Views
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យក្រសួងការពារជាតិវៀតណាមសហការឲ្យបានកាន់តែខ្លាំងក្លាជាមួយកម្ពុជា ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍នានាក្នុងការប្រយុទ្ធប្រឆាំងចលនាបដិវត្តន៍ពណ៌។
នេះបើយោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកប្រមុខរាជរដ្ឋាភិបាលខ្មែរដែលប្រាប់ក្រុមអ្នកកាសែតនៅក្រោយជំនួបរវាងលោក ហ៊ុន សែន និងលោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។
បើតាមលោក អ៊ាង សុផល្លែត ដដែលនៅក្នុងជំនួបនោះ លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានគោរពជម្រាបលោក ហ៊ុន សែន អំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នមានភាពល្អប្រសើរជាទីបំផុត ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌកម្ពុជា វៀតណាម ឡាវ គឺមានភាពល្អប្រសើរផងដែរ។
ក្នុងជំនួបនោះ លោកប្រមុខរាជរដ្ឋាភិបាលខ្មែរបានស្នើវៀតណាម និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយសង្រ្គោះប្រជាជនតាមព្រំដែន ពេលមានគ្រោះអន្តរាយនិងករណីមានភ្លើងឆេះព្រៃជាដើម។
លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យផ្តើមមានកិច្ចប្រតិបត្តិការគ្នាក្នុងការផ្ដល់ព័ត៌មាន និងចែករំលែកបទពិសោធន៍គ្នាទៅវិញមក ក្នុងការបម្រើការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចំពោះកងទ័ព ដែលបញ្ជូនទៅប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
តាមកម្មវិធីដែលបានគ្រោងទុក នៅល្ងាចថ្ងៃព្រហស្បតិ៍ដដែលនេះ លោកអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ក៏នឹងជួបជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ ជំនួបនេះ នឹងមានការពិភាក្សាលើការបណ្តុះបណ្តាល ធនធានមនុស្ស កិច្ចសហប្រតិបត្តិការវិស័យយោធា ការចែករំលែកបទពិសោធន៍ នៃការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ព័ណ៌ កិច្ចសហប្រតិបត្តិការល្បាតលើដែនសមុទ្រ កិច្ចសហប្រតិបត្តិការលើការការពារនៅតាមព្រំដែន និងជំរុញការងារលើអ្វីដែលថ្នាក់ដឹកនាំកំពូលបានចុះហត្ថលេខារួចហើយ៕
ប្រភព ៖ អង្រុត
Pdach Mok
Thursday, December 21, 2017