Views
ប្រភពអាស៊ីសេរី ៖ ក្រុមអង្គការអន្តរជាតិល្បីឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ នាំគ្នាថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងចាស់ដៃ ក្រោយការរម្លាយគណបក្សប្រឆាំង។ អង្គការទាំងនោះ ក្រៅពីហៅការរម្លាយនេះជាសោកនាដកម្ម និងមរណភាពជាស្ថាពរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពួកគេអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្ទាន់ និងកុំឲ្យទទួលស្គាល់ដំណើរការ និងលទ្ធផលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខនេះ ជាដាច់ខាត បើសិនជាពុំមានដំណោះស្រាយនយោបាយរួមណាមួយនោះ។
ប្រតិកម្មធ្ងន់ៗថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងចាស់ដៃជុំវិញចំណាត់ការចុងក្រោយក្នុងការរម្លាយគណបក្សសង្គ្រោះជាតិ ធ្លាក់មកជាហូរហែរ ដោយមិនបង្អែរបង្អង់យូរ ភ្លាមៗក្រោយពេលតុលាការកំពូល ប្រកាសរម្លាយចោលគណបក្សប្រឆាំងធំជាងគេ និងដ៏មានប្រជាប្រិយភាពនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ។ ព័ត៌មានអំពីការសម្រេចរម្លាយគណបក្សដែលមានប្រជាជនគាំទ្រជាងមួយចំហៀងប្រទេសមួយនេះ ហើយដែលមិនធ្លាប់មានពីមុនមកនេះ និងក្រោមការយាមកាមយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់អាជ្ញាធរលោក ហ៊ុន សែន បានក្លាយជាប្រធានបទនៃការថ្កោលទោស និងរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមអង្គការអន្តរជាតិធំៗទាំងនេះ រួមមានអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក្រុមសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) និងគណៈកម្មាការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists-ICJ) ជាដើម។
មន្ត្រីផ្នែកយុទ្ធនាការនៃអង្គការឃ្លាំមើលពិភពលោក អ្នកស្រី អេម៉ា ប៊ឺណេត (Emma Burnett) ថ្លែងថា ការរម្លាយគណបក្សប្រឆាំងនៅកម្ពុជា ស្តែងឲ្យឃើញពីសោកនាដកម្ម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ប៉ុណ្ណោះនោះទេ ប៉ុន្តែសម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានធ្វើការអស់រយៈពេលជាច្រើនទសវត្សរ៍ក្នុងការជួយកសាង និងស្រោចស្រង់ប្រទេសកម្ពុជា ឡើងវិញ ឲ្យងើបចេញពីភាពខ្ទេចខ្ទាំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
មន្ត្រីអង្គការឃ្លាំមើលពិភពលោកដដែលនេះថា ទឹកប្រាក់ជំនួយរាប់កោដិដុល្លារអាមេរិក ត្រូវបានចំណាយដល់ការគាំទ្រប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធប្រជាធិបតេយ្យមួយដែលផ្អែកលើគោរពនីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។ ព័ត៌មានអំពីការរម្លាយគណបក្សសង្គ្រោះជាតិនេះ បង្ហាញឲ្យឃើញថា គម្រោងកសាងលទ្ធិប្រជាធិបតេយ្យនេះ ត្រូវបានបរាជ័យទាំងស្រុង ខណៈដែលប្រទេសកម្ពុជា កំពុងធ្លាក់ចូលទៅក្នុងរណ្តៅនៃរបបផ្តាច់ការតែម្តង។ អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស បានចំណាយពេលជាង ២០ឆ្នាំ ធ្វើយុទ្ធនាការដើម្បីបញ្ចប់អំពើពុករលួយ ដែលបានធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអត្ថប្រយោជន៍នៃការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
អ្នកស្រីគូសបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សាច់សាលោហិត និងក្រុមអាម៉ីអាថោងរបស់ពួកគេបានប្រើប្រាស់មុខតំណែង និងអំណាចដោយខុសច្បាប់រឹបអូសយកដីធ្លីពីប្រជាជនទន់ខ្សោយ ហើយបានលួចប្លន់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា រួមទាំងធនធានព្រៃឈើ និងធនធានរ៉ែដទៃទៀតនៃប្រទេសនេះ។ ជាលទ្ធផល ទ្រព្យសម្បត្តិយ៉ាងមហាសាល និងអំណាចគ្រប់គ្រងប្រទេស ត្រូវស្ថិតក្នុងកណ្តាប់ដៃក្រុមវរជនមួយក្តាប់តូច ខណៈដែលប្រជាជនភាគច្រើនកំពុងតស៊ូចិញ្ចឹមជីវិត និងក្រុមគ្រួសាររបស់ពួកគេ។ ប្រជាជនសរុបជាង ៨សែននាក់ បានទទួលរងគ្រោះដោយសារអំពើជម្លៀសចេញដោយបង្ខំពីសំណាក់ក្រុមមន្ត្រីដ៏មានអំណាច និងឥទ្ធិពលទាំងនេះ។
អ្នកស្រី អេម៉ា ប៊ឺណេត បន្តថា អ្វីដែលយើងកំពុងមើលឃើញសព្វថ្ងៃនេះ គឺជាចំណាត់ការនៃរបបមួយដែលកំពុងតែច្បាមយកអំណាច និងធនធានសព្វគ្រប់បែបយ៉ាងក្នុងគ្រប់រូបភាពទាំងអស់យ៉ាងសាហាវជាទីបំផុត។ ប្រជាជនកម្ពុជា កំពុងតែដង្ហោយហៅរកអន្តរាគមន៍ពីសំណាក់សហគមន៍អន្តរជាតិ។ ហេតុដូច្នេះ រដ្ឋាភិបាលបរទេសនានា ត្រូវទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលសេចក្ដីសម្រេចរម្លាយគណបក្សសង្គ្រោះជាតិនេះ ហើយថា ការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកស្រីសង្កត់ធ្ងន់ៗថា ក្រុមមន្ត្រីពុករលួយគ្រាក់ៗទាំងនេះ ត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ចំពោះទង្វើដែលពួកគេបានប្រព្រឹត្ត។ អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស ស្នើថា ប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានបំពេញនោះទេ សហគមន៍អន្តរជាតិ ត្រូវដាក់នូវទណ្ឌកម្មសំដៅប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរបបរបស់លោក ដោយត្រូវរារាំងក្រុមជនទាំងនេះមិនឲ្យធ្វើដំណើរចូល និងចំណាយទឹកប្រាក់ដែលពួកគេទទួលបានមកដោយខុសច្បាប់នៅលើទឹកដីបរទេសឡើយ។
ដោយឡែក នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ក៏ថ្លែងថ្កោលទោសសេចក្ដីសម្រេចរបស់តុលាការកំពូលនេះដែរ។
លោក ហ្វីល រ៉ូប៊ឺតសុន លើកឡើងថា សេចក្ដីសម្រេចរបស់តុលាការកំពូលនេះ គឺជាផែនការប៉ុនប៉ងជាយូរមកហើយរបស់លោក ហ៊ុន សែន ក្នុងការធានាយកជ័យជម្នះការបោះឆ្នោតនៅឆ្នាំក្រោយនេះឲ្យខាងតែបាន។ លោកបន្តថា នេះជាមរណភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាការសម្លាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក ហ្វីល រ៉ូប៊ឺតសុន អំពាវនាវឲ្យប្រទេសជប៉ុន និងសហភាពអឺរ៉ុប ត្រូវចាត់វិធានការពីឥឡូវនេះភ្លាម ដោយត្រូវប្រកាសផ្ដាច់ជំនួយបច្ចេកទេស និងជំនួយផ្នែកបោះឆ្នោត។ លោកក៏អំពាវនាវឲ្យប្រទេសដទៃទៀតចាប់ផ្ដើមដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងមេបញ្ជាការទ័ពដែលមានបាតដៃប្រឡាក់ឈាម និងប្រព្រឹត្តអំពើពុករលួយ។
បន្ថែមពីលើនេះ នាយកអង្គការលើកលែងទោសអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក ជេម ហ្គោម៉េស (James Gomez) ថ្លែងថា សេចក្តីសម្រេចរបស់តុលាការកំពូលរម្លាយគណបក្សប្រឆាំងធំជាងគេនៅកម្ពុជានេះ គឺមិនត្រឹមតែជាសកម្មភាពបង្ក្រាបផ្នែកនយោបាយដោយឥតលាក់លៀមប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំលោភសេរីភាពនៃការប្រមូលផ្តុំ និងជាការរំលោភសិទ្ធិបញ្ចេញមតិក្នុងប្រទេសកម្ពុជា ថែមទៀតផង។
លោកថា ការណ៍ដែលតុលាការកំពូលបានសម្រេចហាមប្រាមមិនឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួនជាង ១០០នាក់ ធ្វើនយោបាយរយៈពេល ៥ឆ្នាំនេះ គឺជាបន្ទុកបន្ថែមស្តែងឲ្យឃើញពីអំពើអយុត្តិធម៌ដែលមានស្រាប់នេះ។ លោកថ្លែងថា ឆ្នាំ២០១៧ នេះ មានភស្តុតាងជាច្រើនបង្ហាញឲ្យឃើញអំពីរបៀបដែលប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា ត្រូវបានគេយកមកប្រើប្រាស់ធ្វើជាកូនជឹងរបស់ស្ថាប័ននីតិប្រតិបត្តិ និងជាឧបករណ៍នយោបាយដើម្បីបំបិទមាត់ក្រុមអ្នករិះគន់ប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា។
សម្រាប់ក្រុមសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ពួកគេបានហៅចំណាត់ការរម្លាយគណបក្សសង្គ្រោះជាតិនេះថា ជាការផ្ដួលរំលំសសរស្ដម្ភចុងក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានបណ្តាលឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងយុគសម័យថ្មីមួយក្រោមការគ្រប់គ្រងតាមរបៀបឯកបក្ស។
ក្រុមសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស អំពាវនាវឲ្យសហគមន៍អន្តរជាតិ លុបចោលការចូលរួមក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ ដោយសារថា ការរម្លាយចោលគណបក្សសង្គ្រោះជាតិនេះ គឺជាការប្លន់សន្លឹកឆ្នោត និងភាពស្របច្បាប់ទាំងស្រុងតែម្តង របស់គណបក្សកាន់អំណាច។
ប្រធានក្រុមតំណាងរាស្ត្រនៃសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា នេះ ភ្លាមៗក្រោយពេលតុលាការកំពូល សម្រេចរម្លាយគណបក្សសង្គ្រោះជាតិនេះ ថា តុលាការកំពូល បានបិទបញ្ចប់ការសម្លាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ជាស្ថាពរ។ សេចក្ដីសម្រេចនេះ មិនត្រឹមតែបណ្ដាលឲ្យប្រទេសនេះលែងមានវត្តមានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយនេះនៅក្នុងរយៈពេលមិនដល់មួយឆ្នាំមុនពេលបោះឆ្នោតជាតិ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែកក្កដា ខាងមុខនេះតែប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏បានបណ្តាលឲ្យអន្តរាយទាំងស្រុងដល់ក្របខ័ណ្ឌស្ថាប័នជាតិកំពូលៗ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ជារួមផងដែរ។
លោក ឆាលស៍ សាន់ទីយ៉ាហ្គោ បន្ថែមថា រឿងរ៉ាវដែលជាក់ច្បាស់មែនទែននោះគឺថា គណបក្សសង្គ្រោះជាតិ ត្រូវបានគេរម្លាយចោលមិនមែនដោយសារតែគណបក្សនេះបានបំពានច្បាប់ណាមួយនោះឡើយ ក៏ប៉ុន្តែគឺដោយសារហេតុផលដែលគណបក្សនេះទទួលបានភាពល្បីល្បាញលើសលប់ដែលអាចជាការគម្រាមដល់ការដឹកនាំរបស់គណបក្សកាន់អំណាច។ លោកថា ជាថ្មីម្ដងទៀត ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្តែងឲ្យឃើញថា វត្ថុបំណងចម្បងរបស់ខ្លួនគឺមិនមែនដើម្បីយុត្តិធម៌ពិតប្រាកដនោះទេ ក៏ប៉ុន្តែគឺដើម្បីតែបន្តបុព្វសិទ្ធិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅថ្ងៃខាងមុខទៀតតែប៉ុណ្ណោះ។
សេចក្ដីសម្រេចរបស់តុលាការកំពូលនៅថ្ងៃនេះ ធ្វើឡើងឆ្លើយតបទៅនឹងបណ្តឹងស្នើសុំរម្លាយគណបក្សសង្គ្រោះជាតិ ប្តឹងដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែតុលា ក្រោមការចោទថា គណបក្សនេះបានរំលោភច្បាប់ស្ដីពីគណបក្សនយោបាយ និងវិសោធនកម្មពាក់ព័ន្ធ ដែលរដ្ឋសភាបានអនុម័តកាលពីខែកុម្ភៈ និងកក្កដា កន្លងទៅនេះ។
វិសោធនកម្មលើច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត អនុម័តយ៉ាងប្រញាប់ប្រញាល់កាលពីប៉ុន្មានខែមុននេះ ដោយរដ្ឋសភាជាតិ និងព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យគណបក្សនេះ បែងចែកអាសនៈគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សដទៃទៀត ដែលពុំបានទទួលសំឡេងគាំទ្រជាដុំកំភួននៅក្នុងការបោះឆ្នោតជាតិកាលពីពេលកន្លងទៅ។ វិសោធនកម្មទាំងនេះ ក៏អនុញ្ញាតឲ្យគណបក្សកាន់អំណាចដណ្ដើមយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ចំនួនជាង ៥ពាន់អាសនៈផងដែរ។ សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស បានហៅវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទាំងនេះ ថាជាច្បាប់ប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យបាត់បង់ទំនុកចិត្តចំពោះស្ថាប័នជាតិក្នុងប្រទេសកម្ពុជា។
លោក ថម វីឡារីន (Tom Villarin) សមាជិកមួយរូបនៃក្រុមសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស និងជាសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន ថ្លែងថា គ្រប់ស្ថាប័នទាំងអស់របស់ប្រទេសកម្ពុជា បានចូលដៃចូលជើងគ្នាជាប្រព័ន្ធក្នុងការធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលនេះស្តែងឲ្យឃើញថា ស្ថាប័នអស់ទាំងនេះ គឺស្ថិតក្នុងកណ្ដាប់ដៃក្ដោបក្ដាប់យ៉ាងណែនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ថម វីឡារីន បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការភ័យខ្លាចថា រូបលោកនឹងចាញ់ការបោះឆ្នោតជាតិ ខាងមុខនេះ ដូច្នេះហើយចៀសជាងខិតខំប្រឹងប្រែងធ្វើល្អដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ លោក ហ៊ុន សែន បានសម្រេចកែប្រែល្បែងនៃការប្រកួតប្រជែង។ សមាជិកព្រឹទ្ធសភាហ្វីលីពីន រូបនេះបន្តថា ការរម្លាយគណបក្សប្រឆាំងមានន័យស្មើនឹងការរម្លាយលទ្ធិប្រជាធិបតេយ្យដែរ។ ការណ៍នេះ បណ្តាលឲ្យការបោះឆ្នោតខាងមុខនេះលែងមានភាពស្របច្បាប់ ហើយរុញច្រានឲ្យប្រទេសកម្ពុជា ឲ្យធ្លាក់ចុះក្នុងរណ្តៅប្រកបដោយភាពគ្រោះថ្នាក់។
នៅចុងបញ្ចប់នៃសេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សដដែលនេះ លោក ឆាលស៍ សាន់ទីយ៉ាហ្គោ សង្កត់ធ្ងន់ៗថា ខណៈដែលមានការរម្លាយគណបក្សសង្គ្រោះជាតិនេះ ក្តីសង្ឃឹមមួយអំពីការបោះឆ្នោតជាតិឆ្នាំ២០១៨ ថានឹងធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក៏ត្រូវបានរលាយសាបសូន្យទៅជាមួយគ្នាដែរ។
លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ត្រូវប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ឲ្យច្បាស់ ដោយធ្វើការបដិសេធមិនទទួលស្គាល់ដំណើរការបោះឆ្នោតណាមួយឡើយ ប្រសិនណាបើមិនមានជំហានជាដំណោះស្រាយបន្ទាន់ណាមួយកែប្រែស្ថានភាពនេះឲ្យវិលត្រឡប់មកដូចដើមវិញនោះទេ។ លោកថា ជំហានជាដំណោះស្រាយទាំងនោះ ត្រូវរួមបញ្ចូលនូវការត្រឡប់មកអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ មានវត្តមានធ្វើនយោបាយឡើងវិញ ការដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ និងការបញ្ចប់ទៅនូវរាល់ទម្រង់ធ្វើទុក្ខបុកម្នេញគ្រប់សព្វបែបយ៉ាងមកលើសង្គមស៊ីវិល សមាជិកគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ។
ដោយឡែកក្នុងសេចក្ដីថ្លែងការណ៍របស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ ចេញថ្ងៃទី១៦ វិច្ឆិកា នេះ គណៈកម្មការនេះ គូសបញ្ជាក់ថា ការណ៍ដែលតុលាការកំពូលសម្រេចប្រកាសរម្លាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ ធ្វើឲ្យកម្តៅនៃវិបត្តិសិទ្ធិមនុស្ស និងនីតិរដ្ឋនៅប្រទេសកម្ពុជា កាន់តែកើនឡើងខ្លាំង។
ទីប្រឹក្សាផ្នែកច្បាប់អន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់គណៈកម្មាការអ្នកច្បាប់អន្តរជាតិ លោក ឃីងស្លី អាបុត្រ (Kingsley Abbott) ថ្លែងថា តាមរយៈការរម្លាយគណបក្សប្រឆាំងធំជាងគេនេះ និងការហាមប្រាមមិនឲ្យថ្នាក់ដឹកនាំចំនួន ១១៨រូប របស់គណបក្សសង្គ្រោះជាតិ ធ្វើនយោបាយរយៈពេល ៥ឆ្នាំនេះ តុលាការកំពូលបានជ្រៀតជ្រែកលើសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់មិនឲ្យពួកគេអាចធ្វើការជ្រើសរើសតំណាងនយោបាយរបស់ពួកគេ និងបោះឆ្នោតឲ្យអ្នកតំណាងរបស់ពួកគេទាំងនេះបាន នៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។ លោកបន្តថា ការណ៍ដែលច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានគេធ្វើវិសោធនកម្មដើម្បីអនុញ្ញាតឲ្យតុលាការកំពូល រម្លាយគណបក្សសង្គ្រោះជាតិនេះ ស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់ថា ដំណើរការផ្លូវច្បាប់ទាំងមូល គឺគ្មានអ្វីក្រៅតែជាឆាកល្ខោននយោបាយដែលផ្ទុយពីគោលការណ៍សិទ្ធិមនុស្ស និងនីតិរដ្ឋ។
លោក ឃីងស្លី អាបុត្រ ថ្លែងបន្តថា នេះគឺជាការចម្អកឡកឡឺយដល់ប្រព័ន្ធយុត្តិធម៌ដែលប្រធានតុលាការកំពូល គឺជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគេអនុញ្ញាតឲ្យអង្គុយកាត់ក្តីលើសំណុំរឿងរម្លាយគណបក្សប្រឆាំងនេះ ដែលការណ៍នេះ គឺជាទំនាស់អត្ថប្រយោជន៍ដ៏ធ្ងន់ធ្ងរមួយ។
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការអ្នកច្បាប់អន្តរជាតិដដែលនេះ គូសបញ្ជាក់ថា រាល់ក្តីបារម្ភនានាដែលបានលើកឡើងមកនេះ គឺដូចគ្នាទៅនឹងរបកគំហើញរបស់គណៈកម្មការនេះ ដែលបានចេញផ្សាយក្នុងរបាយការណ៍មួយរបស់ខ្លួន កាលពីខែតុលា។ គណៈកម្មការនេះរកឃើញថា ប្រទេសកម្ពុជា កំពុងតែប្រើប្រាស់ច្បាប់ ធ្វើជាអាវុធមុខពីរក្នុងគោលដៅដើម្បីបំបិទមាត់ក្រុមអ្នករិះគន់ប្រឆាំង និងជីករម្លើងកម្ទេចលទ្ធិប្រជាធិបតេយ្យចោលតែម្តង តាមរយៈចៅក្រម និងព្រះរាជអាជ្ញា ដែលសុទ្ធតែជាក្រុមមនុស្សខ្វះឯករាជ្យ។
របាយការណ៍វាយតម្លៃជាមូលដ្ឋានរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ ស្ដីពី «ការធ្វើឲ្យសម្រេចបាននូវប្រព័ន្ធយុត្តិធម៌សម្រាប់ស្ថានភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា» ចេញផ្សាយថ្ងៃទី១៨ ខែតុលា គូសបញ្ជាក់ថា បញ្ហាចុងក្រោយចម្បងបំផុតមួយដែលប្រព័ន្ធច្បាប់កម្ពុជា កំពុងតែជួបប្រទះនៅពេលនេះ គឺកង្វះឯករាជភាពនៃអង្គចៅក្រម និងព្រះរាជអាជ្ញាដែលអព្យាក្រឹត ស្របពេលដែលមានការជ្រៀតជ្រែកផ្នែកនយោបាយដ៏រ៉ាំរ៉ៃជាប្រព័ន្ធក្នុងសំណុំរឿងរសើបនានា រួមផ្សំជាមួយប្រព័ន្ធពុករលួយ ចាក់ឫសគល់លើគ្រប់វិស័យ។
ជាចុងក្រោយ លោក ឃីងស្លី អាបុត្រ សង្កត់ធ្ងន់ៗថា ការរម្លាយគណបក្សសង្គ្រោះជាតិ នៅពេលនេះ ជាការបញ្ជូនសារដ៏ជាក់ច្បាស់មួយទៅកាន់សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបថា បន្ទាត់ក្រហមមួយត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ដើរឆ្លងហួស ដែលការណ៍នេះ ចាំបាច់តម្រូវឲ្យមាននូវការកោះប្រជុំជាបន្ទាន់ឡើងវិញ ពីសំណាក់បណ្តាភាគីអន្តរជាតិពាក់ព័ន្ធនានា ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហាវិបត្តិសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ដែលជាកិច្ចការចំពោះមុខដ៏បន្ទាន់បំផុត៕
Pdach Mok
Thursday, November 16, 2017