Views
ពេលវេលានេះ គណបក្សសង្រ្គោះជាតិកំពុងប្រឈមមុខនឹងសឹកមុខ ៣ គឺ ១) ផ្ទៃក្នុបក្សមានការរង្គោះរង្គើ ២)គណបក្សគូប្រកួតកំពុងអូសទាញអង្គបោះឆ្នោត តំណាងរាស្រ្ត ឬ អ្នកគាំទ្រ និង ៣) គណបក្សកំពុងប្រឈមមុខនឹងច្បាប់កំណែថ្មី ។
បញ្ហាការអូសទាញក្តី ការប្រឈមមុខនឹងច្បាប់កំណែថ្មីក្តី ចាត់ជាខ្យល់ព្យុះខាងក្រៅដែលកំពុងបោកបក់មកកាន់គណបក្សសង្រ្គោះជាតិទាំងមានសំឡេងអំពាវនាវឲ្យចុះចូល ចាត់ជាកន្សែងបក់កន្សែងបោយដង្ហោយខាបដួងព្រលឹងរបស់គណបក្សយកទៅទៀត ប៉ុន្តែបញ្ហាធំបំផុតដែលគណបក្ស
កំពុងប្រឈម គឺ ផ្ទៃក្នុងបក្ស ។
ផ្ទៃក្នុងបក្សពេលនេះប្រៀបដូចជាសំបុកអង្រ្កងត្រូវបានវាយបំបែក រចនាសម្ពន្ធបក្សបែកបាក់រតាត់រតាយក្លាយជាក្រុមតូច ៗរហូតដល់រកមេកើយមិនឃើញ ។ មេកើយមួយនៅក្នុងគុក និង មេកើយមួយទៀតនៅក្រៅប្រទេស ។
តំណាងរាស្រ្តដែលជាបរិវារហែហមជ្រោមជ្រែងបក្សក៏កំពុងបាក់បែកចែកផ្លូវ ខ្លះទៅចូលបក្សកាន់អំណាច ខ្លះកំពុងដើរតួជាកូនអុកបក្សកាន់អំណាច និង ខ្លះទៀតកំពុងតែរស់នៅឯបរទេសមិនហ៊ានវិលត្រឡប់មកកាន់ប្រទេសវិញទោះបីមានអភ័យឯកសិទ្ធិក៏ដោយ ព្រោះអភ័យឯកសិទ្ធិមិនអាចជួយពួកគេឲ្យរួចផុតពីការចោទប្រកាន់ណា ៗ បានឡើយ ។
ឃើញថា គណបក្សសង្រ្គោះជាតិមិនទាន់ដល់ពេលវេលាឡើងសៃវៀនប្រកួតផង ក៏ទន់ដៃទន់ជើង អូសលោងមុនបាត់ទៅហើយ ម្តេចឡើយនឹងមានកម្លាំងច្បាំងតតាំងនឹងគណបក្សគូប្រកួតបាននោះ ។
និយាយពីអ្នកគាំទ្រថ្នាក់ក្រោមវិញក៏កំពុងតែតោងវល្លិ៍តោងស្មៅទប់ទល់នឹងខ្យល់ព្យុះបោកបក់អូស ទាញគ្រប់រូបបែប ក្លាយទៅជាថា អ្នកគាំទ្រមានកម្លាំងខ្លាំងក្លាជាងក្បាលម៉ាស៊ីនថ្នាក់លើទៅទៀត គេថា មាឌធំទោះដាច់ក្បាលក៏មិនងាយរលំដែរ ទោះបីប្រឹងច្រានក៏ដោយ ។
ហេតុនោះ ក្តីសង្ឃឹមរបស់គណបក្សសង្រ្គោះជាតិស្ថិតនៅលើកណ្តាប់ដៃអ្នកគាំទ្រ ទោះបីមានការអូសទាញ ឬ អំពាវនាវឲ្យចុះចូលយ៉ាងណា បើអ្នកគាំទ្រនៅតែនិយាយថា មិនចុះញ៉ម មិនចុះចូលទោះក្នុងកាលៈទេសៈណាក៏ដោយ ពេលនោះ បក្សកាន់អំណាចគ្មានជម្រើសអ្វីក្រៅពីទទួលស្គាល់ការពិតដែលកើតចេញពីទឹកចិត្តគាំទ្រពិតប្រាកដ មិនក្បត់ មិនបោះបង់ឆន្ទៈផ្លាស់ប្តូរនោះទេ ។
Pdach Kar
Saturday, October 28, 2017