វឆ្កែ គ្រាន់តែដើម្បីឆ្អឹង ឬ សាច់មួយដុំ ដែលលះបង់ភាពថ្លៃថ្នូររបស់ខ្លួនឡើយ។ លោកហ៊ុន សែន ថែមទាំងឲ្យជម្រើសទៅសហរដ្ឋអាមេរិកទៀតថា តើសុខចិត្តយកទំនាក់ទំនងជាមួយបុគ្គលមួយក្រុម ឬ ក៏យកទំនាក់ទំនងរវាងប្រទេស និងប្រទេស?
ប្រភព ៖ វិទ្យុបារាំង
Pdach Mok
Monday, December 18, 2017