Views
ប្រភពនិមិត្តរូបនៃការផ្លាស់ប្តូរ ៖ ដោយសារតែអំពើពុករលួយ រដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់អាជ្ញាបណ្ណសម្លាប់មនុស្ស ឲ្យទៅមន្ទីរពេទ្យឯកជន គ្មានជំនាញ ពូកែតែបោកបញ្ឆោតប្រជារាស្ត្រ ហើយធ្វើឲ្យមនុស្សស្លាប់ ដូចសត្វធាតុ ។
កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ថ្ងៃនេះ បានឲ្យដឹងថា មានគ្លីនិកឯកជនមួយ គ្មានជំនាញវេជ្ជសាស្ត្រត្រឹមត្រូវ នៅខេត្តស្វាយរៀង បានធ្វើឲ្យអ្នកស្រុកស្លាប់ ៤ នាក់ ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ក្នុងករណីដែលមិនត្រូវស្លាប់ទាល់តែសោះ។ ករណីបាត់បង់ជីវិតទាំង ៤ នោះ មាន ៣ ពាក់ព័ន្ធការវះភ្លៅ ដែលបាក់ឆ្អឹង ហើយមួយទៀត វះកាត់យកស្បូនចេញ។ ករណីទាំង ៤ នេះ គឺជាករណីវះកាត់យ៉ាងសាមញ្ញ សម្រាប់គ្រូពេទ្យវះកាត់ ដែលមានជំនាញត្រឹមត្រូវ។ តែនៅស្រុកខ្មែរសព្វថ្ងៃ មានពេទ្យក្លែងក្លាយច្រើនណាស់ ដែលគ្មានជំនាញវិជ្ជាជីវៈអ្វីឡើយ តែដើរភូតភរគេ ដើម្បីរកលុយ យ៉ាងអសីលធម៌ជាទីបំផុត។
ខាងលើនេះ គ្រាន់តែជាករណីមន្ទីរពេទ្យឯកជនមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់យ៉ាងច្រើន តែមានមន្ទីរពេទ្យឯកជនបែបនេះច្រើនទៀត នៅទូទាំងប្រទេស ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បណ្តោយឲ្យដំណើរការ ពីព្រោះទទួលសំណូកសូកប៉ាន់ ពីជនទុច្ចរិត។
បញ្ហាមួយទៀតដ៏ធ្ងន់ធ្ងរ សម្រាប់សុខភាព ដែលប៉ះពាល់រហូតដល់អាយុជីវិតប្រជាពលរដ្ឋ គឺជាតិគីមី ប្រកបដោយគ្រោះថ្នាក់ ដែលផលិតករទុច្ចរិត ជាពិសេសនៅប្រទេសវៀតណាម គេបញ្ចូលក្នុងអាហារ ដែលគេនាំចូលមកលក់ នៅប្រទេសកម្ពុជា។
រដ្ឋាភិបាលលោក ហ៊ុន សែន គួរណាស់ខំប្រឹងប្រែង បំបាត់អំពើពុករលួយ ហើយរកអ្នកជំនាញ ប្រកបដោយសីលធម៌ មកធ្វើការ ដើម្បីដោះស្រាយបញ្ហាសុខាភិបាល ដ៏ធ្ងន់ធ្ងរ ខាងលើនេះ។
ជាការសោកស្តាយណាស់ ដែលលោក ហ៊ុន សែន ខ្លួនឯង មិនរវីរវល់ ពីបញ្ហាអាយុជិវិត សម្រាប់ប្រជាពលរដ្ឋទូទៅ តែគាត់បែរមកគិតតែពីចង់រំលាយគណបក្សសង្គ្រោះជាតិ ទៅវិញ៕
Pdach Kar
Tuesday, October 24, 2017