Views
នៅលើទំព័រហ្វេសប៊ុករបស់លោក
ម៉ែន ណាត បានចុះផ្សាយលិខិតចំហរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជូនចំពោះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលមានសេចក្តីដូចខាងក្រោម ៖
លិខិតចំហរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖
ផ្ញើជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
...........................
ដោយពិនិត្យឃើញថា រដ្ឋាភិបាល ហ៊ុន សែន រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងកែប្រែច្បាប់ថ្មីដើម្បីអនុវត្តទៅលើរំលាយគណបក្សនយោបាយ ហើយនិដកហូតអាសនៈរដ្ឋសភា ពីគណបក្សនយោបាយទៅបែងចែកឲ្យគណបក្សផ្សេង តាមតែអំពើចិត្ត ដែលធ្វើឲ្យច្បាប់ធាក់ថយក្រោយ ហើយធ្វើឲ្យកម្ពុជា ក្លាយទៅជារបបផ្តាច់ការ។
ដោយរំលឹកឡើងវិញ ចំពោះការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាការធ្វើឡើងដោយគ្មានដីកាពីតុលាការ, ខុសនីតិវិធីរដ្ឋបាល និង រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ។
ដោយពិនិត្យឃើញថា តុលាការកំពូល នឹងធ្វើការជំនុំជម្រះ នូវសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការបង្គាប់បញ្ជា និងការចង់បានរបស់លោក ហ៊ុន សែន។
ដោយហេតុនេះហើយ ក្រុមប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១, អង្គការសហប្រជាជាតិ, សភាសហភាពអឺរ៉ុប និងសហភាពអន្តរសភា IPU បានថ្កោលទោសម្តងហើយម្តងទៀត និងដាក់ការគាបសង្កត់នានា ដល់រដ្ឋាភិបាល ហ៊ុន សែន ឲ្យវិលមករកគន្លងប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស ព្រមទាំងត្រូវដោះលែងលោក កឹម សុខា និង ធានាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ២០១៨ ខាងមុខ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមជូនយោបល់ដល់ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ៣ ចំណុចដូចខាងក្រោម៖
១. ត្រូវប្រកាន់ជំហររក្សាការទាមទារយុត្តិធម៌, ត្រូវបន្តការពារគណបក្សសង្គ្រោះជាតិ និងការពារសន្លឹកឆ្នោតពលរដ្ឋ ជាងកន្លះនគរ បើទោះជាគណបក្សនេះ ត្រូវរំលាយ ឬមិនរំលាយយ៉ាងណាក្តី។
២. មិនត្រូវទៅជ្រកកោនក្រោមស្លាក គណបក្សភ្លើងទៀន ឬគណបក្សសិទ្ធិមនុស្ស តាមមធ្យោបាយរៀងៗខ្លូនៗឡើយ ពីព្រោះថា នោះគ្រាន់តែជាការធ្វើនយោបាយ កំដរឆាកឲ្យលោក ហ៊ុន សែន ដឹកនាំប្រទេសតាមតែអំពើចិត្ត ដូចមុនពេលបង្កើត គណបក្សសង្គ្រោះជាតិ ឆ្នាំ២០១២ ដែរ។
៣. មិនត្រូវមានគំនិត ទៅបង្កើតគណបក្សថ្មី ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយបោះបង់គំនិតតស៊ូទាមទាររកយុត្តិធម៌ និងការពារសន្លឹកឆ្នោតរបស់ពលរដ្ឋឡើយ។
ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧
ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ៕
Pdach Mok
Tuesday, November 14, 2017