Views
យុគនេះសម័យនេះ នរណា ៗ ក៏មានទូរសព្ទ និង កុំព្យូទ័រដែរ ហើយការថតសំឡេង និង ថតវីដេអូ ចាត់ជារឿងធម្មតារបស់មនុស្សទូទៅ ព្រោះទូរសព្ទ ឬ គ្រឿងថតរូបប្រៀបដូចជាចំណីរអាហាររបស់មនុស្សដូច្នោះ ចង់ថតសំឡេង ឬ ថតវីដេអូពេលណា កន្លែងណាក៏បាន ។
មនុស្សមនាក្នុងលោក គេលែងប្រកាន់ទោសអូសដំណើរគ្នាហើយ ព្រោះយុគសម័យប្រព្រឹត្តទៅដូច្នេះឯង ប៉ុន្តែចំឡែកតែនៅប្រទេសកម្ពុជា ការថតសំឡេង ឬ ថតវីដេអូក្លាយជារឿងខុសច្បាប់ ហើយអាជ្ញាធរដែលថតមនុស្សដទៃនោះមិនខុសច្បាប់ទេឬ? គេឆ្លើយថា មិនខុសទេ ព្រោះមនុស្សនោះប្រព្រឹត្តខុសច្បាប់
ប៉ុន្តែបើមនុស្សទូទៅថតអាជ្ញាធរដែលជាមន្រ្តីសាធារណៈវិញបែរជាចោទប្រកាន់អ្នកថតថាខុសច្បាប់វិញ សព្វថ្ងៃគេមិនដឹងជាប្រើច្បាប់អ្វីឲ្យប្រាកដទេ ព្រោះច្បាប់មិនឈរលើសមភាព ស្រេចតែលើបបូរមាត់របស់អាជ្ញាធរ នេះឬ ដែលហៅថា យុគងងឹតនោះ?
កាលពីយប់ថ្ងៃទី ១៤ វិច្ឆិកា ២០១៧ សមត្ថកិច្ចខណ្ឌមានជ័យរាជធានីភ្នំពេញបានឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី ២ នាក់ យកទៅសួរនាំជុំវិញករណីបង្កើតបន្ទប់សម្រាប់ថតសំឡេង និង កាត់តវីឌីអូ ដោយថា មិនមានច្បាប់អនុញ្ញាត ។
តាមកំណត់ហេតុរបស់សមត្ថកិច្ចខណ្ឌមានជ័យបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនោះនៅក្នុងផ្ទះសំណាក់មួយឈ្មោះ ម៉ារ៉ាឌី ស្ថិតនៅក្នុងខណ្ឌមានជ័យ។ អ្នកទាំងពីរនោះឈ្មោះ អួន ឈិន និង យាង សុជាមេត្តា។
តាមចម្លើយរបស់លោក អួន ឈិន ប្រាប់សមត្ថកិច្ចថា ការបង្កើតបន្ទប់សម្រាប់កាត់តសំឡេង និង វិឌីអូនេះ គឺក្នុងបំណងរៀបចំកន្លែងប្រកបរបរកាត់តរូបថត និង វីឌីអូមង្គលការ ។
ក្រោយការចាប់ខ្លួនមានព័ត៌មានថា អ្នកទាំងពីរនេះ ត្រូវបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់បានដឹងពីចំណាត់ការបន្ទាប់នោះទេ៕
Pdach Mok
Tuesday, November 14, 2017