Views
ប្រភពវាយោ ៖ នៅខណៈនេះ ភាគីទាំងពីរ កម្ពុជា-វៀតណាម កំពុងសម្រុកបោះបង្គោលព្រំដែន ឲ្យបានឆាប់រួចរាល់តាមការចង់បានរបស់មេដឹកនាំប្រទេសទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចុះថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុងគ្រីស្ទានសាន់ ប្រទេសន៍វេស៍ បានសរសេរថា «សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ»។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ថា ទង្វើនេះ ធ្វើឡើងដោយផ្ទុយពីសុឆន្ទៈរបស់ពលរដ្ឋខ្មែរ ផ្ទុយពីទំនៀមទម្លាប់អន្តរជាតិ និងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយជាការធ្វើឡើងដោយរំលោភយន្តការរបស់រដ្ឋសភា ក្នុងសង្គមប្រជាធិបតេយ្យ។
លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវឲ្យបញ្ឈប់ការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម ជាបន្ទាន់ ដោយរង់ចាំរហូតដល់កម្ពុជា មានឯកភាពជាតិ និង មានប្រក្រតីភាពនយោបាយជាមុនសិន។ លោកគូសបញ្ជាក់ថា «ការបោះបង្គោលព្រំដែន ដែលនាំឲ្យមាន មន្ទិលសង្ស័យ និងមិនប្រក្រតីកន្លងមក រដ្ឋាភិបាល រដ្ឋសភាជាតិត្រូវតែពិនិត្យ និងសើរើឡើងវិញ ដើម្បីធានានូវដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងការបញ្ចៀសការរំលោភឈ្លានពានពីវៀតណាម»។
វិទ្យុវាយោនៅព្រឹកនេះ មិនអាចទាក់ទងទៅលោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានទេ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល ហើយលោកស្រីកុយ ពិសី ដែលជាអនុប្រធាន សុំមិនធ្វើការអត្ថាធិប្បាយនោះទេ ដោយប្រាប់ថា កំពុងជាប់រវល់។ រីឯ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ក៏មិនអាចទាក់ទងបានដែរ។
គួរបញ្ជាក់ថា ក្នុងជំនួបរបស់មេដឹកនាំប្រទេសទាំងពីរ ក្នុងពេលប្រជុំកំពូលAPEC កាលពីថ្ងៃទី១១ វិច្ឆិកា នៅទីក្រុងដាណាង ប្រទេសវៀតណាម នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន និងលោកង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានសន្យារួមគ្នាថា នឹងបញ្ចប់ការបោះបង្គោលព្រំដែនគោកឲ្យរួចរាល់នៅឆ្នាំ២០១៨។ មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ឱ្យដឹងថា កម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែនធំនៅខេត្តព្រៃវែងជាមួយខេត្តដុងថាប់ និងខេត្តក្រចេះជាមួយខេត្តប៊ិញភឿក រួចរាល់១០០ភាគរយ ហើយ។ ហើយភាគីទាំងពីរ កំពុងបន្តបោះបង្គោលព្រំដែនបន្ថែមមួយចំនួនទៀត ឲ្យបានចប់នៅដំណាច់ឆ្នាំ២០១៧។
សូមជម្រាបថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែងប្រមាណ ១២៧០គីឡូម៉ែត្រ ហើយបច្ចុប្បន្ន ការបោះបង្គោលព្រំដែនសម្រេចបានប្រមាណ ៨៤ភាគរយហើយ។ ពោលគឺនៅសល់ តែ ១៦ភាគរយទៀតប៉ុណ្ណោះ ដែលភាគីទាំងពីរកំពុងបោះពួយបោះបង្គោលព្រំដែនបំពេញបន្ថែមលឿនទៅមុខ ឲ្យបានឆាប់រួចរាល់ តាមការប្តេជ្ញារបស់មេដឹកនាំប្រទេសទាំងពីរ៕
ប្រភពអាស៊ីសេរី ៖
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន សែន
ដែលបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម
នៅក្នុងកាលៈទេសៈប្រទេសកម្ពុជា គ្មានឯកភាពជាតិ
និងកំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។ អង្គការដដែលបានបង្ហាញទៀតថា
សកម្មភាពបែបនេះ ជាការអនុវត្តផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ចាត់ទុកសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលបានបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ថា
បានអនុវត្តផ្ទុយពីឆន្ទៈប្រជាពលរដ្ឋខ្មែរ
និងផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត
បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៣ ខែវិច្ឆិកា
បានចាត់ទុកការប្ដេជ្ញារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន
និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុងហ្វ៊ុក (Nguyen Xuan Phuc)
ថានឹងបញ្ចប់ការបោះបង្គោលព្រំដែនឲ្យរួចរាល់នៅឆ្នាំ២០១៨
ខាងមុខនោះ គឺជាការនាំឲ្យកម្ពុជា ខាតបង់យ៉ាងធ្ងន់ធ្ងរ។
ការប្ដេជ្ញានេះ
ធ្វើឡើងនៅក្នុងជំនួបមេដឹកនាំទាំងពីរក្នុងអំឡុងពេលប្រជុំកំពូល
អេប៉ិច (APEC) កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តដាណាង
ប្រទេសវៀតណាម។
លោក ម៉ែន ណាត ថ្លែងថា
លោកមិនឯកភាពចំពោះការបង្ខំបោះបង្គោលព្រំដែន រវាងមេដឹកនាំកម្ពុជា
និងវៀតណាម ក្នុងពេលប្រទេសកម្ពុជា មិនទាន់មានឯកភាពជាតិនេះទេ៖
«បើយើងបង្ខំបោះបង្គោលព្រំដែនទាំងតក់ក្រហល់បែបនេះ មានន័យថា
យើងកំពុងបម្រើតាមការចង់បានរបស់វៀតណាម។ បញ្ហានេះ
យើងត្រូវតែរង់ចាំឲ្យកម្ពុជា មានឯកភាពផ្ទៃក្នុងជាតិជាមុនសិន
គឺគ្រប់ភាគីនយោបាយ មិនថាអ្នកជំនាញការព្រំដែន
និងក្រុមអង្គការសង្គមស៊ីវិលទេ
ត្រូវតែមានឱកាសជួបជជែកគ្នាដើម្បីរកដំណោះស្រាយត្រឹមត្រូវរវាងបញ្ហាព្រំដែននេះ
ពីព្រោះរឿងនេះធ្ងន់ធ្ងរណាស់
និងជាហានិភ័យធ្ងន់ធ្ងរណាស់សម្រាប់ជាតិយើង។
ឥឡូវនេះយើងឃើញស្រាប់ហើយ
ប្រទេសទាំងពីរបានបង្ខំបោះបង្គោលព្រំដែនថ្មីៗ ហ្នឹងនៅខេត្តព្រៃវែង
បង្គោលធំ និងនៅខេត្តក្រចេះ បង្គោលធំហ្នឹងគឺបានបោះរួចហើយៗ
នៅបោះបង្គោលរណបមួយចំនួនទៀតហ្នឹង គឺវាមិនជាល្អទេ»។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក វ៉ា គឹមហុង
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និងលោកបណ្ឌិត សុខ ទូច
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ដើម្បីបំភ្លឺជុំវិញការចេញសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
តាមទូរស័ព្ទបានទេ នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី
បានបញ្ជាក់ប្រាប់កាសែតក្នុងស្រុកកាលពីសប្ដាហ៍មុនថា
កម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែនធំ នៅខេត្តព្រៃវែង
ជាមួយខេត្តដុងថាប់ និងខេត្តក្រចេះ ជាមួយខេត្តប៉ិញភឿក រួចរាល់
១០០ភាគរយហើយ
ហើយភាគីទាំងពីរត្រូវបន្តបោះបង្គោលព្រំដែនបន្ថែមមួយចំនួនទៀតឲ្យចប់នៅដំណាច់ឆ្នាំ២០១៧។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាល លោក
ហ៊ុន សែន ឲ្យបញ្ឈប់ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម
ជាបន្ទាប់ដោយរង់ចាំរហូតដល់កម្ពុជា មានឯកភាពជាតិ
និងមានប្រក្រតីភាពនយោបាយជាមុនសិន។
អ្នកឃ្លាំមើលព្រំដែន លោក ម៉ែន ណាត សង្កត់ធ្ងន់ថា
ការបោះបង្គោលព្រំដែនដែលនាំឲ្យមានមន្ទិលសង្ស័យ
និងមិនប្រក្រតីកន្លងមក រដ្ឋាភិបាល រដ្ឋសភា ត្រូវតែពិនិត្យ
និងសើរើឡើងវិញ ដើម្បីធានានូវដែនអធិបតេយ្យ
និងបូរណភាពទឹកដីរបស់កម្ពុជា ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ
និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១
ដែលជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការបញ្ចៀសការរំលោភឈ្លានពានពីវៀតណាម។
លោក ម៉ែន ណាត៖ «បើសិនជារដ្ឋាភិបាលនៅតែធ្វើអ៊ីចឹង
នៅថ្ងៃអនាគតពេលយើងមានរដ្ឋាភិបាលថ្មី
គឺយើងនឹងត្រូវតែទាមទារសើរើឡើងវិញនូវឯកសារព្រំដែនទាំងអស់។
ក្នុងនោះរឿងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ហ្នឹង
ក៏វាមិនត្រឹមត្រូវតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស
និងមិនត្រឹមត្រូវតាមខ្លឹមសារមាត្រា២ និងមាត្រា៥៥
នៃរដ្ឋធម្មនុញ្ញដែរ។ ដូច្នេះរដ្ឋាភិបាល
ត្រូវតែពិចារណាឡើងវិញទៅលើរឿងបោះបង្គោលព្រំដែននេះ
ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជាតិយើង
គឺមិនត្រឹមតែសម្រាប់កូនចៅ លោក ហ៊ុន សែន ឬកូនចៅ លោក ស ខេង នោះទេ
គឺរងគ្រោះទាំងកូនចៅបក្សប្រឆាំង និងបក្សកាន់អំណាច និងបក្សផ្សេង
គឺនឹងទទួលរងនូវផលប៉ះពាល់ដូចគ្នានៅថ្ងៃអនាគត។
ដូច្នេះយើងត្រូវខិតខំនាំគ្នាថែរក្សាបញ្ហាជាតិ»។
ទាក់ទិនបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ្វ៊ុក
នៅក្នុងជំនួបអំឡុងពេលកិច្ចប្រជុំកំពូល អេប៉ិច កាលពីថ្ងៃទី១១
ខែវិច្ឆិកា នាខេត្តដាណាង ប្រទេសវៀតណាម បានសន្យារួមគ្នាថា
នឹងបញ្ចប់ការបោះបង្គោលព្រំដែនឲ្យរួចរាល់នៅឆ្នាំ២០១៨
និងកសាងព្រំដែនរួមគ្នាមួយប្រកបដោយសន្តិភាព និងស្ថិរភាព។
ក្នុងជំនួបដដែលនោះ នាយករដ្ឋមន្ត្រីវៀតណាម សន្យាថា
នឹងបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំខ្លាំងឡើងក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍។
ទំនាក់ទំនងការទូត
និងជំរុញឲ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចពីគ្រប់វិស័យ
ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រជាពលរដ្ឋកម្ពុជា និងវៀតណាម
ឲ្យកាន់តែប្រសើរឡើងទ្វេថែមទៀត៕
Pdach Mok
Tuesday, November 14, 2017