កាលពីថ្ងៃទី២៦ ខែតុលា ២០១៧
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង
បានអំពាវនាវឲ្យដល់សមាជិក សិស្ស និស្សិត យុវជន ព្រះសង្ឃ និង
ប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមធ្វើបាតុកម្មដោយអហិង្សា
ដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ក្នុងករណីរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិមែន ។
លោក សេងហុង
បានបញ្ជាក់ថា បាតុកម្មនេះយើងគ្រាន់តែចង់សម្ដែងមតិ
ចង់ការពារឆន្ទៈរបស់ប្រជាពលរដ្ឋ
ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ ព្
ជាការឆ្លើយតប ចំពោះការអំពាវនាវរបស់លោក សេងហុង រដ្ឋាភិបាល ហ៊ុន សែន
បានបញ្ជាទៅតុលាការក្រុងភ្នំពេញចាត់ការទប់ស្កាត់យ៉ាងតក់ក្រហល់
ដោយចេញដីការបង្គាប់ឲ្យលោក សេងហុង
ចូលខ្លួនបំភ្លឺនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ឲ្យបានមុនថ្ងៃទី៣០ វិច្ឆិកា ២០១៧ នៅរៀងរាល់ម៉ោងធ្វើការ
ដើម្បីបំភ្លឺលើករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ទៅវិញ ។
ករណីតុលាការចេញដីការបង្គាប់ឲ្យលោក សេងហុង ចូលខ្លួនបំភ្លឺនេះ
បានបង្ហាញឲ្យយើងឃើញច្បាស់អំពីការដឹកនាំតាមស្តង់ដារពីរនៃររបប ហ៊ុន សែន ។
ដោយហេតុថា បើពលរដ្ឋបាននិន្នាការមិនគាំទ្ររដ្ឋាភិបាល
ធ្វើបាតុកម្មទាមទារយុត្តិធម៌ ឬលក្ខណ្ឌ័អ្វីមួយ
តែងតែត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ឬចោទប្រកាន់ពិបទល្មើសផ្សេងៗ
ការចោទប្រកាន់នោះជាការរំលោភសិទ្ធពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មាត្រា
៣៧ « សិទ្ធិធ្វើកូដកម្ម និង ធ្វើបាតុកម្មដោយសន្តិវិធី
ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់ » ។
ដោយឡែក
បើមេដឹកនាំ ឬអ្នកគាំទ្ររដ្ឋាភិបាល កុំថាឡើយធ្វើបាតុកម្មអហិង្សា
ទោះជាពួកគេបាតុកម្មហិង្សាវាយដំច្រំធាក់
ឬប្រកាសញុះញង់ឲ្យមានហិង្សាក្នុងសង្គមក៏ដោយ
ក៏ពួកគេមិនត្រូវបានតុលាការចាត់ការតាមច្បាប់ឲ្យបានត្រឹមត្រូវឡើយ ។ ជាក់ស្តែង
ករណីវាយតំណាងរាស្ត្របក្សសង្គ្រោះជាតិនាពេលកន្លងមក
ជនល្មើសត្រូវបានឡើងសក្តិឋានៈ តួនាទី នឹងលុយកាក់ផងដែរ ។
ជាងនេះទៀត ហ៊ុន សែន
បានប្រកាសជារឿយៗឲ្យពលរដ្ឋត្រៀមទប់ទល់បរទេស គំរាមពីសង្គ្រាម វង សូត
ប្រកាសប៉ុនប៉ងវាយក្បាលពលរដ្ឋនឹងគល់ឬស្សី ទា បាញ់
ប្រកាសចង់វាយពលរដ្ឋបំបែកធ្មេញ ជាដើម
មិនដែលឃើញតុលាការ ហៅអ្នកទាំងនោះ ទៅសាកសួរឡើយ ។
របបដឹកនាំដែលប្រើច្បាប់បែបស្តង់ដារពីរដូចនេះ
បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព របស់ពលរដ្ឋយ៉ាងខ្លាំង
ហើយក៏ជាដើមចមដែលធ្វើឲ្យជាតិបែកបាក់ ដោយសារការើសអើង ក្នុងការអនុវត្តន៍ច្បាប់នេះដែរ
៕
ប្រភព ៖
ឆាំ ឆានី