Views
ប្រភពអាស៊ីសេរី ៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានច្រានចោលភ្លាមៗ នូវការចោទប្រកាន់របស់លោក ហ៊ុន សែន ដែលចោទថា មន្ត្រីទូតអាមេរិក ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ អ្នកវិភាគយល់ឃើញ ថានយោបាយការបរទេស បែបផ្អៀងទៅម្ខាងខ្លាំងបែបនេះ មិនចំណេញដល់ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិនោះទេ។
ឧបការីរងរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក លោក ផាទ្រីក មើហ្វ៊ី (Patrick Murphy) និងឧបការីរងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក និងជានាយកផ្នែកកិច្ចការអាស៊ីរបស់សេតវិមាន លោក ម៉ាត់ ផត់ធីងហ្គើ (Matt Pottinger) ចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ច្រានចោលការចោទប្រកាន់ និងការរិះគន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកលើសហរដ្ឋអាមេរិក និង មន្ត្រីការទូតរបស់អាមេរិកប្រចាំនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍ដែលចេញដោយការិយាល័យ បេសកកម្មអាមេរិកប្រចាំប្រទេសអាស៊ាននេះ លើកឡើង ថាការចោទប្រកាន់ និងរិះគន់ដែលគ្មានមូលដ្ឋានបែបនេះ គឺផ្ទុយពីស្មារតីនៃទំនាក់ទំនងល្អប្រសើរ និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ។
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកឱកាសនៃវេទិកាជំនួបកំពូលអាស៊ាន ថ្លែងខុសចាកឆ្ងាយពីប្រធានបទនៃកិច្ចប្រជុំ ដោយវាយប្រហារសហរដ្ឋអាមេរិក និងមន្ត្រីទូតអាមេរិកប្រចាំនៅកម្ពុជាយ៉ាងចាស់ដៃ នៅចំពោះមុខប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងក្រើនរម្លឹកលោក ដូណាល់ ត្រាំ ឲ្យដាស់តឿនមន្ត្រីថ្នាក់ក្រោមទៀតផង៖ «រដ្ឋការមុនៗ គេបានប្រើប្រាស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ។ យើងខ្ញុំជាជនរងគ្រោះម្តងហើយម្តងទៀត។ ឥឡូវ កំពុងតែបន្តក្លាយជាជនរងគ្រោះ ដោយសារសកម្មភាពរបស់អ្នកខាងក្រោម ដែលដើរខុសបន្ទាត់នយោបាយរបស់ឯកឧត្ដម។ យើងខ្ញុំត្រូវការកសាងច្បាប់ គេមករារាំងការកសាងច្បាប់។ យើងខ្ញុំអនុវត្តច្បាប់របស់ប្រទេស ត្រូវបានគេរារាំង»។
លោក ហ៊ុន សែន ដែលរយៈពេលប៉ុន្មានខែចុងក្រោយនេះ តែងតែវាយប្រហារសហរដ្ឋអាមេរិក មិនលស់ពេលឡើយ ប៉ុន្តែលើកនេះ លោកបែរជាលើកសរសើរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាលក្ខណៈបុគ្គល ពេញៗមាត់ ថាជាមនុស្សអស្ចារ្យ និងជាមនុស្សដែលលោកគោរពបំផុត។ លើកសរសើរលោក ដូណាល់ ត្រាំ បណ្ដើរ លោក ហ៊ុន សែន បង្អាប់មន្ត្រីទូតអាមេរិកបណ្ដើរ ថាលម្អៀង៖ «ចៅរបស់ខ្ញុំត្រូវបានគេបង្ហាត់បង្រៀន ឲ្យស្អប់ឯកឧត្ដម។ នេះបង្ហាញឲ្យឃើញថា ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រឹត ចំពោះបញ្ហានៅកម្ពុជាទេ គឺមិនមានអព្យាក្រឹតទាំងបេក្ខជនប្រធានាធិបតីនៅអាមេរិកខ្លួនឯងតែម្ដង»។
ការណ៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយភាពអាម៉ាស់ ដើម្បីនិយាយរឿងចាកប្រធានបទលួងចិត្តមេដឹកនាំមហាអំណាចសេដ្ឋកិច្ចបែបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា មើលឃើញថា នេះជាការបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន មិនអាចខ្វះការគាំទ្ររបស់អន្តរជាតិបាននោះទេ។ ដោយសារតែ ឥទ្ធិពលនៃសហរដ្ឋអាមេរិកអាមេរិកនេះ ទើបកញ្ញា កឹម មនោវិទ្យា មានសុទិដ្ឋិនិយមថា នឹងមានដំណោះស្រាយ ផ្នែកនយោបាយមួយនាពេលឆាប់ៗខាងមុខ៖ «ចំណុចហ្នឹងជាចំណុចវិជ្ជមាន។ ដោយសារកម្ពុជា ត្រូវការអាមេរិក ត្រូវការអន្តរជាតិហ្នឹងហើយ ទើបគាត់ខំព្យាយាមពន្យល់ និង យកចិត្តអាមេរិក។ យើងឃើញហើយរដ្ឋាភិបាលអាមេរិក គេតបមកវិញ ដោយបដិសេធការចោទគេ ដោយគ្មានមូលដ្ឋាន និងទាមទារឲ្យឈប់ធ្វើទុក្ខបុកម្នេញមកលើបក្សប្រឆាំង អង្គការសង្គមសីវិល និងដោះលែងលោក កឹម សុខា ជាដើម»។
ឧបការីរងរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក លោក ផាទ្រីក មើហ្វ៊ី និងឧបការីរងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក និងជានាយកផ្នែកកិច្ចការអាស៊ីរបស់សេតវិមានលោក ម៉ាត់ ផត់ធីងហ្គើ (Matt Pottinger) បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ មន្ត្រជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទាំងពីរនាក់នេះ ក៏បានសម្ដែងការព្រួយបារម្ភ ជាខ្លាំងចំពោះការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ ពួកគាត់ក៏សង្ឃឹម ថារដ្ឋាភិបាលកម្ពុជា នឹងបន្តឲ្យតម្លៃ លើកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការជួយស្តារលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍ សុខសន្តិភាព និង ការផ្សះផ្សាជាតិនៅកម្ពុជា នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមវិញ លោកសោកស្ដាយដែលថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា យករឿងផ្ទាល់ខ្លួន ទៅនិយាយក្នុងវេទិកាផ្លូវការ ថ្នាក់អន្តរជាតិបែបនេះ។ ប៉ុន្តែ លោកបណ្ឌិត មាស នី មិនភ្ញាក់ផ្អើលពេកទេ ព្រោះតាមការសង្កេតរបស់លោកកន្លងមក ការអំពាវនាវសុំជំនួយពីសហរដ្ឋអាមេរិក ច្រើនតែមិនធ្វើឡើងតាមរយៈសំណើ ជាលាយលក្ខណ៍អក្សរនោះទេ។ ថ្នាក់ដឹកនាំខ្មែរ ច្រើនតែស្រែកអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយ ជាជាងទាក់ទងគ្នាដោយផ្ទាល់៖ «ពេលដែលផ្ញើពាក្យទាក់ទងគ្នាទៅវិញទៅមក ពេលខ្លះបង្កើតភាពស្មុគស្មាញ ក្នុងទំនាក់ទំនង។ ជួនកាលការស្នើសុំ ទៅជាការរិះគន់គ្នា»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសហរដ្ឋអាមេរិកទាំងពីរនាក់ គឺលោក ផាទ្រីក មើហ្វ៊ី និងលោក ម៉ាត់ ផត់ធីងហ្គើ នៅតែបញ្ជាក់ជំហរ ប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជា គឺលោក ប្រាក់ សុខុន ថាសហរដ្ឋអាមេរិក នៅតែចាប់អារម្មណ៍ ក្នុងការគាំទ្រភាពជោគជ័យទៅអនាគតរបស់ប្រទេសកម្ពុជា ប៉ុន្តែអាមេរិក នៅតែសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានការនយោបាយនៅកម្ពុជា ព្រោះរដ្ឋាភិបាលក្រុងភ្នំពេញ កំពុងគាបសង្កត់សេរីភាពសារព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិល និង ក្រុមបក្សប្រឆាំង៕
Pdach Mok
Wednesday, November 15, 2017