Views
រាប់ចាប់តាំងថ្ងៃទី១៦ ខែវិច្ឆិកាមក ពីនោះមក លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភាបារាំង មកពីគណបក្ស«En Marche!» ដែលកំពុងកាន់អំណាច របស់ប្រទេសបារាំង បានសម្ដែងប្រតិកម្មម្ដងហើយម្ដងទៀត ទោមនស្សនឹងសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ដែលចេញដោយក្រុមចៅក្រមតុលាការកំពូល ដែលមានសមាសភាពភាគច្រើន ជាមន្ត្រីស្និទនឹងគណបក្សកាន់អំណាច ក្នុងប្រទេសកម្ពុជា។
ការហាមឃាត់ក្រុមអ្នកនយោបាយប្រឆាំង នៅក្នុងប្រទេសកម្ពុជា មានន័យថា «បន្ទាត់ក្រហម»មួយ ទើបនឹងត្រូវបានលោតរំលង ដោយរដ្ឋាភិបាលកម្ពុជា។ ហើយបរិយាកាសនយោបាយ ក្នុងរយៈពេលចុងក្រោយ បាន«ដើរផ្ទុយទៅនឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ ដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ បានកំណត់សម្រាប់ប្រទេសកម្ពុជា»។
ខាងលើនេះ ជាដំណកស្រង់ចេញពីផ្នែកមួយ នៃសេចក្ដីប្រកាសព័ត៌មាន របស់លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភាបារាំង មកពីគណបក្ស«En Marche!» ដែលជាគណបក្សកំពុងកាន់អំណាច របស់ប្រទេសបារាំង។
ប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេ លោក អង់ដ្រេ ហ្គាតូឡាំង ដែលជាអនុប្រធាននៃគណៈកម្មការនៃកិច្ចការអ៊ឺរ៉ុប (របស់ព្រឹទ្ធសភាបារាំង) និងជាអនុប្រធាន នៃក្រុមសមាជិកព្រឹទ្ធសភាជាមិត្ត បារាំង-កម្ពុជា នៅបានបរិហារសាលក្រមរបស់តុលាការកំពូល ថាមានលក្ខណៈ«ដ៏អាស្រូវ» និង«ដ៏អយុត្តិធម៌» នោះថែមទៀត។ កាលពីថ្ងៃទី១៩ ខែវិច្ឆិកានេះ គម្រម (Cover) នៃទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានប្ដូរមកដាក់រូបសញ្ញា និងឈ្មោះជាអក្សរខ្មែរ របស់គណបក្សសង្គ្រោះជាតិវិញ។
ថ្លែងនៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេងបារាំងអន្តរជាតិ «RFI» ផ្សាយជាភាសាបារាំង លោក ហ្គាតូឡាំង បានបញ្ជាក់ថា ប្រទេសបារាំង រួមនឹងសហភាពអ៊ឺរ៉ុប នឹងចាត់វិធានការដ៏ខ្លាំងមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើរបបដឹកនាំក្រុងភ្នំពេញ ក្នុងនោះរាប់បញ្ចូល ទាំងការលប់ចោល នូវការអនុគ្រោះពន្ធនាំចូល មកកាន់អ៊ឺរ៉ុប ដែលជាលំហទីផ្សារនាំចេញធំជាងគេបង្អស់ របស់កម្ពុជា និងទាំងទៅលើមន្ត្រីជាន់ខ្ពស់ ដែលជាអ្នកទទួលខុសត្រូវ នៅក្នុងគណបក្សប្រជាជនកម្ពុជា។
នៅភ្លាមៗ ក្រោយការប្រកាសសាលក្រម របស់ក្រុមចៅក្រមតុលាការកំពូល ដែលមានសមាសភាពភាគច្រើន ជាមន្ត្រីជំនិតរបស់គណបក្សប្រជាជនកម្ពុជានោះ លោកសមាជិកព្រឹទ្ធសភាបានចេញសេចក្ដីប្រកាសព័ត៌មានមួយ រំលឹកឡើងវិញថា ប្រទេសបារាំងជាសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយអំពាវនាវ ទៅរាល់ម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀមនេះ ឲ្យគប្បីបង្ហាញជំហរជាក់លាក់របស់ផងខ្លួន ដូចអ្វីដែលកិច្ចព្រមព្រៀងនេះ បានចែងឡើង។
ក្នុងជំនួបមួយ រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ក្នុងអាគារក្រសួងការបរទេសបារាំង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក ប្រមុខការទូតបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បានគូសបញ្ជាក់ ពីភាពចាំបាច់សម្រាប់ប្រទេសកម្ពុជា នៅពេលដែលការបោះឆ្នោតជាតិ នឹងឈានចូលមកដល់ នៅឆ្នាំក្រោយ ក្នុងការងាកមករកមាគ៌ា នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋានឡើងវិញ។ ការបង្ហាញជំហរ របស់ប្រទេសបារាំងខាងលើ ធ្វើឡើងជាលើកទីពីរ បន្ទាប់ពីប្រតិកម្មលើកទីមួយ ដែលត្រូវបានក្រសួងការបរទេសបារាំង ចេញផ្សាយនៅមួយថ្ងៃ ក្រោយការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងយ៉ាងតក់ក្រហល់ ក្នុងវេលាយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោក អង់ដ្រេ ហ្គាតូឡាំង បានថ្លែងបន្ត ក្នុងកិច្ចសម្ភាសជាមួយវិទ្យុ «RFI» ទៀតថា«ប្រទេសបារាំង ក៏ដូចជាសហភាពអ៊ឺរ៉ុបត្រូវកោះប្រជុំ ឲ្យបានលឿនតាមតែអាចធ្វើទៅបាន នូវភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ១៩៩១ ដើម្បីសម្លឹងរកមើល ការចាត់វិធានការនៅចំពោះការងាកទៅរករបបផ្ដាច់ការមួយ នៅកម្ពុជា»៕
Pdach Mok
Tuesday, November 21, 2017