Views
សារគំរាមកំហែងជាហូរហែប៉ុន្មានថ្ងៃនេះបានរលាស់ចេញពីអណ្តាតរបស់បុរសខ្លានៃកម្ពុជា បបួលឲ្យភាគីផ្ទុយគ្នាចុះចូលដូចសម័យ ៧៩ វាជារបៀបតែមួយដែលខ្មែរធ្លាប់ភ្លក់រសជាតិមកហើយ មិនគួរណាខ្មែរមួយចំនួនដែលកំពុងតែឈរនៅលើផ្លូវត្រូវហើយត្រឡប់ជាចាញ់បោកសារគំរាមអូសក
យកទៅកម្ទេចនោះទេ អាចថាបុគ្គលខ្លះនៅមានកម្រិតវិចារណញាណទន់ខ្សោយ ជាហេតុងាយនឹងចាញ់ចាលឧបាយកលលោក ហ៊ុន សែនបានយ៉ាងស្រួល យុគសម័យនេះទៅហើយ ម្តេចឡើយក៏នៅមានជនត្រចៀកសស្លឈាមចាញ់កលឧបាយគំរាមរបស់ហ៊ុន សែនទៀត នេះឬដែលលោកបណ្ឌិត កែម ឡី និយាយថា ត្រីហែលបណ្តោយទឹកជាត្រីស្លាប់ ពិតប្រាកដណាស់ បើជនត្រចៀកសស្លឈាមហក់លោតចូលធ្នស់របស់លោក ហ៊ុន សែន បុគ្គលនោះមិនងាយនឹងដកខ្លួនចេញបានងាយ ៗ ទេ ព្រោះច្រកបើកសម្រាប់អ្នកទាំងនោះមានតែ ៣ ទេ គឺ ច្រកត្រូវស្លាប់ ច្រកជាប់គុក និង ច្រកត្រូវរឹបអូសទ្រព្យសម្បត្តិ យើងក្រឡេកមើល ហេង ពៅ និង ចុងក្រោយ ញឹក ប៊ុនឆៃជាឧទាហរណ៍ស្រាប់ ។
អ្នកទាំងអស់នេះសុទ្ធតែមានតំណែងខ្ពង់ខ្ពស់ ប៉ុន្តែទីបំផុត គ្មានសល់អ្វីសម្រាប់ខ្លួនឯង និង គ្រួសារទេ សូម្បីតែកិត្តិយសក៏អសារបង់ មិនអាចស្តារបានឡើយ ។
ការតស៊ូដើម្បីឈានទៅរកការផ្លាស់ប្តូរមួយយ៉ាងពិតប្រាកដជាគោលបំណងរបស់ខ្មែរទូទៅទាំង
ក្នុងស្រុក និង ក្រៅស្រុក ទាំងជាទីត្រេកអររបស់អន្តរជាតិផង ហើយក៏ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលយើងទើបតែប្រារព្ធកាលពីម្សិលមិញនេះផង ឃើញថា ផ្លូវរបស់យើងជាផ្លូវត្រូវតាមគោលការណ៍ បុគ្គល ទីកន្លែង និង ហេតុផល សម្តែងថា យើងជាត្រីរស់ ដែលហែលប្រច្រាស់ទឹក មិនបណ្តោយខ្លួនទៅតាមចរន្តកុម្មុយនិស្តរបស់លោក ហ៊ុន សែនទេ ។
សួរដូចឆោតទៅចុះ ក្រែងតំណែងអស់នោះបានមកពីរាស្រ្តបោះឆ្នោតឲ្យមែនទេ
ហេតុអីគ្រាន់តែ ហ៊ុន សែន សន្យារក្សាទុកតំណែងឲ្យ
អ្នកខ្លះបែរជាជ្រួលជ្រើមខ្លាំងម្ល៉េះ?ប្រាកដណាស់ថា ចាក់អង្ករយកអង្កាមហើយ អស់លោក !
ព្យុះភ្លៀងដែលហ៊ុន សែន ធ្វើអុកឡុកមកលើបក្សប្រឆាំងកន្លងមក
នៅទីបំផុតតែងតែត្រូវបានដោះស្រាយ។ រីឯជនត្រចៀកស តែងតែបាត់មុខពីឆាកនយោបាយ
ដោយសារគោលជំហរចុងស្រល់របស់ខ្លួន ។
គណបក្សសង្រ្គោះជាតិ មិនអាចរលាយបានជាដាច់ខាត ព្រោះលោក ហ៊ុន សែន មិនមែនមិនដឹងទេ ប៉ុន្តែសារជាតិរបស់លោក ហ៊ុន សែនជាសារជាតិហិង្សាដែលទទួលបានការសាបព្រោះមកបែបកុម្មុយនិស្ត ។
បបូរមាត់លោក ហ៊ុន សែន រឹងប៉ឹងរបឹងរបាញ ក្រាញអំណាច ប៉ុន្តែនៅខាងក្នុងចិត្ត និង ខាងក្រោយខ្នង លោក ហ៊ុន សែន ប្រាកដជាគិតគូរមួយរយដងមុនចងកសម្លាប់ខ្លួនឯងដោយការរំលាយគណបក្សប្រឆាំង ហេតុអ្វីឬ?
ព្រោះគណបក្សប្រឆាំងមានសំឡេងគាំទ្រជាង ៣ លានសំឡេង លោក ហ៊ុន សែន មិនហ៊ានប្រថុយនឹងរឿងនេះទេ សូម្បីតែមន្រ្តី ទាហាន យោធា ខ្លះក៏មាននៅក្នុងសំឡេងនេះដែរ ។
គំនាបអន្តរជាតិកំពុងតែកើតមានជុំទិស ជាពិសេស ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ នៅថ្ងៃម្សិលមិញ ព្រឹទ្ឋ បុរសអាមេរិក លោក ថិត គ្រូស៍ បានប្រាប់ទៅរដ្ឋាភិបាលខ្មែរថា បើមិនដោះលែងលោក កឹម សុខា មុនថ្ងៃទី ៩ ខែវិច្ឆិកានេះទេ លោកនិងសហការីក្នុងព្រឹទ្ឋសភា និងក្នុងរដ្ឋាភិបាលលោក ត្រាំ
នឹិងមិនអនុញ្ញាតអោយមន្រ្តីកម្ពុជា ដែលពាក់ព័ន្ឋករណីនេះ ចូលទឹកដីសហរដ្ឋអាមេរិកទេ ហើយលោកក៏បានលើកឡើងនូវការអនុគ្រោះពន្ធដែលអាមេរិកបានផ្តល់មកកម្ពុជាដែលតម្រូវអោយកម្ពុជាគោរពលទ្ឋិប្រជាធិបតេយ្យ
ជាពិសេស ការបោះឆ្នោតដែលត្រឹមត្រូវ ។ គំនាបរបស់សហរដ្ឋអាមេរិកនេះនឹងរងផលប៉ះពាល់ទេ? ប្រាកដជាប៉ះពាល់
ដល់មន្រ្តីក្រោមឱវាទរបស់លោក ហ៊ុន សែន ដែលជាឫសគល់អំណាចរបស់ខ្លួន ។
បើនិយាយដល់សង្រ្គាមវិញ រឹតតែសូន្យទៅទៀត តើមានទាហានប៉ុន្មាននាក់ដែលសុខចិត្តសម្លាប់ខ្មែរដទៃដែលគ្មានអាវុធក្នុងដៃដើម្បីការពារអំណាចលោក ហ៊ុន សែន និង ត្រកូលហ៊ុននោះ? មិនហ៊ានឆ្លើយជំនួសបងប្អូនទាហានខ្មែរស្រឡាញ់ទឹកដីទាំងនោះទេ ប៉ុន្តែគ្រាន់តែប្រាប់ថា បណ្តាអ្នកមានវិចារណញាណទាំងឡាយ គ្មានអ្នកណាហ៊ានធ្វើអំពើអាក្រក់លាមកថោកទាបជំនួសលោក ហ៊ុន សែនទេ ។
សរុបសេចក្តីមក លោក ហ៊ុន សែន គ្រាន់តែជាខ្លាក្រដាសដែលស្រែកគ្រហឹមមុនការបោះឆ្នោតប៉ុណ្ណោះ គ្មានអ្វីដែលត្រូវតក់ស្លុត ឬ ខ្លបខ្លាចពីការគំរាមកំហែងនោះទេ បណ្តាជនត្រចៀកសដែលបាញ់បោកសារគំរាមរបស់លោក ហ៊ុន សែន នឹងក្លាយជាសំរាមនៅពេលខាងមុខ ៕