Views
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បារម្ភខ្លាចក្រែងពលរដ្ឋរំលាយគណបក្សកាន់អំណាចវិញដោយអំណាចសន្លឹកឆ្នោត។ លោកបានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមប្រឹងប្រែងបម្រើពលរដ្ឋឲ្យបានល្អ និងលុបបំបាត់ការកាប់បំផ្លាញធនធានធម្មជាតិ និងបទល្មើសនេសាទជាដើម។ ពលរដ្ឋចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន ហាក់ពុំមានឥទ្ធិពលជាវិជ្ជមានតម្រង់ទិសពីភាពអសកម្មមន្ត្រីថ្នាក់ក្រោមរបស់ខ្លួននោះទេ។
ជនជាតិដើមភាគតិចនៅខែត្រភាគឦសាន ចាត់ទុកការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាកំពុងភ័យព្រួយខ្លាំងខ្លាចចាញ់ឆ្នោតនៅពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដ៏ធំមួយ ត្រូវបានលោក ហ៊ុន សែន ទាត់ចេញពីឆាកនយោបាយ។ ពួកគាត់អះអាងថា មហិច្ឆតារំលាយបក្សប្រឆាំង ព្រោះលោក ហ៊ុន សែន ដឹងមុនថា គណបក្សកាន់អំណាចមិនអាចយកឈ្នះបក្សប្រឆាំងបាននៅពេលបោះឆ្នោតជាតិខាងមុខ។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យមន្ត្រីរបស់លោកខិតខំធ្វើកិច្ចការឲ្យពលរដ្ឋទទួលផលប្រយោជន៍ លុបបំបាត់ភាពអសកម្មដែលកើតចេញពីមន្ត្រីរបស់លោក កុំឲ្យមានការកាប់ឈើខុសច្បាប់ និងឃុបឃិតប្រព្រឹត្តបទល្មើសនានា ឬការផ្ដល់សេវាសាធារណៈជាដើម។
លោកបារម្ភថា រដ្ឋាភិបាលមានឱកាសរំលាយបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែអំណាចសន្លឹកឆ្នោតរបស់ពលរដ្ឋអាចនឹងរំលាយគណបក្សកាន់អំណាចវិញ ប្រសិនពលរដ្ឋមិនសប្បាយចិត្ត៖ «ខិតខំបន្តធ្វើកិច្ចការបន្តទាំងឡាយឲ្យប្រជាជនទទួលផលប្រយោជន៍ ឲ្យប្រជាជនសប្បាយចិត្តតាមរយៈបំបាត់ចោលនូវភាពអសកម្មរបស់មន្ត្រីរបស់យើង កុំឲ្យមានការកាប់ព្រៃឈើខុសច្បាប់ កុំឲ្យមានការឃុបឃិតប្រព្រឹត្តបទល្មើសនានា។ យើងមានឱកាសរំលាយគេ ក៏ប៉ុន្តែមិនត្រូវភ្លេចថា ប្រជាជនក៏អាចរំលាយយើងវិញដែរតាមរយៈការបោះឆ្នោតមួយ»។
ជនជាតិដើមភាគតិចកួយ រស់នៅស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង លោក ថាន់ វ៉ន យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ភ័យព្រួយរឿងនយោបាយជ្រុលនិយមរបស់លោកដែលរំលាយបក្សប្រឆាំង បង្កឲ្យពលរដ្ឋក្ដៅក្រហល់ក្រហាយ និងខឹងសម្បាយ៉ាងខ្លាំង។ លោកគ្មានសង្ឃឹមថា ការសន្យារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចជួយជំរុញឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តឲ្យមានប្រសិទ្ធភាពនោះទេ ព្រោះលោកមើលឃើញថា មន្ត្រីរដ្ឋាភិបាលមិនបានលើកទឹកចិត្តដល់ពលរដ្ឋដែលស្ម័គ្រចិត្តគាំពារព្រៃឈើនោះទេ តែផ្ទុយទៅវិញ បើពលរដ្ឋណាឈឺឆ្អាលរឿងកាប់បំផ្លាញព្រៃឈើ ត្រូវអាជ្ញាធរចោទថា ជាក្រុមបក្សប្រឆាំងទៅវិញ៖ «ពាក្យគាត់ថា អំពាវនាវឲ្យមន្ត្រីគាត់ទប់ស្កាត់បទល្មើសព្រៃឈើខ្ញុំជឿទប់មែន ក៏ប៉ុន្តែបើទប់ស្កាត់ឈើតាមម៉ូតូ និងតាមឡានបានមួយម៉ូតូ ១ម៉ឺន និងមួយឡាន ១០ម៉ឺន តែបើទប់ស្កាត់ដុះពីដីវិញគឺមិនបានទេ»។
លោក ថាន់ វ៉ន បន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាស្ដាប់មន្ត្រីថ្នាក់ក្រោមច្រើនជាងស្ដាប់ព័ត៌មានឯករាជ្យ និងក្ដីកង្វល់របស់ពលរដ្ឋដែលអំពាវនាវតាមរយៈប្រព័ន្ធផ្សព្វផ្សាយឲ្យរដ្ឋាភិបាលទប់ស្កាត់បទល្មើសព្រៃឈើ។ លោកថា អំពើពុករលួយក្នុងរឿងបទល្មើសព្រៃឈើ គឺជាធាតុផ្សំសំខាន់ រួមចំណែកបំផ្លាញព្រៃឈើនៅកម្ពុជា ហើយអំពើពុករលួយនេះភាគច្រើនមានប្រភពពីមន្ត្រីធំៗរបស់រដ្ឋាភិបាល៖ «តាមពិតគាត់មិនមែនភ័យព្រួយរឿងព្រៃឈើទេ គឺគាត់ភ័យរឿងនយោបាយគាត់ជ្រុលនិយមទេ បើអ៊ីចឹងចង់បន្ទោសបក្សសង្គ្រោះជាតិអីណា តែតាមការពិតគឺមន្ត្រីក្រោមឱវាទគាត់មិនធ្វើ គឺចង់ទម្លាក់នាយករដ្ឋមន្ត្រី»។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការក្រើនរំឭកមន្ត្រីរបស់ខ្លួនដែលផ្ដល់សេវាសាធារណៈជូនពលរដ្ឋទាំងឡាយ ចៀសវាងកុំឲ្យពួកគេទទួលរងការខឹងសម្បាពីពលរដ្ឋ។ លោកថា បើទោះបីជាបរិយាកាសនយោបាយអាប់អួមែន ក៏ប៉ុន្តែស្ថាប័នជំនាញរបស់រដ្ឋាភិបាលនៅតែមានកាតព្វកិច្ចធ្វើកិច្ចការងាររបស់ខ្លួនតាមធម្មតាដដែល៖ «ការលើកឡើងរបស់នាយករដ្ឋមន្ត្រី គឺដើម្បីដាស់តឿនមន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីកុំឲ្យពួកគេទទួលរងការខឹងសម្បាពីពលរដ្ឋ»។
យ៉ាងណាពលរដ្ឋរិះគន់រដ្ឋាភិបាលថា គ្មានឆន្ទៈទប់ស្កាត់បទល្មើសព្រៃឈើនោះទេ បែរជាបណ្ដោយឲ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទទួលប្រយោជន៍ពីជនល្មើសដឹកជញ្ជូនឈើគ្មានទីបញ្ចប់ ដែលជាការរួមចំណែកបំផ្លាញធនធានធម្មជាតិជាប្រព័ន្ធនៅកម្ពុជា។ កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សន្យាថា លោកសុខចិត្តសម្លាប់ខ្លួនបើលោកការពារព្រៃឈើមិនបាន៕
ប្រភព ៖ អាស៊ីសេរី
Pdach Mok
Thursday, November 23, 2017