Views
ប្រភពវិទ្យុបារាំង ៖ លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតនៅប្រទេសអង់គ្លេស បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល នៅថ្ងៃទី ១៦ វិច្ឆិកា។ ជាថ្ងៃដែលតុលាការកំពូលនឹងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែមន្រ្តីគណបក្សសង្រ្គោះជាតិដែលកំពុងស្ថិតនៅក្នុងប្រទេសបានអះអាងថា គណបក្សគ្មានផែនការធ្វើបាតុកម្មតវ៉ានោះទេ។
តាមរយៈវីដេអូឃ្លីបដែលផ្សាយបន្តនៅលើទំព័រហ្វេសបុករបស់លោក សម រង្ស៊ី កាលពីល្ងាចថ្ងៃទី ១៣ វិច្ឆិកា លោកស្រី មូរ សុខហួរ បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សប្រឆាំងប្រមូលផ្តុំនៅមុខតុលាការកំពូល នៅថ្ងៃទី ១៦ វិច្ឆិកា ជាថ្ងៃដែលតុលាការកំពូល នឹងបើកសវនាការកាត់ក្តីថា តើគណបក្សសង្រ្គោះជាតិ នឹងត្រូវរំលាយឬយ៉ាងណា?
លោកស្រី មូរ សុខហួរ ដែលអះអាងថា កំពុងស្ថិតនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ជាទីដែលលោកស្រីត្រូវជួបជាមួយមន្រ្តីជាន់ខ្ពស់នៃប្រទេសនេះ បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្រ្គោះជាតិប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ដោយពាក់អាវដែលមានរូបសញ្ញារបស់គណបក្ស ដើម្បីបង្ហាញឆន្ទៈរបស់ខ្លួនប្រឆាំងនីតិវិធីរបស់តុលាការកំពូលនេះ។ ប៉ុន្តែមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតនៅក្នុងប្រទេស ធ្លាប់បានអះអាងថា គណបក្សប្រឆាំងគ្មានផែនការជួបជុំគ្នាដើម្បីធ្វើការតវ៉ានោះទេ។
គួរជំរាបជូនថា ដើម្បីបញ្ជៀសការតវ៉ាប្រមូលផ្តុំណាមួយដែលអាចកើតមានឡើងនៅមុខតុលាការកំពូល នៅថ្ងៃទី ១៦ វិច្ឆិកា ដើម្បីដាក់សម្ពាធទៅលើតុលាការនោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានចេញបទបញ្ជាមួយ កាលពីថ្ងៃទី ១៣ វិច្ឆិកា ដោយបានណែនាំឲ្យអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេស ដាក់កម្លាំងត្រៀមប្រចាំការ២៤ម៉ោង ចាប់ពីថ្ងៃទី ១៥ វិច្ឆិកា តទៅ។
ជាវិធានការ ដើម្បីតាមដាននិងដោះស្រាយបញ្ហានានា ដែលនៅក្នុងលិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានចាត់ទុកថា ជាសកម្មភាពពាក់ព័ន្ធនឹងឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា។ ប៉ុន្តែតាមរយៈវីដេអូឃ្លីបជាង១៥នាទីពីទីក្រុងឡុងដ៏ប្រទេសអង់គ្លេស លោកស្រី មូរ សុខហួរ បានរិះគន់ទៅលើវិធានការរបស់អាជ្ញាធរកម្ពុជាដែលត្រៀមដាក់កម្លាំងបង្រ្កាប ទៅលើអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនោះថា ជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះនៅតែអះអាងថា គណបក្សសង្រ្គោះជាតិ មិនមានផែនការធ្វើបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា ដូចការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជានោះទេ។
យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិរូបនេះនៅតែជឿជាក់ថា គេមិនអាចយកកៅអីរដ្ឋសភារបស់គណបក្សសង្រ្គោះជាតិដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋនោះ ទៅចែកគ្នាបាននោះទេ៕
Pdach Mok
Wednesday, November 15, 2017