Views
បើនិយាយដល់ឃុំអូរចា រូបភាពដែលប្រាកដឡើងក្នុងចិត្តដំបូង គឺ កញ្ញា រ៉ូហ្សិត យុវតីសម័យថ្មីក្នុងគណបក្សសង្រ្គោះជាតិនិយមការផ្លាស់ប្តូរដោយអហិង្សាដើម្បីដណ្តើមអំណាចរដ្ឋ ប៉ុន្តែបើនិយាយដល់ផ្លូវវេងស្រេងវិញ រូបភាពដែលប្រាកដក្នុងចិត្តដំបូង គឺ ហ៊ុន សែន យុវជនសម័យចាស់ក្នុងគណបក្សប្រជាជនកម្ពុជានិយមបង្រ្កាបបង្ហូរឈាមជនជាតិឯងដោយហិង្សាដើម្បីរក្សាការពារអំណាចរដ្ឋ ។
កាលពីកំលុងឆ្នាំ ១៩៧៩ មានកម្មវិធីមួយហៅថា សំឡេងអំពាវនាវ ជាកម្មវិធីរបស់រដ្ឋាភិបាលអាយ៉ងដែលផ្សាយតាមរលកវិទ្យុជាតិអំពាវនាវឲ្យខ្មែរអ្នកតស៊ូនៅព្រំដែនចុះចូលជាមួយរដ្ឋាភិបាលអាយ៉ងដែលមានយួនជាមេកើយ កាលពីម្សិលមិញ លោក ហ៊ុន សែន ក៏ប្រើកម្មវិធីសំឡេងអំពាវនាវដូចសម័យ ៧៩ នោះដែរដល់មេឃុំចៅសង្កាត់ខាងគណបក្សសង្រ្គោះជាតិទាំងអស់ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា ដោយសន្យាថា នឹងរក្សាតំណែងមេឃុំចៅសង្កាត់ទុកឲ្យទាំងអស់
ក៏ប៉ុន្តែសារអំពាវនាវបែបគំរាមកំហែងនេះមិនបានផលជាវិជ្ជមានច្រើនទេ ផ្ទុយទៅវិញ បែរជាមានប្រតិកម្មឆ្លើយតបពីសំណាក់មេឃុំចៅសង្កាត់ខាងគណបក្សសង្រ្គោះជាតិថា ពួកគេមិនចុះចូលជាមួយគណបក្សប្រជាជនជាដាច់ខាត ព្រោះពួកគេយល់ថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាប្រៀបដូចជាការចូលរួមបំផ្លាញជាតិដូច្នោះដែរ ជាពិសេស
កញ្ញា រ៉ូហ្សិត ចៅសង្កាត់អូរចាដ៏ល្បីល្បាញបានចេញប្រតិកម្មឆ្លើយតបនៅលើទំព័រហ្វេសប៊ុករបស់កញ្ញា ថា
ឧត្តមគតិមិនអាចកាត់ថ្លៃបាន
ទោះប៉ុន្មានខែចុងក្រោយនេះកំដៅនយោបាយបានដុតរោលមកលើគណបក្សសង្គ្រោះជាតិ
យ៉ាងសន្ធោសន្ធៅយ៉ាងណាក្តី ក៏ទឹកចិត្ត ឧត្តមគតិ មនសិកាស្នេហាជាតិរបស់ខ្ញុំ ក៏ដូចអ្នកគាំទ្រ
គណបក្សសង្គ្រោះជាតិទាំងអស់មិនរុញរា មិនខ្លបខ្លាច មិនចុះញ៉ម ទៅនឹងអំណាចគំរាម អំណាចទឹកលុយ និងការបាត់បង់មុខដំណែង តួនាទី ជាចៅសង្កាត់ ឬជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បន្តិចណាសោះ ។
ដូច្នេះ ខ្ញុំសូមបញ្ជាក់ថា កុំប្រើដៃម្ខាងគំរាមរំលាយបក្សខ្ញុំ និង ដៃម្ខាងទៀតអូសទាញអោយខ្ញុំចុះចូល
ជាមួយបក្សរបស់អ្នកអោយសោះ ព្រោះកាលខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្សសង្គ្រោះជាតិដំបូង ខ្ញុំមិនដែលមានបំណងចង់ធ្វើជាក្រុមប្រឹក្សាឃុំសង្កាត់ ឬមេឃុំចៅសង្កាត់ម្តងណាឡើយ គឺបំណងរបស់ខ្ញុំមានតែមួយគត់ ការផ្លាស់ប្តូរជាវិជ្ជមាន តាមរយះការបោះឆ្នោតដោយឈរលើគោលការណ៍អហឹង្សា
សារឆ្លើយតបដោយប្រណិធានមោះមុតខាងលើនេះ ក្លាយជាអាវុធមុតស្រួចចាក់ចំបេះដូង
យុវជនសម័យចាស់ដែលមិនចង់ផ្លាស់ប្តូរបែបអហិង្សាយ៉ាងដំណំ ៕