Views
រាជធានីភ្នំពេញ ៖ កម្ពុជានិងវៀតណាម
បានព្រមព្រៀងគ្នាដោះដូរដីតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ
ដែលការព្រមព្រៀងនេះ
ត្រូវបានធ្វើឡើងក្នុងពេលគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា
និងវៀតណាម ជួបប្រជុំគ្នានៅទីក្រុងហូជីមិញប្រទេសវៀតណាម
ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែតុលា ។
កំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម ដែលក្រសួងការបរទេសវៀតណាម ចេញផ្សាយនៅថ្ងៃទី ២០
ខែតុលា ឆ្នាំ២០១៦ ជាភាសាវៀតណាម តាមគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា
ភាគីទាំង ២ កម្ពុជា-វៀតណាម
បានពិភាក្សាអំពីការដោះដូរដីតាមអនុស្សរណៈយោគយល់គ្នា(MOU)
នៅតាមខេត្តមួយចំនួនដែលពាក់ព័ន្ធនឹងប្រទេសទាំង២ ។ ក្រៅពីនេះ
ភាគីទាំងពីរឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិ
ដើម្បីមកជួយក្នុងបញ្ហាបោះបង្គោលព្រំដែននេះដែរ ។
ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
លោកទេសរដ្ឋ វ៉ា គឹមហុង
ត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់ប្រសាសន៍នៅថ្ងៃទី២២ ខែតុលា ថា
តំបន់ដែលត្រូវដោះដូរជាមួយភាគីវៀតណាម
គឺជាដីភូមិរបស់ពលរដ្ឋខ្មែរមួយចំនួនដែលចូលដីវៀតណាម។
លោកថ្លែងថា ដីដែលត្រូវដោះដូរនោះ ស្ថិតនៅក្នុងខេត្តស្វាយរៀង
រតនគិរី មណ្ឌលគិរី ជាដើម ។
លោក វ៉ា គឹមហុង ពន្យល់ថា
ការដោះដូរដីតាម MOU នេះ លុះត្រាដីនោះនៅក្នុងខេត្តជាប់គ្នា
ប៉ុន្តែបើខេត្តនោះរកដីដូរមិនបាន
ទើបមានការពិចារណារកកន្លែងផ្សេងនៅតាមតំបន់ជិតៗនោះ ។ លោកបន្តថា
មូលហេតុនៃការដោះដូរនេះ
ព្រោះរដ្ឋាភិបាលមិនចង់ឲ្យពលរដ្ឋបាត់បង់ភូមិករ
ដីស្រែចម្ការរបស់ខ្លួនដែលកំពុងរស់នៅ
ប៉ុន្តែជាដីដែលស្ថិតក្នុងដែនដីរបស់វៀតណាម ។
ភាគីទាំងពីរបានចុះហត្ថលេខាលើលទ្ធផលនៃកិច្ចប្រជុំ
ដែលភាគីវៀតណាមដឹកនាំដោយលោក ឡេ ហ្វាយ ជុង (Le Hoai Trung)
អនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកគណៈកម្មការព្រំដែនជាតិ ។
ឯភាគីកម្ពុជា គឺប្រធានគណៈកម្មការព្រំដែន លោកទេសរដ្ឋមន្ត្រី វ៉ា
គឹមហុង ក្រៅពីនេះក៏មានតំណាងក្រសួង ស្ថាប័ន
និងអាជ្ញាធរមូលដ្ឋាននៅជាប់ព្រំដែនប្រទេសទាំង២ចូលរួមផងដែរ ។
កំណត់ហេតុនៃកិច្ចប្រជុំបានបង្ហាញថា
មកដល់ពេលនេះ ភាគីទាំង២សម្រេចបាន៨៣ភាគរយនៃការងារបែងចែកព្រំដែន
និងបោះបង្គោលព្រំដែន
និងបន្តអនុវត្តសន្ធិសញ្ញាទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នា
ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់
និងដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនគោកឲ្យបានឆាប់
និងអនុវត្តសន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ។
ភាគីទាំង២
ឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិ
ដើម្បីមកជួយលើបញ្ហាបោះបង្គោលព្រំដែន
ហើយក៏បានឯកភាពសហការសាងសង់ស្ពានថ្មីនៅតំបន់ដាក់ដាំជំនួសស្ពានចាស់
ដើម្បីជំរុញការសហការផ្លាស់ប្ដូរវប្បធម៌ សេដ្ឋកិច្ច
រវាងមូលដ្ឋានទាំង២ ។
ប្រធានគណៈកម្មការព្រំដែនកម្ពុជា
លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង
ដែលវិទ្យុផ្សាយជាខេមរភាសាដកស្រង់ប្រសាសន៍ បានបញ្ជាក់បន្ថែមថា
ភាគីទាំងពីរពិតជាបានឯកភាពគ្នាដូចអ្វីដែលជាការបង្ហាញរបស់ភាគីវៀតណាមមែន។
ទោះបីភាគីវៀតណាមបង្ហាញកំណត់ហេតុនេះជាសាធារណៈមែន
ប៉ុន្តែលោកទេសរដ្ឋមន្ដ្រី ថ្លែងថា ជាគោលការណ៍
ភាគីកម្ពុជាមិនបង្ហាញរបាយការណ៍នេះជាសាធារណៈទេ ។
លោក វ៉ា
គឹមហុង មានប្រសាសន៍ថា
ក្រោយពីរូបលោកចុះហត្ថលេខាលើការព្រមព្រៀងនេះហើយ
លោកត្រូវបញ្ជូនទៅសម្តេចតេជោយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបន្ត ។
បើតាមលោកទេសរដ្ឋមន្ដ្រី
រឿងនេះអាចនឹងត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋសភាថែមទៀតផង ។
ទាក់ទងនឹងបញ្ហាព្រំដែននេះដែរ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ
បដិសេធមិនធ្វើអត្ថាធិប្បាយទេ
ខណៈដែលលោកមិនទាន់ទទួលបានព័ត៌មាននេះជាផ្លូវការ។
គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម
បានឯកភាពឲ្យក្រុមការងារពិសេសវៀតណាម-កម្ពុជា
ជួបគ្នានៅដើមខែវិច្ឆិកា ខាងមុខ
ដើម្បីកំណត់ឲ្យច្បាស់លាស់នូវដីពិតប្រាកដរបស់បង្គោលព្រំដែន
ដូចជានៅខេត្តដាក់ឡាក់ មណ្ឌលគិរី តៃនិញ ស្វាយរៀងជាដើម ។
បន្ទាប់ពីកំណត់បានទីតាំងច្បាស់លាស់ហើយ
នឹងប្រគល់ការងារទាំងនេះឲ្យអាជ្ញាធរព្រំដែនបោះបង្គោល ។
គូររំឭកថា
ក្នុងជំនួបនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ
ភាគីវៀតណាមបានយល់ព្រមទទួលយកការតវ៉ារបស់កម្ពុជា
ទាក់ទងនឹងការរំលោភចូលអធិបតេយ្យភាពកម្ពុជា
ទៅជជែកពិភាក្សាជាមួយអន្តរក្រសួងពាក់ព័ន្ធរបស់វៀតណាម ។
ក្នុងកិច្ចប្រជុំលើកនោះដែរ
ភាគីកម្ពុជាក៏បង្ហាញគោលជំហររឹងមាំឯករាជ្យក្នុងការដោះស្រាយបញ្ហាចម្រូងចម្រាសនៅតាមព្រំដែនកម្ពុជា-វៀតណាម
។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
និងជាប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា
លោក ឡេ ហ្វាយ ជុង
ថ្លែងប្រាប់ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ថា វៀតណាមនឹងជូនដំណឹងត្រឡប់មកវិញ
បន្ទាប់ពីការសម្រេចរបស់ថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាលវៀតណាម
លើដំណោះស្រាយឆ្លើយតបនឹងការតវ៉ារបស់កម្ពុជា ។
ចាប់ខែតុលា
ឆ្នាំ២០១១ រហូតមកដល់ខែសីហា ឆ្នាំ២០១៦
រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ទូតនិងលិខិតតវ៉ាពីការរំលោភចូលទឹកដីកម្ពុជាទៅរដ្ឋាភិបាលវៀតណាម
មិនតិចជាង២៣លើកឡើយ ។
បញ្ហាដែលត្រូវបានលើកមកជជែកក្នុងកិច្ចប្រជុំលើកនោះមានដូចជា
ការសាងសង់ប៉ុស្តិ៍យាមរបស់វៀតណាម
ក្នុងតំបន់ដែលមិនទាន់ដោះស្រាយចប់ (តំបន់ស) ការសាងសង់អគារ
ការជីកស្រះ ការធ្វើផ្លូវដែលភាគីកម្ពុជា អះអាងថា
វៀតណាមបានធ្វើលើទឹកដីកម្ពុជា ការបោះបង្គោលព្រំដែន
និងសំណើសុំអន្តរាគមន៍ពីប្រទេសបារាំង ៕
Pdach Kar
Thursday, October 26, 2017