Views
លោក ស ខេង ដាក់លិខិតស្នើប្រមុខរដ្ឋាភិបាលបង្កើតមាត្រាថ្មីមួយដើម្បីដាក់ទោសពលរដ្ឋដែលជេរប្រមាថស្តេច ។
សូមជំរាបថា កន្លងមក
មានអ្នកជេរក្បាលស្តេចយ៉ាងចាស់ដៃដែលចូលរួមចំណែកបំផ្លាញឆន្ទៈពលរដ្ឋជាង ៣
លានសំឡេង លើសពីសំឡេងជេររបស់ពលរដ្ឋទៀត លោក ហ៊ុន សែន
ធ្លាប់គំរាមរំលាយរបបស្តេចបើមិនចុះសន្ធិសញ្ញាបំពេញបន្ថែម ២០០៥
ដើម្បីកាត់ទឹកដីឲ្យយួននោះទេ ប៉ុន្តែគ្មានច្បាប់ចែងដាក់ទោសទណ្ឌ
ទើបធ្វើឲ្យលោក ហ៊ុន សែន នៅក្រៅសំណាញ់ច្បាប់ ។
ចំណាត់ការរបស់ក្រសួងមហាផ្ទៃកើតឡើងស្របពេលដែលពលរដ្ឋបញ្ចេញមតិយោបល់រឿងស្តេចចុះហត្ថលេខារំលាយឆន្ទៈរបស់ពួកគាត់ ។
ការសម្រេចបែបនេះ
កើតមានបន្ទាប់ពីលោក ស ខេង បើកកិច្ចប្រជុំមួយកាលពីថ្ងៃទី ២០
ខែធ្នូ ដោយពិភាក្សាអំពីបញ្ហាជួយការពារស្តេចដើម្បីកុំឲ្យពលរដ្ឋរិះគន់ ។
ក្នុងពេលនោះដែរ ក្រសួងមហាផ្ទៃសម្រេចបិទហ្វេសប៊ុកមួយឈ្មោះ
"សមាគមវៀតណាមនៅកម្ពុជា" ដែលបានប្រមាថដល់ព្រះមហាក្សត្រ
ប៉ុន្តែមិនបានស៊ើបអង្កេតថា អ្នកណានៅពីក្រោយខ្នងផេកសមាគមនោះទេ ។
ចំពោះបញ្ហានេះ មន្ត្រីសង្គមស៊ីវិល លោក សន ជ័យ យល់ថា ចំណាត់ការរបស់ក្រសួងត្រឹមបិទហ្វេសប៊ុកមួយឈ្មោះ "សមាគមវៀតណាមនៅកម្ពុជា" ដែលប្រមាថព្រះមហាក្សត្រមិនទាន់គ្រប់គ្រាន់ទេ ក្រសួងត្រូវរកឲ្យឃើញថា អ្នកណានៅពីក្រោយហ្វេសប៊ុកនោះ។
ចំពោះសំណើរបស់ក្រសួងមហាផ្ទៃ ស្នើសុំបន្ថែមមាត្រាដាក់ទោសអ្នកជេរប្រមាថស្តេចនេះ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ គាំទ្រការបង្កើតមាត្រានេះ ។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះស្នើឲ្យអនុវត្តច្បាប់ឲ្យបានទូលំទូលាយ មិនចំពោះបុគ្គលមួយក្រុមនោះឡើយ ។ ចំណែកលោក ជូង ជូងី មេធាវីការពារក្តីគណបក្សប្រឆាំងផ្តល់ការអត្ថាធិប្បាយយ៉ាងខ្លីថា ក្រមព្រហ្មទណ្ឌបានចែងរួចហើយពីការដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ដូច្នេះលោកយល់ថា មិនចាំបាច់បន្ថែមមាត្រាថ្មីនោះទេ ។
ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និយាយថា ច្បាប់រដ្ឋធម្មនុញ្ញបានចែងថា ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ ប៉ុន្តែគ្មានមាត្រាណាចែងដាក់ទោសលើអ្នកប្រមាថព្រះមហាក្សត្រទេ។ ដំណើរការនៃការស្នើសុំនេះ នឹងត្រូវជជែកជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតនៅពេលណាប្រមុខរដ្ឋាភិបាលយល់ស្របនឹងសំណើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
Pdach Mok
Friday, December 22, 2017