Views
ប្រភពអាស៊ីសេរី ៖ អ្នកវិភាគសង្គមឯករាជ្យ លើកឡើងថា ការបង្ក្រាបណាមួយរបស់កងកម្លាំងប្រដាប់អាវុធ ដល់ពលរដ្ឋដែលតវ៉ា ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ គឺជាអំពើខុសច្បាប់ជាតិ និងអន្តរជាតិ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា កម្ពុជានឹងអាចជួបបញ្ហាធ្ងន់ធ្ងរ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ រួមមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំ ក្នុងការនាំចូលផលិតផលសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជា មានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។ បន្ថែមពីនេះ ប្រសិនបើពលរដ្ឋងើបឡើងតវ៉ា និងមានការបង្ក្រាបដោយការប្រើអាវុធនោះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងមិនអាចនៅស្ងៀមឡើយ។ «សំឡេង»
ការបញ្ជាក់របស់អ្នកវិភាគឯករាជ្យរូបនេះ ធ្វើឡើងបន្ទាប់ពី លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បានប្រកាសនៅចំពោះមុខមេទ័ពកំពូលៗ និងកងទ័ពរាប់រយនាក់ ឲ្យត្រៀមបង្ក្រាបបដិវត្តន៍ពណ៌ និងទប់ស្កាត់សកម្មភាពនានា ដែលចង់មករារាំងការអនុវត្តច្បាប់ ចំពោះជនក្បត់ជាតិ និងបក្សក្បត់ជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលានេះ ក្នុងខេត្តស្ទឹងត្រែង។
ការប្រកាសរបស់លោក ទៀ បាញ់ នេះ គឺធ្វើឡើងមួយថ្ងៃក្រោយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកមិនឈឺក្បាលវិលមុខចំពោះសម្ពាធអន្តរជាតិ ហើយក៏មិនបារម្ភចំពោះការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច របស់ពិភពលោកចំពោះកម្ពុជានោះទេ។
លោក ទៀ បាញ់ បញ្ជាក់ថា មេដឹកនាំកម្ពុជា មិនបានខ្លាចគំនាបបរទេសណាទាល់តែសោះ សូម្បីប៉ុនសរសៃសក់ ពីព្រោះពួកគេគ្មានលុយទុកនៅបរទេស ហើយក៏មិនចង់ទៅរកស៊ី និងទៅរស់នៅ ប្រទេសផ្សេងក្រៅពីកម្ពុជានោះដែរ។ លោកថា ការដាក់គំនាបរបស់បរទេសនាពេលនេះ គឺមិនធ្ងន់ធ្ងរដូចកាលពីទសវត្សរ៍ឆ្នាំ៨០នោះទេ ដែលកាលនោះ បរទេសបានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជាខ្លាំងណាស់ ក៏ប៉ុន្ដែ ស្ថានភាពកម្ពុជាបច្ចុប្បន្នមិនដូចពេលនោះឡើយ។ ក្នុងឯកសណ្ឋានយោធា ពាក់ផ្កាយបួន លោក ទៀ បាញ់ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនផងនោះ មិនភ្លេចរំលឹកឲ្យមន្ត្រីសង្គ្រោះជាតិ ចុះចូលនឹងបក្សកាន់អំណាចនោះទេ ប្រសិនបើចង់រក្សាដំណែងតទៅមុខទៀត។ លោក ទៀ បាញ់ លើកឡើងដូច្នោះ ទាំងមិនបារម្ភពីការបាត់បង់ឯករាជ្យភាពនៃកងកម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងអព្យាក្រឹត្យឡើយ។
ទាក់ទងនឹងការអំពាវនាវឲ្យតំណាងរាស្ត្រ និងមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ ចូលរួមរស់ជាមួយគណបក្សកាន់អំណាចវិញ លោក ឡៅ ម៉ុងហៃ សង្កេតឃើញថា រហូតមកដល់ពេលនេះ គឺពុំមានច្រើនទេ ដោយសារភាគច្រើន មានឧត្ដមគតិស្មោះត្រង់ជាមួយពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំង។
មន្ត្រីដែលសុំចុះចូលជាមួយគណបក្សកាន់អំណាច រហូតមកដល់ពេលនេះ មានតែតំណាងរាស្ត្រម្នាក់ របស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួន៕
Pdach Kar
Saturday, October 28, 2017