Views
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា ស្ថាប័ននេះ សម្រេចបែងចែងអាសនៈសភារបស់គណបក្សប្រឆំាងទាំង៥៥អាសនៈ ទៅឲ្យគណបក្សចំនួន៥ ដែលក្នុងនោះ គណបក្ស ហ៊្វុន ស៊ិន ប៉ិច នឹងទទួលបាន ៤១អាសនៈ ខណៈនៅសល់១៤អាសនៈទៀត មានបក្សខ្លះ ប្រកាសទទួលយក និងខ្លះទៀតបដិសេធ ។
ការសម្រេចបែងចែកអាសនៈ ឬកៅអី ក្នុងរដ្ឋសភារបស់បក្សប្រឆាំងដ៏ធំនេះ គឺធ្វើឡើងបន្ទាប់ពីមានការំលាយគណបក្សបសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយអំណាចតុលាការកំពូល។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បានពន្យល់ប្រាប់ VOD នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា សមាជិក គ.ជ.ប បានប្រជុំសម្រេចបែងចែកអាសនៈរបស់គណបក្សប្រឆំាងកាលពីថ្ងៃទី២២ម្សិលមិញ។ ហើយ លោកថា តួលេខ មិនទាន់ផ្លូវការ គណបក្ស ហ៊្វុន ស៊ិន ប៉ិច បាន៤១ គណបក្សសម័ន្ធ ដើម្បីប្រជាធិបតេយ្យបាន៦ គណបក្សខ្មែរឈប់ក្របាន៥ គណបក្សសញ្ជាតិកម្ពុជាបាន២ និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន១អាសនៈ។
លោក សោម សូរីដា បញ្ជាក់ទៀតថា ចំពោះចំនួនអាសនៈ ដែលគណបក្សចំនួនពីរ បានប្រកាសមិនព្រមទទួលនោះ លោកថា គ.ជ.ប នឹងធ្វើការបែងចែកឲ្យគណបក្សដែលមានអាសនៈនៅក្នុងសភា។
លោកបញ្ជាក់ថា «គណបក្សសម័ន្ធ ដើម្បីប្រជាធិបតេយ្យ ទទួលបាន៦អាសនៈ ហើយគណបក្សខ្មែរឈប់ក្រ ក្នុងការបែងចែកគាត់ទទួលបាន៥អាសនៈ។ សរុប អាសនៈ ដែលមិនព្រមទទួលយក គឺមានចំនួន១១។ ក្នុងជំហ៊ានទី២ យើង គ.ជ.ប និងអនុវត្តតាមកថាខ័ណ្ឌចុងក្រោយនៃមាត្រា១៣៨ស្ទួន ដែលអាសនៈ [មិនព្រមទទួលយក] នោះ ត្រូវបែងចែកទៅឲ្យគណបក្សដែលមាន [អាសនៈ] នៅក្នុងសភា»។
នៅពេល វីអូឌី សួរថា តើនៅពេលណា គ.ជ.ប សម្រេចបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ជាង៥ពាន់អាសនៈ ទៅឲ្យបក្សនយោបាយផ្សេងៗ នោះ? លោក សូរីដា ឆ្លើយតបវិញថា គ.ជ.ប នៅមិនទាន់សម្រេចអ្វីនៅឡើយ ប៉ុន្តែលោកថា មិនឲ្យផុតពីកន្លះខែនោះទេ។
ចំពោះ អ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច លោក ញេប ប៊ុនជិន មានប្រសាសន៍ថា គណបក្សរបស់លោក នៅមិនទាន់ទទួលបានព័ត៌មានពី គ.ជ.ប ថានឹងទទួលបានប៉ុន្មានអាសនៈនៅឡើយទេ។ ប៉ុន្តែ លោកថា គណបក្សរបស់លោក នឹងទទួលយកអាសនៈ៤១ តាមរូបមន្តបែងចែករបស់ គ.ជ.ប។ ហើយថា នឹងជួយបំរើប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យប្រទេសជាតិមានស្ថេរភាពនិងសន្តិភាព។
លោកថ្លែងថា «យើងទទួលយកដោយរីករាយ ហើយការទទួលយកនេះ ដោយខិតខំប្រឹងប្រែងបំរើរាស្ត្រ ថ្វីត្បិតតែ អ្នកមើលឃើញយើងថា យ៉ាងណានោះ ជាការបកប្រែរបស់គេទេ។ ប៉ុន្តែយើងយកចំនួនណាមួយនោះ ដែលច្បាប់ប្រគល់ឲ្យគណបក្ស ហ៊្វុន ស៊ិនប៉ិច យកទៅប្រើការក្លាយទៅជាសហប្រយោជន៍ចំពោះរាស្ត្រ ចំពោះជាតិ ធ្វើម៉េចឲ្យរាស្ត្របានសុខ ស្ថេរភាពនយោបាយ»។
មន្ត្រីគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានអះអាងប្រហាក់ប្រហែល គ្នាថា ករណីបក្សទំាងពីរមិនព្រមទទួលយកអាសនៈរបស់បក្សសង្គ្រោះជាតិ ដោយថា មិនចង់រំលោភឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោត។
មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា បានពន្យល់ថា តាមនីតិវិធីច្បាប់ មុននឹងសភាស្នើសុំទៅ គ.ជ.ប. បែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនយោបាយដែលមិនជាប់ឆ្នោតចំនួន៥នោះបាន លុះត្រាតែ គ.ជ.ប. មានសមាសភាព៩រូប ដើម្បីប្រជុំសម្រេចលើរបៀបវារៈផ្សេងៗ ជាមួយសំឡេង៥០បូក១បាន បើទោះបីអវត្តមានសមាជិកបីរូបក៏ដោយ។
លោក សុធារ៉ា បានពន្យល់ទៀតថា ការជ្រើសរើសសមាជិក គ.ជ.ប ថ្មីបីរូប ជំនួសអ្នកដែលលាលែងនោះ ជាកាតព្វកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទំាងពីបក្ស រួមមានបក្សប្រឆំាង និងបក្សប្រជាជានកម្ពុជា ខណៈបច្ចុប្បន្ននេះ មានតែបក្សប្រជាជនមួយតែប៉ុណ្ណោះ។ ករណីនេះ លោកបញ្ជាក់ថា ដំណាក់កាលនេះ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅពីការសម្រេចបែងចែកអាសនៈបក្សប្រឆំាង មុនជ្រើសរើសសមាជិក គ.ជ.ប ថ្មីបីរូប ជំនួសអ្នកលាលែងនោះទេ ដោយថានេះ ជាការខ្វះចន្លោះនៃច្បាប់។
លោកពន្យល់ថា៖ «គ.ជ.ប បច្ចុប្បន្នមានតែសមាជិកតែ៦នាក់ទេ ចំាបាច់ត្រូវបំពេញ៣នាក់បន្ថែមទៀតសិន បន្ទាប់មកធ្វើការសម្រេចទៅលើរឿងអ្វីមួយ។ វាចន្លោះប្រហោង ខ្វះការចង្អុលបង្ហាញបែបនេះ ប៉ុន្តែដោយសារតែរឿងហ្នឹង វាមិនធ្លាប់កើតមានពីមុនមកទេ! ចឹងជាការខ្វះខាតភាសានៃច្បាប់ហ្នឹងដែរ ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមើលឃើញថា គ.ជ.ប និងសម្រេចទៅតាមការយល់ឃើញរបស់គាត់ មានន័យថា គាត់និងសម្រេចទៅលើសំឡេង ៥០+១ នៃសមាជិក គ.ជ.ប ទំាងមូល សំដៅទៅលើ៦នាក់»។
គួរបញ្ជាក់ថា ក្រោយពី គ.ជ.ប ជូនដំណឹងទៅគណបក្សនយោបាយ មិនបានជាប់ឆ្នោតចំនួន៦ឲ្យត្រៀមទទួលយកអាសនៈបក្សប្រឆំាង។ ភ្លាមៗនោះ មេដឹកនាំ គ.ជ.ប.ទាំង ៣រូប រួមមាន អនុប្រធាន គ.ជ.ប. លោក គួយ ប៊ុនរឿន និងសមាជិក គ.ជ.ប. លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ដែលត្រូវបានជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ សម្រាប់ដឹកនាំស្ថាប័នបោះឆ្នោតជាតិចាប់តាំងពីឆ្នាំ២០១៤នោះ បានដាក់ពាក្យ ទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា សុំលាលែងពីតំណែង ដោយថា មិនចង់ រំលោភលើឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងមានឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ៕
ប្រភព ៖ វីអូឌី
Pdach Mok
Thursday, November 23, 2017