Views
ប្រភពវិទ្យុបារាំង ៖ ចិនសន្យាថានឹងជួយឱ្យអស់លទ្ធភាពដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាឱ្យបានឆាប់រហ័ស។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីចិន លី កឺឈៀង ក្នុងឱកាសជំនួបទ្វេភាគីកម្ពុជា-ចិនកាលពីថ្ងៃម្សិលមិញ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ការសន្យារបស់ចិនធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកដកជំនួយដោះមីនពីរដ្ឋាភិបាលកម្ពុជាទៅឲ្យអង្គការក្រៅរដ្ឋាភិបាលវិញ។
នៅក្នុងឱកាសជំនួបទ្វេភាគីកម្ពុជា-ចិនកាលពីថ្ងៃម្សិលមិញ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដែលជាមរតកនៃសង្រ្គាមរុំារ៉ៃនៅកម្ពុជារាប់ទសវត្សកន្លងមកហើយ។
តាមរយៈជំនួបនេះ នាយករដ្ឋមន្ត្រីចិន បានប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអាទិភាពដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិនក្នុងការជួយប្រទេសនានា ដែលកំពុងជួបប្រទះនូវបញ្ហានេះ។ ដូច្នេះហើយ ចិនសន្យាថានឹងជួយឱ្យអស់លទ្ធភាពដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យបានឆាប់រហ័ស ក៏ដូចជា និងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើការពិភាក្សាលើទិដ្ឋភាពជាក់ស្តែងហើយដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យ និងសម្រេចឱ្យបានមុនពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីចិននៅកម្ពុជានាពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីចិន លី កឺឈៀង ។
ការប្រកាសផ្តល់ជំនួយដើម្បីរំដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជានាពេលនេះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់អាជ្ញាមីនកម្ពុជា កាលពីដើមឆ្នាំ២០១៧ ដែលបានស្នើឲ្យភាគីចិន ឲ្យបន្តជួយដល់កម្ពុជា ក្នុងសកម្មភាពសំអាតមីននេះ ខណៈដែលកម្ពុជា ត្រូវការថវិកាប្រមាណជាង ៤០៦ លានដុល្លារទៀត ដើម្បីបោះសំអាតឲ្យអស់នៅឆ្នាំ២០២៥។
ការប្រកាសយ៉ាងដូច្នេះ ក៏ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅដើមខែវិច្ឆិកានេះ បានសម្រេចថានឹងលែងផ្តល់ជំនួយសម្រាប់ប្រតិបត្តិការដោះមីននៅកម្ពុជាទៅឱ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ដោយផ្ទាល់ដូចមុនទៀត។ អាមេរិក នឹងផ្តល់ទៅឱ្យក្រុមអ្នកដោះមីនក្នុងស្រុកដោយផ្អែកលើការដេញថ្លៃជំនួសវិញ។
សូមជម្រាបជូនថា បច្ចុប្បន្ននេះជំនួយកម្ចាត់មីននៅកម្ពុជាមានពីចន្លោះ២៥ទៅ៣០លានដុល្លារ។ ជំនួយទាំងនេះបានមកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងប្រទេសផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ជំនួយទាំងនេះត្រូវបាន លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បញ្ជាក់ថា មិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់កម្ពុជាក្នុងការបោសសម្អាតមីនឲ្យបានចាប់រហ័ស និងមានប្រសិទ្ធភាព។ នាពេលខាងមុខ កម្ពុជាត្រូវការទឹកប្រាក់ប្រមាណ១៧លានដុល្លារក្នុងមួយឆ្នាំបន្ថែមលើជំនួយបច្ចុប្បន្ន ដើម្បីបោសសំអាតមីនកប់ក្នុងដីក្នុងប្រទេសកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥៕
Pdach Mok
Tuesday, November 14, 2017