Views
ប្រភពវីអូឌី ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិអំណាច តែក្នុងអំឡុងពេលបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែ អ្នកឃ្លាំមើលការបោះឆ្នោត បានចាត់ទុកការលើកឡើងបែបនេះថា ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងគោលការណ៍ប្រជាធិបតេយ្យសកល។
លោក សុខ ទូច បានថ្លែងបែបនេះក្នុងវេទិកាតុមូលស្ដីពី «ដំណើរការប្រជាធិបតេយ្យក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ» ដែលត្រូវបានរៀបចំធ្វើឡើងនៅរាជបណ្ឌិតសភាកម្ពុជា នៅព្រឹកថ្ងៃនេះ។ លោកបន្ថែមថា ក្រោយការបោះឆ្នោត សិទ្ធិសម្រេចទាំងអស់ នឹងត្រូវប្រគល់ឲ្យអ្នកនយោបាយដែលបានជាប់ឆ្នោត។
លោកថា៖ «ហើយកុំភ្លេចណា ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺ មិន អាច មាន អំណាចអីទៀតទេ។ បើអំណាចគ្រប់តែគ្នា តើមានពេលណាដែល ដឹកនាំ»។
លោក សុខ ទូច ដែលត្រូវបានរដ្ឋាភិបាលតែងតាំងជាប្រធានរាជសភាកម្ពុជាកាលពីចុងខែកក្កដានោះ បានថ្លែងបែបនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីសប្ដាហ៍មុន ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ហើយថ្នាក់ដឹកនាំ និងសមាជិក ១១៨រូបរបស់បក្សនេះ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មិនយល់ស្របទៅនឹងទស្សនៈរបស់លោក សុខ ទូច ឡើយ ហើយថា ទស្សនៈបែបនេះ ផ្ទុយទៅរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យសកល ដែលអនុញ្ញាតឲ្យពលរដ្ឋចូលរួមតាមដានសកម្មភាពរដ្ឋាភិបាល។ លោកបន្ថែមថា ប្រជាពលរដ្ឋ អាចសំដែងក្ដីបារម្ភ ឬកង្វល់នានា ទៅកាន់រដ្ឋាភិបាល តាមរយៈតំណាងរាស្ដ្ររបស់ពួកគាត់។
លោកថា៖ «ខ្ញុំមិនយល់មានន័យដូចគាត់អញ្ចឹងទេ។ ក្នុងរបបលទ្ធិប្រជាធិបតេយ្យ មិនមែនមានន័យថា គ្រាន់ តែ បោះ ឆ្នោត ហើយ ចប់ ប្រជាពលរដ្ឋ លែងខ្វល់ខ្វាយ ប្រគល់ឲ្យគេ ១០០ភាគរយហ្នឹងទេ។ ច្បាប់ជ្រើសតាំងតំណាងរាស្ដ្រ ក៏គេមាន រដ្ឋធម្មនុញ្ញក៏គេមាននិយាយដែរ មានន័យថា តំណាងរាស្ដ្រហ្នឹង មានភារៈកិច្ច ក្នុងអាណត្តិ ក្រៅពីការប្រជុំក្នុងសភា គឺ គាត់ អាច មាន ភារកិច្ច ចុះជួបប្រជាពលរដ្ឋ ដើម្បីស្ទង់មតិ ជួបជាមួយប្រជាពលរដ្ឋ [ស្ដាប់] ទុក្ខលំបាករបស់ប្រជាពលរដ្ឋ»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវិភាព នយោបាយ បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ហើយសេចក្ដីស្នើ ឬកង្វល់របស់ប្រជាពលរដ្ឋ ត្រូវទទួល បានការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានហៅចំណាត់ការរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះថា ជាការដើរឃ្លាតពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ សហគមន៍អន្តរជាតិក៏បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាផងដែរ បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយបក្សប្រឆាំង ហើយលោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួន៕
Pdach Mok
Tuesday, November 21, 2017