Views
ប្រភពអាស៊ីសេរី ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ក្រុមកម្មកររោងចក្រនៅថ្ងៃទី២២ វិច្ឆិកា ថា កម្មករទេដែលជាអ្នករងគ្រោះ មិនមែនលោកទេ ប្រសិនបើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បញ្ឈប់ការនាំចេញសំលៀកបំពាក់ ក្នុងលក្ខខណ្ឌដែលរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិ។
ការបញ្ជាក់ របស់លោក ហ៊ុន សែន នេះធ្វើឡើង ក្រោយដែលតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ព្រមានកម្ពុជាជាចុងក្រោយថា នឹងបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសំលៀកបំពាក់ និងបញ្ឈប់ការលើកលែងពន្ធលើការនាំចេញផលិតផលផ្សេងៗទៀត ពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ប្រសិនរដ្ឋាភិបាលលោក ហ៊ុន សែន មិនលុបចោលការម្លាយគណបក្សប្រឆាំង និងដោះលែងលោក កឹម សុខា ជាបន្ទាន់នោះទេ។
លោក ហ៊ុន សែន បានបន្ទោសមន្ត្រីគណបក្សប្រឆាំងថា បានជំរុញឲ្យសហគមន៍អន្តរជាតិ ដាក់គំនាបដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យឧស្សាហកម្មកាត់ដេរ។ លោក ហ៊ុន សែន បញ្ជាក់នៅចំពោះមុខកម្មកររាប់ពាន់នាក់ថា លោកនឹងមិនស្លាប់ទេ អ្នកដែលស្លាប់គឺកម្មករនោះឯង៖ «ខ្លួនឯងធ្វើខុសច្បាប់ គេកាត់ទោស ហើយខ្លួនទៅអំពាវនាវ តើសម្លាប់ហ៊ុន សែន ឬសម្លាប់នរណា? ក្មួយៗត្រូវចាំឲ្យច្បាស់ ប្រសិនបើមានកាត់បន្ថយការនាំចេញសំលៀកបំពាក់ណាមួយ ជាកំហុសរបស់បក្សប្រឆាំងទាំងអស់។ វាមិនមែនស្លាប់ ហ៊ុន សែន ទេ គឺស្លាប់ក្មួយៗជាកម្មករ ក្មួយៗត្រូវចាំទុក ក៏ប៉ុន្តែខ្ញុំយល់ថា ប្រទេសនានា គេនឹងអាចយល់បានពីសេចក្ដីត្រូវការរបស់ពលរដ្ឋកម្ពុជា.»»។
ទាក់ទងនឹងការលើកឡើងនេះ អតីតប្រធានសហជីពសេរីកម្មករកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា លោក ជា មុន្នី មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា លោក ហ៊ុន សែន ត្រូវទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ជាប្រមុខដឹកនាំរដ្ឋាភិបាល។ លោក ជា មុន្នី បន្តថា ស្ថានការណ៍នយោបាយធ្លាក់ចុះដុនដាបបច្ចុប្បន្ន គឺដោយសារការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងការរំលាយគណបក្សប្រឆាំង៖ «ការពិតអ្នកដឹកនាំប្រទេស មិនអាចបន្ទោសអ្នកនេះអ្នកនោះបានទេ ព្រោះខ្លួនជាអ្នកកាត់ចង្កូតប្រទេស។ យើងដឹងថា នៅពេលគាត់ធ្វើឲ្យខូចខាតនូវឧស្សាហកម្មកាត់ដេរនៅកម្ពុជា គាត់ទម្លាក់កំហុសទៅលើគណបក្សប្រឆាំង ដែលគាត់រំលាយគេហើយ បែរជាគាត់បន្ទោសគេទៀត។ មិនតែប៉ុណ្ណោះគាត់ថា គាត់មិនស្លាប់ទេ គឺស្លាប់តែកម្មករ ស្លាប់អ្នកក្រ និងប្រជាពលរដ្ឋ។ ខ្ញុំសួរថា អ្នកដឹកនាំមួយ ដឹកនាំមិនមានការរីកចំរើន មិនមែនជាអ្នកដឹកនាំទេ យ៉ាងណាមិញ អ្នកដឹកនាំ មិនអាចបន្ទោសគេឯងបានទេ»។
បន្ថែមពីការគំរាមបញ្ឈប់ការអនុគ្រោះពន្ធ នាំចេញសំលៀកបំពាក់របស់សហភាពអឺរ៉ុប រដ្ឋាភិបាលស៊ុយអែត (Sweden) ក៏បានសម្រេចជាផ្លូវការថា នឹងមិនផ្ដួចផ្ដើមឲ្យមាននូវកិច្ចព្រមព្រៀងថ្មីណាមួយ ស្ដីពីការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឡើយ។ ចំណែកសហរដ្ឋអាមេរិកវិញ នៅមិនទាន់សម្រេចជាផ្លូវការ ក្នុងការលើកលែងពន្ធនាំចូលសំលៀកបំពាក់ចេញពីកម្ពុជានៅឡើយទេ៕
Pdach Mok
Thursday, November 23, 2017