Views
ប្រភពអាស៊ីសេរី ៖ តុលាការកំពូលបានសម្រេចចេញសាលដីកាភ្លាមៗ ឲ្យរំលាយបក្សប្រឆាំង ក្រោយបញ្ចប់ការជំនុំជម្រះនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា និងសមាជិកបក្សជាន់ខ្ពស់ជាង១០០នាក់ ត្រូវដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ នៅចំថ្ងៃដែលតុលាការកំពូល កំពុងតែដំណើរក្ដីរឿងរំលាយបក្សប្រឆាំង ព្រះវត្តមានរបស់ព្រះមហាក្សត្រ ដែលព្រះអង្គយាងទៅសោយព្រះក្រយា ក្បែរតុលាការកំពូល បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សាធារណៈ។ អ្នកវិភាគនយោបាយ យល់ឃើញថា ការយាងរបស់ព្រះមហាក្សត្រនៅពេលនេះ ជាសញ្ញាបង្ហាញថា ព្រះអង្គកំពុងខ្វល់ខ្វាយអំពីវិបត្តិនយោបាយដ៏ធំនេះ។
នេះអាចចាត់ទុកថាជាការកម្រ និងជាការគាប់ជួន ដែលព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ ត្រូវបានគេរៀបចំឡើង ផ្នែកខាងក្រៅព្រះបរមរាជវាំង នៅចំថ្ងៃនៃសវនាការជំនុំជម្រះរំលាយបក្សប្រឆាំង លើសំណុំរឿងរំលាយបក្សប្រឆាំង ដែលស្ថិតក្រោមការរិះគន់ និងថ្កោលទោសដ៏ចម្រូងចម្រាសពីសហគមន៍អន្តរជាតិ។
ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រី នរោត្តម មុនីនាថ លោក អ៊ុំ ដារ៉ាវុធ ឲ្យដឹងថា នេះជាការយាងទៅជាធម្មតា របស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលមានព្រះរាជពិធីនៅក្បែរតុលាការកំពូលនេះ។ លោកបន្តថា ការយាងរបស់ព្រះមហាក្សត្រនេះ លោកពុំបានដឹងពីមូលហេតុច្បាស់លាស់ទេ ប៉ុន្តែនៅថ្ងៃដែលតុលាការកំពូលកំពុងកាត់ក្ដី រំលាយបក្សប្រឆាំង ព្រះអង្គទាំងទ្វេ ក៏មានព្រះរាជពិធីនៅក្នុងភោជនីយដ្ឋានមួយ ស្ថិតនៅផ្នែកខាងក្រោយនៃតុលាការកំពូលនេះដែរ។ បើទោះជាបែបណា លោក អ៊ុំ ដារ៉ាវុធ បានបដិសេធថា លោកពុំបានដឹងពីទឹកព្រះទ័យរបស់ព្រះមហាក្សត្រ ចំពោះទិដ្ឋភាពនយោបាយនៅពេលនេះទេ។
លោក ឌិត មុន្ទី ជាប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងរឿងក្តីនេះផង ហើយជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាថែមទៀតនោះ បានសម្រេចចេញសាលដីកា ឲ្យរំលាយបក្សប្រឆាំងភ្លាមៗ ក្រោយបញ្ចប់ការជំនុំជម្រះ។ ក្រៅពីនេះ អំណាចសាលដីកាដែលបិទផ្លូវតវ៉ានេះ ក៏បានហាមមិនឲ្យសមាជិកចំនួន ១១៨រូប របស់គណបក្សសង្គ្រោះជាតិ ធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ ព្រះអង្គបានយាងទៅសោយព្រះក្រយា នៅក្នុងហាងមួយឈ្មោះ មាលា (Mealea) ដែលជាភោជនីយដ្ឋាន របស់សម្ដេចព្រះអរុណរស្មី។ ការយាងចេញពីព្រះបរមរាជវាំង សម្រាប់ព្រះរាជពិធីនៅខាងក្រៅនេះ វាហាក់គាប់ជួន ទៅនឹងព្រឹត្តិការណ៍កាត់ក្ដីរំលាយបក្សប្រឆាំង ដោយតុលាការកំពូល។ សំណុំរឿងរំលាយបក្សប្រឆាំង ដែលក្រសួងមហាផ្ទៃដើរតួជាដើមបណ្ដឹងនេះ បានប្រើប្រាស់ចៅក្រម ហូតដល់ ៩នាក់។ នេះជាសវនាការ ដ៏កម្រ និងពុំដែលមាន ក្នុងពេលកន្លងទៅ ខណៈដែលចៅក្រមមួយចំនួនកាន់រឿងក្ដីនេះ មានតួនាទីនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជាផង។
ពាក់ព័ន្ធនឹងព្រះវត្តមានព្រះមហាក្សត្រវិញ គេកម្រឃើញព្រះភក្ត្រព្រះមហាក្សត្រ និងព្រះទីនាំងរបស់ព្រះអង្គ សម្រាប់ព្រះរាជកិច្ចជាលក្ខណៈឯកជន នៅខាងក្រៅព្រះបរមរាជវាំងណាស់។ អ្នកវិភាគនយោបាយ យល់ឃើញថា វត្តមានរបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅពេលនេះជាសញ្ញាបង្ហាញថា ព្រះអង្គហាក់ខ្វល់ខ្វាយ ពីវិបត្តិនយោបាយនៅកម្ពុជា កាន់តែដុនដាបទៅៗ។ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ត្រូវរងការរិះគន់ថា ព្យាយាមបង្កើត និងធ្វើវិសោធនកម្មច្បាប់ដើម្បីកម្ទេចសំឡេងប្រឆាំង។ ប៉ុន្តែទាំងលោក ហ៊ុន សែន និងមន្ត្រីរបស់លោក ជាញឹកញាប់តែងថ្លែងការពារថា ការអនុវត្តដូចនេះគឺដើម្បីថែរក្សាសុខសន្តិភាពប៉ុណ្ណោះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានរិះគន់ខ្លាំងៗ ទៅលើចំណាត់ការផ្លូវច្បាប់របស់ រដ្ឋាភិបាល ទៅលើគណបក្សសង្គ្រោះជាតិនៅពេលនេះ។ អ្នកខ្លះបានប្រៀបធៀបការកម្ទេចសំឡេងគាំទ្រប្រឆាំងជាង ៣លាននាក់ ដោយមិនបង្ហូរឈាមមួយដំណក់ ស្រដៀងគ្នាទៅនឹងការសម្លាប់ពលរដ្ឋនៅក្នុងរបបខ្មែរក្រហមដែរ៕
Pdach Mok
Friday, November 17, 2017