Views
ប្រភពវិទ្យុបារាំង ៖ មេដឹកនាំកម្ពុជា-ឡាវ កាលពីថ្ងៃទី ១២ វិច្ឆិកា បានឯកភាពគ្នា ត្រៀមធ្វើការជាមួយអ្នកជំនាញការខាងផែនទីមកពីប្រទេសបារាំង តាមការស្នើសុំនាពេលកន្លងមក។ តាមគម្រោង ភាគីទាំងពីរនឹងស្នើឲ្យមានការបោះបង្គោលបន្ថែមចំនួន ១៤៥ បង្គោល នៅតាមទីកន្លែងណាដែលមានភាពសាំញ៉ាំ។ ការឯកភាពគ្នានេះ គឺធ្វើឡើងនៅក្នុងជំនួបទ្វេភាគី ដែលធ្វើឡើងនៅឯក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ ដែលកំពុងប្រព្រឹត្តទៅនៅឯទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
នៅក្នុងជំនួបទ្វេភាគី ដែលធ្វើឡើងនៅឯក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ ដែលកំពុងប្រព្រឹត្តទៅនៅឯទីក្រុងម៉ានីលប្រទេសហ្វីលីពីន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីស៊ួលីត បានចុះហត្ថលេខាដើម្បីស្នើដល់ភាគីបារាំង ឲ្យបញ្ជួនអ្នកឯកទេសផែនទីនិងព្រំដែន ដើម្បីចូលមកធ្វើការជាមួយភាគីកម្ពុជានិងភាគីឡាវ។ មិនតែប៉ុណ្ណោះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រៀមទទួលស្វាគមន៍អ្នកឯកទេសព្រំដែនពីប្រទេសបារាំង ដើម្បីធ្វើការវាស់វែងខ្សែបន្ទាត់ព្រំដែនដែលនៅសេសសល់។ នេះបើតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីស៊ួលីត កាលពីថ្ងៃទី ១២ វិច្ឆិកា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ ដែលកំពុងប្រព្រឹត្តទៅនៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅក្នុងកិច្ចសន្ទនាគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឲ្យមានការបោះបង្គោលបន្ថែមចំនួន១៤៥បង្គោល ដើម្បីបោះនៅតាមទីកន្លែងណា ដែលមានភាពសាំញុំា និងឲ្យបានញឹក។ ការស្នើសុំនេះ ក៏ទទួលបានការឯកភាពពីនាយករដ្ឋមន្រ្តីឡាវផងដែរ។
គួរជំរាបជូនថា បញ្ហាព្រំដែនកម្ពុជា-ឡាវ បានជួបភាពតានតឹងខ្លាំងនឹងគ្នា កាលពីអំឡុងខែសីហាកន្លងទៅ ដោយសារយោធាឡាវបានចូលមកឈរជើងនៅតំបន់អូអាឡៃ និងអូតាង៉ាវ ស្ថិតក្នុងស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។ ហេតុការណ៍នេះ បានជំរុញឲ្យនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ហោះទៅកាន់ទីក្រុងវៀងច័ន្ទជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
ហើយនៅប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី០១ កញ្ញា នាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីស៊ួលីត ក៏បានហោះមកកាន់ទីក្រុងភ្នំពេញវិញ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ។ នៅក្នុងជំនួប ដែលធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំងលោក អេម៉ានូអ៊ែល ម៉ាក្រុង ដើម្បីឲ្យបញ្ជូនអ្នកជំនាញការព្រំដែនបារាំង មកជួយវាស់វែង និងដោះស្រាយបញ្ហាជម្លោះនៅតាមព្រំដែននេះ។
សូមបញ្ជាក់ថា ក្រៅពីបញ្ហាព្រំដែន មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ ក្នុងការបង្កើនអាហារូបករណ៍សម្រាប់និស្សិតនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន បញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិជាដើម៕
Pdach Mok
Monday, November 13, 2017