Views
ប្រភពថ្មី ៖ សេចក្តីស្នើសុំឲ្យកែច្បាប់ចំនួន៤ ដែលមានខ្លឹមសារជារួមថា«បើបក្សណាមួយ ត្រូវបានរំលាយ រាល់អាសនៈនៃគណបក្សនោះ ត្រូវបែងចែកទៅឲ្យគណបក្សដទៃ» ត្រូវបានក្រុមប្រក្សាធម្មនុញ្ញ បើកកិច្ចប្រជុំ ហើយអនុម័តគាំទ្រ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២0១៧ នេះ។
ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ថា សេចក្តីស្នើច្បាប់ទាំងនោះ គឺស្របនឹងរដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នចុងក្រោយ ដែលមានដែនសមត្ថកិច្ចក្នុងការពិនិត្យសេចក្តីស្នើសុំឲ្យកែច្បាប់ទាំង៤ បន្ទាប់ពីឆ្លងកាត់ការអនុម័តជាបន្តបន្ទាប់ពីរដ្ឋសភានិងព្រឹទ្ធសភា។ ជានីតិវិធី ក្រោយរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យនិងអនុម័តចប់សព្វគ្រប់ សេចក្តីស្នើសុំឲ្យកែច្បាប់ទាំង៤នេះ ត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្ត ឲ្យប្រើប្រាស់ជាផ្លូវការ។
ច្បាប់ទាំង ៤ ដែលត្រូវបានកែប្រែក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕
Pdach Kar
Tuesday, October 24, 2017