Views
ដោយខ្លាចការបាត់បង់អំណាចតាមរៈសន្លឹកឆ្នោត កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ លោក ហ៊ុន សែន បានធ្វើសកម្មភាពបង្រ្កាបភាគីប្រឆាំងយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យស្ថានការណ៍នយោបាយតានតឹងខ្លាំងឡើង ចំណុចចាប់ផ្តើម គឺ ការឃាត់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ហើយចោទប្រកាន់ថា សេពគប់ជាមួយជនបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។
បន្ទាប់មកក៏បិទកាសែត វិទ្យុ អង្គការផ្សេង ៗ ទៀតជាច្រើន ដោយចោទថា ទាំងអស់នោះឃុបឃិតគ្នាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោយមកក៏ចាប់ផ្តើមធ្វើច្បាប់ដើម្បីរំលាយគណបក្សគូប្រជែង ដែលគេឯងមើលឃើញថាជាការបង្រ្កាបមុនការបោះឆ្នោតឆ្នាំ ២០១៨ ។
ការបង្រ្កាបគ្រប់យ៉ាងបានប្រព្រឹត្តទៅយ៉ាងរលូនដោយឥតឧបសគ្គ ព្រោះជាសកម្មភាពឯកតោភាគី គ្មានគូជំទាស់ រហូតមកដល់ពេលនេះ ច្បាប់រំលាយគណបក្សបានស្ថិតក្នុងកណ្តាប់ដៃទាំងពាក្យបណ្តឹងក៏ស្ថិតនៅក្នុងតុលាការកំពូល ប្រៀបដូចជាបានអាវុធក្នុងដៃត្រៀមនឹងបាញ់ប្រហារគណបក្សណាក៏បាន ដែលចង់មកដណ្តើមអំណាចរបស់លោក ហ៊ុន សែន ។
ឥឡូវនេះ ពាក្យមួយដែលជួយការពារអំណាចផ្តាច់ការរបស់លោកហ៊ុន សែន បាននៅសព្វថ្ងៃ គឺ បដិវត្តន៍ពណ៌ ទាំងមានវីដេអូរៀបរាប់ពីបដិវត្តន៍ពណ៌នៅប្រទេសផ្សេង ៗ អមដំណើរផង ។
ពាក្យនេះក្លាយជាលេសយ៉ាងសម្បើមសម្រាប់ដាក់បន្ទក់លើភាគីប្រឆាំង អ្នករិះគន់ អ្នកតស៊ូមតិ អ្នកមានមតិផ្ទុយ ឬ អ្នកដែលមិនយល់ស្របនឹងអំពើទុច្ចរិតរបស់លោក ហ៊ុន សែន ។
ហេតុនោះ រាល់ពាក្យសម្តី រាល់ទង្វើ ដែលមនុស្សទូទៅក៏ដោយ បក្សប្រឆាំងក៏ដោយ អង្គការក្រៅរដ្ឋាភិបាលក៏ដោយនិយាយ ឬ ធ្វើអ្វីមួយដែលជាការប្រឆាំងនឹងអំណាចបច្ចុប្បន្នរបស់លោក ហ៊ុន សែន ទោះត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញក៏ដោយ ក៏ងាយនឹងទទួលរងបទចោទប្រកាន់ដោយពាក្យថា បដិវត្តន៍ពណ៌នេះណាស់ ។
យោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរីឲ្យដឹងថា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាអំពាវនាវមហាជនខ្មែរទាំងអស់ ឲ្យធ្វើបាតុកម្មដោយអហិង្សា តវ៉ាប្រឆាំង នឹងការប៉ុនប៉ងរំលាយ គណបក្សសង្គ្រោះជាតិ ។ តំណាងសហព័ន្ធ និស្សិតបញ្ញវន្តកម្ពុជា ចាត់ទុកការប៉ុនប៉ងធ្វើទុក្ខបុកម្នេញ មកលើគណបក្សប្រឆាំងដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣ លាននាក់ ថាជារំលោភបំពានធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកចាត់ទុក ទង្វើរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ ថាជាការធ្វើឲ្យប្រេះឆាជាតិ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ២៦ ខែតុលា ថា ការអំពាវនាវឲ្យដល់សមាជិក សិស្ស និស្សិត យុវជន ព្រះសង្ឃ និង ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យត្រៀមធ្វើបាតុកម្មដោយអហិង្សានេះ គឺជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ ។ លោកបញ្ជាក់ថា គម្រោងធ្វើបាតុកម្មនេះ គឺដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមែនការពារគណបក្សប្រឆាំងទេ៖ «យើងមិនពេញចិត្ត បើរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិមែន។ យើងគ្រាន់តែចង់សម្ដែងមតិ ចង់ការពារឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណឹងឯង។ ព្រោះឃើញថា ប្រជាពលរដ្ឋគាត់មិនពេញចិត្តទេ បើគណបក្សសង្គ្រោះជាតិ គេរំលាយ គឺដូចរម្លាយឆន្ទៈរបស់ពួកគាត់ ដែលពួកគាត់ខំបោះឆ្នោតឲ្យគណបក្សប្រឆាំងមួយ ដើម្បីឲ្យមានសំឡេងប្រឆាំងប្រហាក់ប្រហែលនឹងរដ្ឋាភិបាល ដើម្បីឲ្យប្រទេសជាតរីកចម្រើន និងឲ្យប្រជាធិបតេយ្យកាន់តែទៅមុខ»។
លោក ឡេង សេងហុង បញ្ជាក់បន្ថែមថា បាតុកម្មនេះ នឹងមានអ្នកចូលរួមលើសពី ៤,០០០ នាក់ ហើយលោកស្វាគមន៍សកម្មជនគណបក្សប្រឆាំង និងគណបក្សនយោបាយដទៃទៀត ដែលប្រឆាំងនឹងអំពើអយុត្តិធម៌ ឲ្យមកចូលរួមជាមួយអង្គការរបស់លោក ដើម្បីរួមគ្នាធ្វើបាតុកម្មធំរួមគ្នា ព្រោះជារឿងជាតិទាំងអស់គ្នា។ មិនតែប៉ុណ្ណោះ លោកសូមផ្ញើសារជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរខ្លាចការប្រកួតប្រជែង ជាមួយគណបក្សប្រឆាំង តាមបែបប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ នឹងយុត្តិធម៌នោះទេ៖ «ខ្ញុំសូមផ្ញើជូនទៅដល់សម្ដេចនាយកតែម្ដង លោកគួរតែពិចារណាឡើងវិញ។ លោកគួរតែងាកមកការប្រកួតប្រជែងនយោបាយ ដោយស្មើភាព ស្របតាមសង្គមប្រជាធិបតេយ្យវិញ។ មិនគួរណាចង់ឈ្នះគណបក្សមួយ ហើយរំលាយគេចោលនោះទេ។ សម្ដេចគួរមានភាពក្លាហានមួយ ទុកឲ្យគណបក្សសង្គ្រោះជាតិប្រកួតជាមួយសម្ដេច ដើម្បីយកកេរឈ្មោះ ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា»។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ជាអង្គការសង្គមស៊ីវិលក្នុងស្រុកដំបូងគេ ដែលចេញសេចក្ដីអំពាវ ឲ្យធ្វើបាតុកម្ម ដើម្បីរកភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្ក្រោះជាតិ។ សេចក្ដីអំពាវនេះធ្វើបាតុកម្មនេះ ធ្វើឡើងភ្លាមៗ ក្រោយព្រះមហាក្សត្រខ្មែរ ឡាយព្រះហត្ថលេខា លើវិសោធនកម្មច្បាប់បួន ដ៏ចម្រូងចម្រាស ដែលអាចឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។ សហគមន៍អន្តរជាតិ បានថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលប៉ុនប៉ងធ្វើទុក្ខបុកម្នេញសំឡេងបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា៕
Pdach Kar
Saturday, October 28, 2017