Views
ប្រភពវិទ្យុបារាំង ៖ លោកដូណាល់ ត្រាំ បានបន្តដំណើរនៅរសៀលថ្ងៃអាទិត្យនេះ ទៅដល់ប្រទេសហ្វីលីពីន ដែលដំណាក់កាលចុងក្រោយនៃទស្សនកិច្ចមួយជុំនៅអាស៊ីរបស់លោក។ លោកប្រធានាធិបតីអាមេរិកត្រូវស្ថិតនៅក្នុងក្រុងម៉ានីល រហូតដល់ថ្ងៃអង្គារដើម្បីចូលរួមជាកិត្តិយសក្នុងជំនួបកំពូលអាស៊ាន។ នៅថ្ងៃចន្ទស្អែកលោកត្រាំ ត្រូវទទួលជួបមួយទល់នឹងមួយដោយប្រធានាធិបតីហ្វីលីពីន លោក ឌុយទែរតេ។ ជាជំនួបផ្លូវការដែលគេរង់ចាំមើលបំផុត ព្រោះមេដឹកនាំទាំងពីរ មានអត្តចរិកប្រហាក់ប្រហែលគ្នា និងជាអ្នកប្រជាភិថុតិបែបថ្មីដូចគ្នា។
អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានជំរុញឱ្យលោកត្រាំ ឱ្យសហរដ្ឋអាមេរិកប្រើឥទ្ធិពលរបស់ខ្លួនជាមហាអំណាច និងពេលកំពុងបង្ហាញវត្តមានផ្ទាល់លើទឹកដីហ្វីលីពីន ដាក់សម្ពាធលើរដ្ឋាភិបាលក្រុងម៉ានីល ឱ្យបង្ហាញតុល្យការស្តីពីបញ្ហាសិទ្ធិមនុស្ស និងលាតត្រដាងឱ្យបានច្បាស់លាស់អំពី យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលបានសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់។
ប៉ុន្តែ រឿងសិទ្ធិមនុស្ស និងសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលជាប្រធានបទដ៏រសើបបំផុតរបស់ហ្វីលីពីន ទំនងជានឹងមិនត្រូវបានលើកមកជជែកនៅក្នុងជំនួបរវាងលោកត្រាំ និងលោក ឌុយទែរតេ នៅថ្ងៃស្អែកនេះទេ ! នេះបើគេជឿលើប្រសាសន៍របស់លោកឌុយទែរតេ ដែលបានប្រកាសផ្ទាល់មាត់លោកតែម្តង។
លោកឌុយទែរតេ មិនត្រូវការនិយាយអំពីសិទ្ធិមនុស្ស
ត្រលប់មកពីវៀតណាម ទីដែលលោកឌុយទែរតេ ឆ្លៀតបានជួបលោកត្រាំមួយភ្លែត ដំបូង កាលពីថ្ងៃសៅរ៍ម្សិលមិញនោះ លោកប្រធានាធិបតីហ្វីលីពីន បានអះអាងប្រាប់អ្នកសារព័ត៌មាន ប្រកបដោយភាពជឿជាក់ថា លោកត្រាំនឹងមិនលើកបញ្ហាសិទ្ធិមនុស្សមកជជែកសួរលោកទេ ! ផ្ទុយទៅវិញលោកត្រាំមានតែបានលើកទឹកចិត្ត សរសើរអំពីចំណាត់ការល្អរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងសង្គ្រាមប្រឆាំងនឹងការជួញដូរគ្រឿងញៀន ព្រមទាំងប្រតិបត្តិការយោធាកម្ចាត់ពួកជីហាតស្និទ្ធនឹងអង្គការរដ្ឋអ៊ីស្លាមនៅភាគខាងត្បូបប្រទេសហ្វីលីពីន។
នៅក្នុងជំនួបកំពូលAPEC នៅដាណាងម្សិលមិញនេះ លោក ឌុយទែរតេ បានត្រលប់ជាថ្មីមកនិយាយអួតអាងអំពីទង្វើរបស់លោកកាលពីនៅជំទង់ ដាល់គេរហូតស្លាប់ម្នាក់។ តែលោកត្រាំ ដែលមានវត្តមានដែរនោះ មិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ លោកត្រាំស្ងាត់តែរហូតមក សូម្បីតែនៅពេលហ្វីលីពីន គំរាមហាមឃាត់មិនឱ្យតំណាងសភាអាមេរិកចូលជាន់ទឹកដីហ្វីលីពីន ព្រោះអ្នកទាំងនោះបានរិះគន់នយោបាយប្រឆាំងគ្រឿងញៀនរបស់ហ្វីលីពីន ក៏លោកត្រាំមិនរង្គើចេញសកម្មភាពអ្វីដែរ។
សង្គ្រាមគ្រឿងញៀន របស់លោកឌុយទែរតេ បានធ្វើឱ្យទំនាក់ទំនងអាមេរិក-ហ្វីលីពីនធ្លាក់ចុះយ៉ាងខ្លាំង ក្នុងសម័យលោកអូបាម៉ា និងទើបបានប្រសើរឡើងវិញបន្តិចនៅពេលលោកត្រាំ ឡើងកាន់អំណាច និងបានបង្ហាញជំហរស្វាគមន៍លោកឌុយទែរតេម្តងកាលពីខែមេសា ថាហ្វីលីពីនធ្វើការល្អក្នុងប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកត្រាំក៏ស្ងាត់ ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ានដែលត្រូវមកជួបជុំគ្នានៅទីក្រុងម៉ានីល ក៏ស្ងាត់។ គ្រប់គ្នាហាក់នាំគ្នានៅស្ងៀម បិទភ្នែកធ្វើមិនដឹងមិនឮរឿងបញ្ហាសិទ្ធិមនុស្សនៅហ្វីលីពីននេះ។ នេះជាសម្រែកសោកស្តាយសមាគមនិងអង្គការការពារសិទ្ធិមនុស្ស។
សមុទ្ទចិនខាងត្បូង
ផ្ទុយទៅវិញ បញ្ហាសមុទ្ទខាងត្បូង ជាចំណោទផ្សេង។ លោកត្រាំប្រហែលជាមិនរំលងប្រធានបទនេះជាមួយនឹងហ្វីលីពីនទេ ! នៅក្នុងជំនួបជាមួយប្រធានាធិបតីវៀតណាម នៅទីក្រុងហាណូយ លោក ត្រាំ បានស្នើខ្លួនធ្វើជាអន្តរការី ក្នុងជម្លោះដណ្តើមបូរណភាពដែនដីសមុទ្ទចិនខាងត្បូង រវាងចិននិងវៀតណាម។ តើអាមេរិកគិតយ៉ាងណាទៅវិញជាមួយហ្វីលីពីនរបស់លោកឌុយទែរតេ ដែលខំងាកទៅស្រវាអោបចិនដើម្បីបានជំនួយវិនិយោគ ដោយសុខចិត្តលែងប្រឈមនឹងវិបត្តិនៅសមុទ្ទចិនខាងត្បូង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ លោក ឌុយទែរតេ ហាក់ដូចជាដកខ្លួនឱ្យឃ្លាតបន្តិចវិញ ពី “មហាមិត្ត” ស៊ីជីនពីង៕
Pdach Mok
Sunday, November 12, 2017