Views
ប្រភពវីអូឌី ៖ ប្រធានាធិបតីអាមេរិកទី៤៥ មានវ័យ៧១ឆ្នាំជាមហាសេដ្ឋីសម្បូរទ្រព្យធនផងនោះ បានបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅអាស៊ីគឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៤ខែវិច្ឆិកា។ ក្នុងដំណើរទស្សនកិច្ចនេះ គឺធ្វើនៅក្នុងប្រទេសចំនួន៥ រួមមាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង ប្រទេសហ្វីលីពីន។
ព្រឹត្តិការណ៍សំខាន់ចំនួន២ ដែលលោកត្រាំចូលរួមក្នុងឱកាសទស្សនកិច្ចនេះគឺ កិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) និង កិច្ចប្រជុំកំពូលអាស៊ាន(ASEAN) ធ្វើនៅក្នុងប្រទេសហ្វីលីពីន។
អាមេរិកគឺជាប្រទេសមហាអំណាច ដែលកំពុងមានឥទ្ធិពលលើពិភពលោកតែងតែចេញមុខ ក្នុងការពង្រឹងប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស។ រាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំ និង មន្ត្រីជាន់ខ្ពស់អាមេរិកនៅលើឆាកអន្តរជាតិពេលកន្លងមកតែងតែលើកឡើងពីការពង្រឹង ការគោរពសិទ្ធិមនុស្ស និង ការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
ចំណែកអង្គការដែលទទួលបានជំនួយពីអាមេរិក រួមទាំងប្រទេសដែលបានខ្ចីលុយ ឬ ទទួលជំនួយ ពីអាមេរិកតែងភ្ជាប់នូវកាតព្វកិច្ចគោរពសិទ្ធិមនុស្ស។
ប៉ុន្តែក្នុងដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីចូលកាន់តំណែង និង មានរយៈពេលវែងនៅអាស៊ី ប្រធានាធិបតីទី៤៥របស់អាមេរិកហាក់មិនបានចាប់អារម្មណ៍លើកឡើងពីបញ្ហាសិទ្ធិមនុស្សមក ជជែកទេគឺ ផ្តោតសំខាន់តែលើបញ្ហាសេដ្ឋកិច្ច និង ការពង្រីកឥទ្ធិពលនយោបាយរបស់អាមេរិក។
ក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំ នៅអាស៊ីផ្តោតគោលបំណងពីរសំខាន់ គឺការពង្រឹងដៃ គូពាណិជ្ជកម្ម និង ការពង្រឹងសម្ព័ន្ធមិត្តក្នុងការការពារសុវត្ថិភាពដើម្បីប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើង។
ក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំថ្ងៃដំបូងចាប់ផ្តើមចេញពីប្រទេសជប៉ុន។ ខ្លឹមសារដែលលោក បាននិយាយជាមួយជប៉ុនគឺភាពស្មើមុខគ្នាក្នុងការធ្វើពាណិជ្ជកម្ម ដោយថាអាមេរិកចាញ់ប្រៀប ជប៉ុន ហើយជំរុញឲ្យជប៉ុនបង្កើនចំនួនរោងចក្រផលិតរថយន្តនៅសហរដ្ឋអាមេរិក។ ចំណុចមួយទៀតគឺបញ្ហាកូរ៉េខាងជើង លោកត្រាំបានជំរុញឲ្យជប៉ុនបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េ ខាងជើង បើសិនជាមានការបាញ់រំលងប្រទេសជប៉ុនម្តងទៀតនោះ។
លោកត្រាំ ក៏បានលើកឡើងទៀតថា ជប៉ុនកំពុងតែទិញអាវុធយ៉ាងច្រើនពីអាមេរិកហើយថា ពេលទិញបានគ្រប់គ្រាន់ហើយនោះ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយកូរ៉េខាង ជើង។ ចំណុចនេះក៏បង្ហាញពីឥរិយាបថរបស់អាមេរិកកំពុងតែកេងចំនេញពីភាពភ័យខ្លាចរបស់ សម្ព័ន្ធមិត្ត គឺស្របពេលដែលជប៉ុនកំពុងរងការគំរាមកំហែងពីកូរ៉េខាងជើង អាមេរិកសប្បាយក្នុងការ លក់អាវុធជាប្រភេទជំនួញកើបលុយបានមហាសាលរបស់ប្រទេសមហាអំណាច។
ពេលទៅដល់កូរ៉េខាងជើងត្បូង និងចិន ត្រាំនៅតែបន្តថ្លែងព្រមានមេដឹកនាំវ័យក្មេងរបស់កូរ៉េខាង ជើងថា កុំឲ្យព្រហឺនពេកដែលអាចឈានដល់ការប្រើកម្លាំងទ័ពវាយប្រហារ។ ជាមួយកូរ៉េខាងត្បូងអាមេរិកថ្លែងផ្តល់ភាពកក់ក្តៅក្នុងការប្តេជ្ញាការពារសម្ព័ន្ធមិត្តនេះ ប៉ុន្តែជាមួយ ចិនគឺអាមេរិកជំរុញឲ្យមានការដាក់សម្ពាធលើកូរ៉េខាងជើងដោយថា ចិនគឺជាសម្ព័ន្ធកូរ៉េខាងជើងដែលមានឥទ្ធិពល។
ពេលទៅដល់ទីក្រុងប៉េកាំង មេដឹកនាំកុម្មុនីស្តចិន បានរៀបចំស្វាគមន៍យ៉ាងកក់ក្តៅដល់ មេដឹកនាំ ប្រជាធិបតេយ្យអាមេរិក។ ចំពោះមុខគូប្រជែងធំរបស់ខ្លួននេះ លោកត្រាំ ក៏បានលើកឡើងចោទថា បង្កបញ្ហារបាំងទីផ្សារពាណិជ្ជកម្ម និង ចោទថា ចិនលួចកម្មសិទ្ធិបញ្ញាផលិតផលរបស់អាមេរិក។
ថ្ងៃបញ្ចប់ទស្សនកិច្ចនៅចិនមេដឹកនាំទាំងពីរបានបង្ហាញនូវភាពយល់ចិត្តគ្នា ភាពស្និទ្ធស្នាលគ្នា និង បានចុះហត្ថលេខាលើការធ្វើពាណិជ្ជកម្មដែលមានទំហំទឹកប្រាក់២៥០ពាន់លានដុល្លារ។
នៅក្នុងកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅអាស៊ី ប៉ាស៊ីហ្វិក នៅវៀតណាមមាន តំណាងប្រទេសជាង២០ និង កិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីនមានមេដឹកនាំប្រទេសជាង១០ លោកត្រាំនៅតែផ្តោតបញ្ហាសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ការពង្រឹងទំនាក់ទំនាក់ ទំនងក្នុងការការពារ។
លោកត្រាំហាក់មិនចាប់យកបញ្ហាគោរពសិទ្ធិមនុស្ស និង ការពង្រឹងលទ្ធិប្រជាធិបតេយ្យទៅជជែកដូចមេដឹកនាំមុនៗនោះទេ។ តើនៅអាស៊ី ឬ តំបន់ដែលលោកត្រាំបាន ធ្វើទស្សនកិច្ចកំពុងប្រឈម បញ្ហារំលោភសិទ្ធិមនុស្សអ្វីខ្លះ?
នៅចិនជាប្រទេសកុម្មុយនីស្តមានការបង្ក្រាបខ្លាំងលើអ្នកដែលហ៊ានរិះគន់ឬ ទាមទារសិទ្ធិសេរីភាព ដូចជាក្រុមធ្វើយុទ្ធនាការតាមប្រព័ន្ធអិនធើណែតរិះគន់ការដឹកនាំ ការបង្រ្កាបដោយការសម្លាប់ ធ្វើទារុណកម្ម និង ចាប់ឃុំឃាំងលើជនជាតិទីបេ ដែលទាមទារសេរីភាពខាង វប្បធម៌ ជំនឿសាសនា និង ការបង្ក្រាបលើក្រុមយុវជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងជាដើម។ ចំណែកប្រទេសកុម្មុនីស្តវៀតណាមក៏កំពុងគៀបសង្កត់លើក្រុមដែលមានទស្សនៈផ្ទុយបក្ស កុម្មុនីស្តដូចគ្នានេះដែរ។
នៅប្រទេសមីយ៉ាន់ម៉ាសហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិកំពុងតែថ្កោលទោស រដ្ឋាភិបាលនៃប្រទេសនេះថា កំពុងធ្វើសកម្មភាពសម្លាប់រង្គាល ដោយការបាញ់សម្លាប់ ដុតបំផ្លាញ ភូមិឋាន ធ្វើទារុណកម្ម និង ការរំលោភបំពានផ្លូវភេទលើស្ត្រីនិង កុមារជាទ្រង់ទ្រាយធំលើជនជាតិ ភាគតិចរ៉ុហ៊ីងយ៉ាង។
នៅប្រទេសហ្វីលីពីនក៏កំពុងរងការថ្កោលទោសដែរក្នុងសង្គ្រាមគ្រឿងញៀន ដែលចោទថា លោក ឌូ ទើតេកំពុងសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ រហូតដល់ពេលនេះមានមនុស្សប្រមាណ៤០០០នាក់ ហើយដែលស្លាប់ក្នុងសង្គ្រាមនេះ។
ចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់ថ្ងៃបញ្ចប់ទស្សនកិច្ចលោកដូណល ត្រាំ មិនបានចាប់យកបញ្ហា ទាំងអស់នេះ លើកឡើងដើម្បីជំរុញឲ្យមានដំណោះស្រាយណាមួយសមស្រមនោះទេ ហើយលោក ថែមទាំងសរសើរដល់ការសម្លាប់ក្នុងសង្រ្គាមគ្រឿងញៀននៅហ្វីលីពីនថែមទៀតផង៕
Pdach Mok
Monday, November 13, 2017