Views
នេះជាគម្រោងក្នុងផែនការអនុវត្តន៍របស់គេ ដែលគេដឹងមុនតាំងពីលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៣ ម្ល៉េះ។
វាមិនមានអី្វឲ្យពិបាកយល់ទេថា ហេតុអ្វីបានជា គេរំលាយ គណៈបក្សសង្គ្រោះជាតិ ដោយជីករំលើងទាំងឫស៖ រំលាយរចនាសម័្ពន្ធបក្សទាំងមូល ពីលើដល់ក្រោម ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ទាំងក្បាលម៉ាស៊ីនបក្ស១១៨នាក់ (រយៈពេល ៥ ឆ្នាំ) ទាំងគាស់រំលើងរំលាយរចនាសម្ព័ន្ធឃុំ/សង្កាត់?
ឃុំ/សង្កាត់ជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅខែកុម្ភៈឆ្នាំក្រោយ ជ្រើសរើសមន្ត្រីក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ ដូច្នេះ គណៈបក្សប្រឆាំងនឹងកើនកម្លាំងនិងអំណាច (យោងតាមតួលេខលទ្ធផលនៃការបោះឆ្នោត២លើកចុងក្រោយ៖ សភាជាតិអាណត្តិទី៥ឆ្នាំ២០១៣ និងឃុំ/សង្កាត់ខែឧសភាឆ្នាំ២០១៧ កន្លងទៅ)។
ចេញពីនេះ និងបន្ថែមលើនេះទៀត រចនាសម្ព័ន្ធឃុំ/សង្កាត់ ជាបណ្ដាញរឹងមាំនៅផ្ទាល់ជាមួយម្ចាស់ឆ្នោត និងដូច្នេះ ជាកម្លាំងមូលដ្ឋានសក្ដានុពល ធានាជ័យជម្នះរបស់ គណៈបក្សសង្គ្រោះជាតិ សម្រាប់ការឡើងកាន់អំណាចដឹកនាំរាជរដ្ឋាភិបាល ចេញពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៨។
ផ្លូវសង្គ្រោះជីវិតនយោបាយរបស់គណៈបក្សកាន់អំណាច បើមិនអាចបំបែកគូប្រជែងឲ្យចុះខ្សោយជាងខ្លួនទេ មានតែរិះរកវិធីធ្វើច្បាប់រំលាយគណៈបក្សប្រឆាំង បើពុំនោះទេ ខ្លួននៅត្រូវខ្វល់ត្រាំត្រែង នឹងសុបិនឃើញបរាជ័យរង់ចាំនៅខាងមុខ។
នេះជាហេតុផលដែលគេជ្រើសរើសយកផ្លូវទ្វេគ្រោះ ប្រឈមមុខនឹងកំហឹងនិងសម្អប់របស់ប្រជារាស្ត្រកាន់តែកើនភាគច្រើនផង និងសម្ពាធទាំងការថ្កោលទោសអាចមានទាំងទណ្ឌកម្មពីសហគមន៍អន្តរជាតិផង។ ឯយុទ្ធវិធីដែលគណៈបក្សប្រជាជនកម្ពុជាប្រើប្រាស់ដើម្បីកម្ទេចគណៈបក្សសង្គ្រោះជាតិ ថ្វីដ្បិតតែ ចេញតាមសាលក្រមរបស់តុលាការកំពូល បិទផ្លូវតវ៉ា ប៉ុន្តែវាមិនមែនត្រឹមនេះឬបញ្ឈប់ត្រឹមនេះទេ។
ពោលគឺថាគេមានយន្តការតាមឃ្លាំពិនិត្យលទ្ធភាពដែល ប្រជាប្រិយភាពរបស់គណៈបក្សសង្គ្រោះជាតិ នៅរស់ជាប់កប់ជ្រៅ នៅក្នុងផ្នត់គំនិតនិងទឹកចិត្តប្រជារាស្ត្រខ្មែរ ដែលកាន់តែយល់ច្បាស់អំពីភាពចាំបាច់នៃការផ្លាស់ប្ដូរ។ មិនថាតែអ្នកណាមកដឹកនាំនោះទេ ឲ្យតែចេញពីជួរគណៈបក្សនេះ និងប្រកាន់ជំហរគោលការណ៍នយោបាយនិងស្មារតីរបស់សង្គ្រោះជាតិនោះ គណៈបក្សប្រជាជនដឹងយ៉ាងច្បាស់ថា ប្រជារាស្ត្រនៅតែបោះឆ្នោតឲ្យ។ នេះក៏ជាហេតុផលមួយទៀត ដែលគណៈបក្សកាន់អំណាចដឹងខ្លួនហើយជ្រើសរើសយកចំណាត់ការបំបាត់ គណៈបក្សសង្គ្រោះជាតិ។
ការជ្រើសរើសឈ្មោះ «គណៈបក្សសង្គ្រោះជាតិ» សម្រាប់គណៈបក្សដែលកើតចេញពីបង្គុំរបស់គណៈបក្សពីរ (គណៈបក្សសមរង្ស៊ី និង គណៈបក្សសិទ្ធិមនុស្ស) វាដូចជាឈ្នោះដែលព្រលឹងដូនតាខ្មែរប្រសិទ្ធនិងប្រទាន ហើយបានប្រមូលមិនត្រឹមតែអ្នកគាំទ្រនៃគណៈបក្សទាំងពីរនោះទេ ប៉ុន្តែទាំងពីអ្នកមានសមានចិត្តគិតដល់វាសនានៃប្រទេសជាតិដែលត្រូវការការសង្គ្រោះ។
ប្រជាធិបតេយ្យ ដូចជាពាក្យនេះបញ្ជាក់ស្រាប់ វារស់នៅជាមួយទឹកចិត្តរបស់ប្រជារាស្ត្រ ដូច្នេះប្រជាធិបតេយ្យមិនស្លាប់ទេ។ គណៈបក្សកាន់អំណាចដែលដឹងថាមិនអាចយកជ័យជម្នះតាមរយៈការបោះឆ្នោតដោយសេរីយុត្តិធម៌នោះ មានតែឃ្លាំចាំសម្លាប់ពីកំណកំណើតនូវចលនាប្រជាធិបតេយ្យណាដែលអាចក្លាយ គណៈបក្សបន្លាស់ប្រជែងដ៏ធំរបស់ខ្លួន៕
Pdach Mok
Sunday, November 19, 2017