Views
តាមប្រភពទំព័រហ្វេសប៊ុករបស់លោក
សូរ សមយុទ្ធ បានរៀបរាប់យ៉ាងលម្អិតពីផែនការរបស់លោក ហ៊ុន សែន ដែលលេងល្បែងរំលាយគណបក្សសង្រ្គោះជាតិមុនការបោះឆ្នោត មានសេចក្តីដូចខាងក្រោម ៖
១០ឆ្នាំគេ-១០ឆ្នាំយើង?
-----------------------
ហេតុអ្វីបានមានការប៉ុនប៉ងរំលាយជុំរុំព្រះអាទិត្យ? និយាយការពិតដើម្បីដោះស្រាយបញ្ហាស្រុកទេស។
១/ វាប្រហែលជាចាប់ផ្តើមពីការស្រាវជ្រាវមួយ ក្នុងឆ្នាំ ២០១៦ ។
ការរៀបចំពិនិត្យមើលបញ្ជីសំនួរស្ទង់មតិឡើងវិញ ដើម្បីយល់កាន់តែច្បាស់អំពីលទ្ធផល ដែលបានស្រាវជ្រាវឃើញ គឺជួបជុំគ្នានៅផ្ទះលោករដ្ឋមន្ត្រីក្រសួងការបរទេសនាពេលបច្ចុប្បន្ន នៅម៉ោង ៣ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងលោក អារ៉ន់ សាវី (Aron Shaviv) ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវឯកជនឈ្មោះ Shaviv Strategy and Campaigns មានគេហទំព័រ www.strategyandcampaigns.com ដែលជាការឆ្លើយឆ្លងគ្នាពី លោកអភិបាល ខណ្ឌជ្រោយចង្វារ, លោក អារ៉ន សាវី, និងលោករដ្ឋមន្ត្រីក្រសួងលុយ ដោយប្រើប្រាស់ អាស័យដ្ឋានអីម៉ែលរបស់ក្រសួង (------@mef.gov.kh) ដោយផ្ញើរសារចេញនៅ ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅម៉ោង ៤ និង៤១នាទីល្ងាច។ លោក ថាក់ ស៊ីន ជាអ្នកណែនាំអោយ ពីព្រោះ ថាក់ ស៊ីន បាន ប្រើប្រាស់សេវាក្រុមហ៊ុននេះ ជោគជ័យក្នុងការបោះឆ្នោតនៅថៃ ឆ្នាំ២០០១ ឡើងជានាយករដ្ឋមន្ត្រីថៃ ។
២/ ការប្រមូលទិន្នន័យត្រូវបានចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បញ្ចប់ត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ ក្រុមហ៊ុនស្រាវជ្រាវក្នុងស្រុក ដែលត្រូវបានជួលអោយប្រមូលទិន្នន័យគឺ “Indochina Research” ផ្ទះ៣៧ABC ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ។ លទ្ធផលនៃការស្រាវជ្រាវ ត្រូវបានបែងចែកជាពីរប្រភេទ គឺលទ្ធផលថ្នាក់ជាតិ និងលទ្ធផលតាមខេត្ត។ លោកសាវី បានមកដល់ភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ហើយបទបង្ហាញធ្វើឡើងនៅថ្ងៃទី១៩ ទៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបន្ទាប់មកលោកនាយកប្រតិបត្តិទៅដើរលេងនៅខេត្តសៀមរាប។ លោកសាវី មិនគ្រាន់តែត្រូវបានជួលអោយស្រាវជ្រាវទេ ប៉ុន្តែធ្វើការងារបញ្ចុះបញ្ចូលលើ ឆាកអន្តរជាតិ ដោយស្នើលុយពីលោក ថាក់ស៊ីន (អតីតនាយករដ្ឋមន្ត្រីថៃ) តែលោកថាក់ស៊ីនបដិសេធ ប៉ុន្តែថវិកា ប្រហែលជាត្រូវបានចេញដោយរាជការ ឬគណបក្សកាន់អំណាច ឬភាគីទីបីដើម្បីធ្វើការងារនេះ។
៣/ ការងារស្រាវជ្រាវ ផ្តោតលើចំណុចសំខាន់ៗ ជាច្រើន ប៉ុន្តែមានចំនុច ៤ ដែលជាគោលដៅធំ របស់ការស្រាវជ្រាវ គឺ
ក/ ភាពខ្លាំងខ្សោយរបស់សង្គ្រោះជាតិ ជាពិសេសនៅពេល សង្គ្រោះជាតិ បាត់បង់មេដឹកនាំម្នាក់ (សម រង្ស៊ី) ឬបាត់ទាំងពីរ (សម រង្ស៊ី និង កឹម សុខា) វាជាសំនួរសេណារីយ៉ូទៅថ្ងៃអនាគត់ បើបាត់មួយ ឬបាត់ទាំងពីរ តើសង្គ្រោះជាតិនៅសល់ការគាំទ្រប៉ុណ្ណា;
ខ/ ការយល់ឃើញរបស់អ្នកបោះឆ្នោតចំពោះ សមាសភាព ទេព នីថា ដែលជាអគ្គលេខាធិការ គជប;
គ/ ស្វែងរកអ្នកបន្តវេន្តក្នុងគណបក្សកាន់អំណាច ដែលអាចមានប្រជាប្រិយភាពលេច់ឡើង; និង ឃ/ ឥទ្ធិពលនៃកម្មវិធីនយោបាយរបស់សង្គ្រោះជាតិ ធៀបនឹងគណបក្សកាន់អំណាច រួមនឹងជំនឿរបស់អ្នកបោះឆ្នោតលើការដោះស្រាយបញ្ហាផ្សេងៗក្នុងសង្គមពីសំណាក់បក្សទាំងពីរ។ សំនួរស្រាវជ្រាវទាំងអស់មាន ៦០សំនួរ។ ចំនួនសំណាក ឬប្រជាជនដែលត្រូវបានសម្ភាសដើម្បីប្រមូលទិន្នន័យ គឺ ៥៣៧៩ នាក់។
៤/ យើងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវមួយចំនួន ដែលមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបាន ដើម្បីយល់ដឹងអោយត្រឹមត្រូវចំពោះការវិវត្តន៍ស្ថានការណ៍នយោបាយដ៏អាក្រក់នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ក/ បើបូកការពេញចិត្ត និងពេញចិត្តខ្លាំង ចំពោះសម្តេច ក្នុងខែកញ្ញា ២០១៦ គឺ ៦៣% ធ្លាក់ចុះពី ៨១% នៅខែឧសភា ឆ្នាំ២០១៦ ចំនែកសម រង្ស៊ី ក្នុងខែកញ្ញា ២០១៦ គឺបាន ៨៤% ឡើងពី ៧៤% ក្នុងខែឧសភា ២០១៦; គ/ បូកពេញចិត្ត និងពេញចិត្តខ្លាំង ចំពោះ កឹម សុខា ក្នុងខែកញ្ញា ២០១៦ គឺ ៧៤%; ឃ/ បូកពេញចិត្ត និងពេញចិត្តខ្លាំង ចំពោះបក្សកាន់អំណាច ក្នុងខែកញ្ញា ២០១៦ គឺ ៦៣% ចំនែកសង្គ្រោះជាតិ បាន ៨២%។
ចំពោះការបោះឆ្នោតឆ្នាំ២០១៨ ៖ ក/ លទ្ធផលរំពឹងទុក គឺ បក្សកាន់អំណាច ៣៥% ចំនែកសង្គ្រោះជាតិ ៤៤%; ខ/ ក្នុងខែកញ្ញា ២០១៦ ក្នុងករណី សម រង្ស៊ី និង កឹមសុខា នៅដឹកនាំបក្ស បើបោះឆ្នោត គឺ សង្គ្រោះជាតិបាន ៤៦% ចំនែកបក្សកាន់អំណាចបានតែ ៣៣%; គ/ បើបក្សសង្គ្រោះជាតិ អត់ សម រង្ស៊ី សល់តែ កឹម សុខា គឺ សង្គ្រោះជាតិធ្លាក់មកនៅត្រឹម ៤២% ចំនែកបក្សកាន់អំណាច ៣៣% ដដែល។ ករណីពិសេស ក្នុងការបោះឆ្នោត២០១៨ គឺ បើសង្គ្រោះជាតិ នៅដឹកនាំទាំង សម រង្ស៊ី ទាំង កឹម សុខា បើបោះក្នុងខែកញ្ញា ២០១៦ គឺ សង្គ្រោះជាតិ បាន ៤៦% ចំនែកបក្សកាន់អំណាច ៣៣%; ប៉ុន្តែបើសង្គ្រោះជាតិ អត់ទាំង សម រង្ស៊ី អត់ទាំង កឹម សុខា ដឹកនាំ គឺ សង្គ្រោះជាតិ ធ្លាក់មកដល់ ៣៥% ពោលធ្លាក់ចុះ១១% ចំនែកបក្សកាន់អំណាច បាន ៣៤%។
៥/ ផ្អែកលើលទ្ធផលស្រាវជ្រាវខាងលើ និងប្រវត្តិនៃការឡើងចុះសំឡេងឆ្នោតទាំង៥អាណត្តិ កន្លងទៅ យើងអាចយល់បានពីលទ្ធផលឆ្នោតឆ្នាំ ២០១៧ របស់សង្គ្រោះជាតិ គឺ ក/ មានតែបង្ខំអោយ សម រង្ស៊ី លាលែងចេញពីគណបក្សសង្គ្រោះជាតិ តាមរយៈការកែប្រែច្បាប់គណបក្សទេ ទើបធ្វើអោយសំឡេងឆ្នោតគណបក្សសង្គ្រោះជាតិថយចុះ ពី ៤៦% មក ៤២% ពោលគឺចុះ ៤%; ខ/ ក្នុងប្រវត្តិបោះឆ្នោត គណបក្ស កាន់អំណាចតែងតែទទួលបានការគាំទ្រច្រើនក្នុងការបោះឆ្នោតថ្នាក់ឃុំសង្កាត់ តែថយនៅពេលបោះឆ្នោត ជាតិ, ឧទាហរណ៍៖ បោះឃុំឆ្នាំ ២០០២ បក្សកាន់អំណាចបាន ៦១% ដល់តែបោះឆ្នោតជាតិ ធ្លាក់មក ៤៧%, ចំនែកនៅឆ្នាំ ២០១២ បោះឃុំបាន ៦២% ដល់តែបោះឆ្នោតជាតិ ធ្លាក់មកត្រឹម ៤៩%។ ក្នុងការ បោះឆ្នោតឃុំឆ្នាំ២០១៧ នេះ គណបក្សកាន់អំណាចបានតែ ៥២% ដូច្នេះបើយោងតាមប្រវត្តិបោះឆ្នោត នោះសំឡេងឆ្នោតបក្សកាន់អំណាចនឹងធ្លាក់ចុះរង្វង់ ១០% សល់តែ ៤០% នៅឆ្នាំ២០១៨។ ប៉ុន្តែផ្ទុយមកវិញ បើមើល ប្រវត្តិបោះឆ្នោត គណបក្សប្រឆាំង (បច្ចុប្បន្ន, សង្គ្រោះជាតិ) តែងតែទទួលបានសំឡេងឆ្នោតឃុំតិច ប៉ុន្តែទទួលបានសំឡេងឆ្នោតជាតិ ឡើងក្នុងរង្វង់ ១០% បើបូកនឹងលទ្ធផលឃុំឆ្នាំ២០១៧ ដែលបាន ៤៣% នោះឆ្នាំ២០១៨ អាចបានឡើងដល់ ៥៣% ដែលលើសពី ៥០% បូក ១ ដើម្បីបង្កើតរាជរដ្ឋាភិបាល។
៦/ ដូច្នេះសម្រាប់អ្នកយុទ្ធសាស្ត្រខាងបក្សកាន់អំណាច ប្រហែលជា រើសយកជម្រើស ចំនួន ៣ គឺ ក/ ប្រើវិធីគ្រប់យ៉ាងដើម្បីអោយ សម រង្ស៊ី លាឈប់ពីសង្គ្រោះជាតិ ដើម្បីវៃទម្លាក់សំឡេងឆ្នោតយ៉ាងតិច ៤%; ខ/ ប្រើវិធីគ្រប់យ៉ាងដើម្បីអោយ កឹម សុខា លាចេញពីគណបក្សសង្គ្រោះជាតិ នៅពេលដែលបក្សគ្មានទាំង សម រង្ស៊ី គ្មានទាំង កឹម សុខា នោះសង្គ្រោះជាតិ បានតែ ៣៥% ចំនែកបក្សកាន់អំណាចបាន ៣៤% គឺ ខុសគ្នាតែ ១% ប៉ុណ្ណោះ; លទ្ធផលខុសគ្នា ១% ប៉ុន្តែកម្លាំងនយោបាយសង្គ្រោះជាតិកើន ចំនែកបក្សកាន់ អំណាចបន្តថយចុះ; គ/ ដូច្នេះ ផ្អែកលើលទ្ធផលស្រាវជ្រាវឆ្នាំ២០១៦ គឺ a/ មិននិយាយពីរឿងតម្លៃកសិកម្មទេ ព្រោះគ្មានលទ្ធភាពដោះស្រាយ, b/ មិននិយាយពីរឿងបង្កើតការងារទេ ព្រោះគ្មានលទ្ធផល ដោះស្រាយដូចគ្នា ដូច្នេះការជួយសម្រួលលក្ខខណ្ឌការងារកម្មករនៅក្រៅស្រុក ជាជម្រើសតែមួយគត់ ដើម្បីរក្សាលំនឹង (neutralize migrant voters), c/ ប៉ុន្តែប្រឹងប្រឆាំងគ្រឿងញៀន ចោរកម្ម និងអសន្តិសុខ ព្រោះតាមលទ្ធផលស្រាវជ្រាវ ប្រជាជននៅជឿថាអាជ្ញាធរក្រោមការដឹកនាំរបស់បក្សកាន់អំណាច អាចធ្វើអោយល្អប្រសើរ ដូច្នេះហើយបានមាន យុទ្ធនាការប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំ, d/ ពីដើមដោយសារតែសំឡេងឆ្នោតពីកម្មករ ទទួលបានតិច ដូច្នេះត្រូវបើកយុទ្ធនការជួបកម្មករ បើមិនអាចបានសំឡេងឆ្នោតឈ្នះក្នុងចំនោមកម្មករ ក៏អាចបានស្មើរ (neutralize worker voters) ដោយឡែកក្នុងឆ្នាំ២០១៧ ដោយអនុវត្តយុទ្ធសាស្ត្រមិនទាន់ មានតែហាមកម្មករមិនអោយឈប់សម្រាក់ទៅបោះឆ្នោត, e/ ពីដើមមក ទទួលបានសំឡេងឆ្នោតតិចពីស្ត្រី និងជនចាស់ជរា ដូច្នេះត្រូវបង្កើតគោលនយោបាយរបបសន្តិសុខសង្គម ក៏ប៉ុន្តែពេលបោះឆ្នោតឆ្នាំ២០១៨ សល់តែ ៦ខែ ដូច្នេះបើចាំថវិកាឆ្នាំ២០១៨ ដើម្បីអនុវត្តរបបសន្តិសុខសង្គមទាំងមូល មិនអាចទៅរួច មានតែយកបញ្ហាស្ត្រីមានផ្ទៃពោះ មកអោយលុយអោយកាក់ មុន។ សង្គ្រោះជាតិដឹង ដឹងតាំងពីដើម សង្គ្រោះជាតិអត់ធ្មត់ គោរពច្បាប់ប្រទេស រក្សាតម្លៃនយោបាយ។
៧/ ដូច្នេះ បើទោះជាចំណុច ៦(គ/a,b,c,d,e) ធ្វើបានល្អយ៉ាងណាក៏ដោយ ក៏ពិបាកធានាការឈ្នះដាច់ខាតរបស់បក្សកាន់អំណាចនៅឆ្នាំ២០១៨ ណាស់។ លើសពីនេះ បើទោះ បក្សសង្គ្រោះជាតិ អត់ សម រង្ស៊ី ក៏សំឡេងឆ្នោតសង្គ្រោះជាតិនៅតែបាន ៤២% ចំនែកបក្សកាន់អំណាចបានតែ ៣៣%។ ដូចនេះហើយ មានតែធ្វើអោយសង្គ្រោះជាតិ អត់ទាំង សម រង្ស៊ី អត់ទាំង កឹម សុខា ទេ ទើបវៃទម្លាក់សំឡេងឆ្នោត គណបក្សសង្គ្រោះជាតិ មក ៣៥%បាន។ ប៉ុន្តែ កឹម សុខា ដឹងខ្លួន ខំប្រយ័ត្នមាត់ ថ្នមសកម្មភាព មិនអោយមានចំណុចខ្សោយ។ ហើយបើទោះទម្លាក់មកត្រឹម ៣៥%ក៏ដោយ ក៏នៅតែលើសគណបក្ស កាន់តែអំណាច ១% (គណបក្សកាន់អំណាច បាន ៣៤%)។ ប្រហែលជារឿងរ៉ាងអស់ទាំងនេះហើយ បានជានាំអោយលោកដ៏មានអំណាច រើសយកជម្រើស “រំលាយសង្គ្រោះជាតិចោលតែម្តង” កុំអោយយប់យន់សុបិន្តយូរ នាំសៅហ្មងចិត្ត។ ក្នុងករណីដែលមានសម្ពាធអន្តរជាតិ ទាំងការទូត ទាំងសេដ្ឋកិច្ច ។ល។ កាន់តែខ្លាំង អាចនឹងមិនរំលាយទេ ប៉ុន្តែអូសក្រឡាអោយយូរបន្តិច គំរាមព្រឹក សម្លុតល្ងាច បង្ខំលិច អូសទាញកើត ហ៊ុំព័ទ្ធទាំងក្នុងទាំងក្រៅ ទីបំផុតមិនចាំបាច់រំលាយទេ ទុកអោយសង្គ្រោះជាតិរលាយខ្លួនឯង តែម្តងល្អជាង។ ចំនែកអាវុធ និងវិធី ប្រើតែសង្គ្រាមចិត្តសាស្ត្រតែប៉ុណ្ណោះ។ ហើយការបំបែកករណី កឹម សុខា និង បក្សសង្គ្រោះជាតិ (twin tracks cases) នេះជាវិធីសាស្ត្រធំមួយទៀត ក្នុងការអនុវត្តយុទ្ធសាស្ត្រកម្ទេច់សង្គ្រោះជាតិ និងបន្លំភ្នែកពួកបរទេស។ ដូច្នេះហើយប្រហែលជារងចាំអោយ កឹម សុខា ប្រព្រឹត្តកំហុស បែបទៅមិនរួច មានតែទៅយករឿងចាស់ មកផ្សំផ្គុំចូលគ្នា ដាក់ចូលក្នុងប្រអប់ខ្មៅមួយ ហើយគេនាំគ្នាទូលស្រែកពពាយនាយថា “បដិវត្តន៍ពណ៌ៗ” ដើម្បីអោយធំល្មមរំលាយជុំរុំ៣លាននាក់ចោល។
៨/ បើយើងគិតតាមរបៀបមនុស្ស ដែលមានចិត្តនឹងនរ, ស្ថានភាពនយោបាយសេដ្ឋកិច្ចខាងក្នុង, សម្ពាធមកពីខាងក្រៅទាំងសេដ្ឋកិច្ច ការទូត, ស្ថានភាពនយោបាយក្នុងតំបន់, និងដំណើរទស្សនៈកិច្ចរបស់ ស៊ី ជិនពីង មកកម្ពុជា ដែលទំនងជា កើតឡើងនៅចុងឆ្នាំ២០១៧នេះ នោះយើងអាចទាញការសន្និដ្ឋានបានថា គោលដៅរបស់បក្សកាន់អំណាច មិនរំលាយគណបក្សសង្គ្រោះជាតិទេ។ បើចង់រំលាយ ក៏ចិនមិនព្រមដែរ ព្រោះបើរំលាយ នាំអោយមានអសន្តិសុខខ្លាំង អាមេរិកកាំងបានលេសលូកចូលកាន់តែជ្រៅ ហើយជាអ្វីដែលចិនមិនចង់ឃើញ លើសពីនេះ បើសង្គ្រោះជាតិរលាយបាត់ ចិនអត់មានសេះទុកអោយរត់ប្រណាំងជាមួយបក្សកាន់អំណាច។ លើកលែងតែចិន ចាប់ផ្តើមអនុវត្តយុទ្ធនាការផែនដីក្រហម គឺប្រែក្លាយកម្ពុជាទៅជារដ្ឋបក្សតែមួយ ដែលការណ៍នេះ នឹងធ្វើអោយជម្លោះផ្ទៃក្នុងកម្ពុជាឆ្លងរដូវរាប់ឆ្នាំទៅមុខ ហើយអាចបង្កើតជាជំងឺឆ្លងអាស៊ីអាគ្នេយ៍ដល់អាស៊ានដីគោកទាំងមូល។
បើគិតពីកម្រិតយុទ្ធសាស្ត្រវិញ ទុកអោយសង្គ្រោះជាតិខ្លាំង មិនចំណេញ តែបើរំលាយសង្គ្រោះជាតិបែរជាខាតច្រើន ដូច្នេះមានតែវៃបន្ថយកម្លាំង អោយច្រើនបំផុតមុនបោះឆ្នោត ទើបចំណេញសម្រាប់បក្សកាន់អំណាច ហើយប្រហែលជាគេ រើសយកជម្រើសនេះ។ យ៉ាងណាក៏ដោយ យើងមិនគួរភ្លេច់ថា លោកដ៏មានអំណាច តាំងពីដើមមក តែនិយាយអ្វីហើយ គឺធ្វើនឹងអោយទាល់តែបាន ទោះជាលទ្ធផលយ៉ាងម៉េចក៏ដោយ លោកមិនខ្វល់ សំខាន់ស្អប់ណាស់ អ្នកណាគំរាម ជាពិសេសបរទេសគំរាម ហើយបរទេសនឹងអាមេរិកកាំងទៅទៀត បើចិនមិនអីទេ។ រឿងមួយដែលខ្ញុំតែងតែលួចសសើរលោកដ៏មានអំណាច គឺរំលាយកម្ទេចធ្វើបាបឯងហើយ នៅអាចធ្វើទឹកមុខជាជនរងគ្រោះដ៏គួរអោយអាណិតបានទៀត។
៩/ មុនបញ្ចប់អត្ថបទយើងថ្ងៃនេះ មានពាក្យខ្លះ ដែលចង់និយាយត្រង់ៗ ទៅក្រុមយុទ្ធសាស្ត្រនយោបាយ របស់ជុំរុំទេវតា ដែលដឹកនាំដោយលោករដ្ឋមន្ត្រីលុយ និងដែលមានសមាសភាពជាច្រើន ដែលសុទ្ធតែជាបណ្ឌិត រួមទាំងរដ្ឋមន្ត្រីយុវជន រដ្ឋមន្ត្រីបរទេស និងរដ្ឋមន្ត្រីអមមួយចំនួនដែលកំពុងកាន់ការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ(SNEC) ដែលតិចច្រើន ខ្ញុំមានការគោរពនូវសមត្ថភាព និងចំណេះដឹង តាំងតែពីការរៀបចំយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណនោះមក។ ជាការពិតហើយ បក្សណា ក៏ដូចបក្សណាទេ ធ្វើនយោបាយ តែងតែចង់ឈ្នះ ទៅដឹកនាំប្រទេស ទើបត្រូវការការសិក្សាស្រាវជ្រាវ ។ល។ វាមិនខុសអីទេ ការស្វែងយល់ពីចំណុចខ្លាំងខ្សោយរបស់ដៃគូ ប៉ុន្តែប្រសិនបើរហូតដល់ការដាក់ចេញនូវផែនការរំលាយកម្ទេច់ដៃគូរប្រកួតខ្លួនឯងចោល របៀបជា “ប្រលោមលោកស្រាត ឬដំរីងាប់យកចង្អេរបាំង” ខ្ញុំថាវាហួសហេតុពេកហើយ។ ខ្ញុំដឹង ខ្ញុំឃើញ ហើយខ្ញុំយល់ថា វាអយុត្តិធម៌ណាស់។ ហេតុអ្វីលោកថាមិនអី។
ខ្ញុំដឹងថាអ្នករៀនសូត្រចេញគំនិត អ្នកនយោបាយជាអ្នកសម្រេចចិត្ត ប៉ុន្តែបើយើងមានសមត្ថភាពផ្តល់យោបល់អោយបក្សឈ្នះ ខ្ញុំយល់ឃើញថាយើងក៏មានសមត្ថភាពផ្តល់យោបល់ អោយជាតិឈ្នះដែរ។ ហើយការរំលាយគេ ដើម្បីរស់តែម្នាក់ឯងនេះ ចេញទៅណាអត់រួចទេ។ កម្ពុជាមិនគួរបន្តស្ថិតក្នុងសភាព “១០ឆ្នាំគេ ១០ឆ្នាំយើង” ទៀតនោះទេ។
សូរ សមយុទ្ធ
កំពង់ឆ្នាំង, 23/តុលា/២០១៧
Pdach Kar
Tuesday, October 24, 2017