Views
ភ្នំពេញ ៖ ក្នុងកាលៈទេសៈដែលគណបក្សសង្រ្គោះជាតិកំពុងប្រឈមនឹងការរំលាយ គួរណាស់តែតំណាងរាស្រ្តរឹងមាំនៅចំពោះមុខស្ថានការណ៍នយោបាយនេះ ប៉ុន្តែបែរជាមានតំណាងរាស្រ្តមុខលុយម្នាក់សុំចុះចូលជាមួយគណបក្សគូប្រកួតដើម្បីលាភសក្ការៈទៅវិញ នេះឯងជាលក្ខណៈនៃការបំបែកដោយបុគ្គលផ្ទៃក្នុងឈានដល់ការរលាយដោយគូប្រកួតមិនបាច់រំលាយ ។
នេះជាចំណុចចិត្តសាស្រ្តសំខាន់មួយដែលគូប្រកួតចង់បាន និង បំបាក់ទឹកចិត្តអ្នកគាំទ្របក្សសង្រ្គោះជាតិ ប៉ុន្តែសម្រាប់អ្នកគាំទ្រជាទូទៅបានដាក់ចិត្តដាក់ថ្លើមរួចជាស្រេចហើយថា ទោះបុគ្គលណាទៅចុះចូលយ៉ាងណា ឬ ទៅងាប់ចោលឆ្អឹងឯណា មិនមែនជារឿងសំខាន់ទេ រឿងដែលសំខាន់បំផុត គឺ គណបក្សសង្រ្គោះជាតិត្រូវតែស្ថិតនៅ ហើយអាចឈរប្រកួតជាមួយនឹងបក្សប្រជាជនបានលើវេទិកាបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ។
រឿងការចុះចូលរបស់បុគ្គលណាមួយចាត់ជាសាច់ស្អុយដែលរបេះចេញទៅដោយមិនបាច់ស្តាយស្រណោះ ។
អំពើក្បត់ឆន្ទៈរាស្រ្តកើតមានជាហូរហែតាំងពីឆ្នាំ ១៩៩៨ មក ដូចជា អៀង ម៉ូលី ទន់ចាយ ខឹម វាសនា រណឫទ្ធិក្បត់សម រង្សី ឡើងធ្វើជាប្រធានសភា និង ចុងក្រោយនេះ គឺ ឡុង ប៊ុន្នី
សូមព្យាករអនាគតរបស់អ្នកចុះចូលទាំងនេះថា ជាបុគ្គលឥតតម្លៃក្នុងក្រសែភ្នែករាស្រ្ត និង អស់អនាគត ។
នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ នេះ លោក ឡុង ប៊ុន្នី
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រចាំមណ្ឌលព្រៃវែង តាមរយៈលោក ស សុខា កូនប្រុស លោក ស ខេង បានប្រកាសដាក់លិខិតជូនលោក ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា សំណើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ។
នៅក្នុងលិខិតរបស់លោក ឡុង ប៊ុន្នី បានបញ្ជាក់ថា៖
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ
ខ្ញុំបាទសូមគោរពជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ
មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ
ខ្ញុំបាទសូមសម្តេចអគ្គមហាសេនាបតីតេជោ
មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
ដោយសេចក្តីអនុគ្រោះបំផុត។
សេចក្តីដូចបានគោរពជម្រាបខាងលើ
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាពិនិត្យ
និងសម្រេចដ៏ខ្ពង់ខ្ពស់បំផុត៕