Views
ក្រុមអ្នកសារព័ត៌មានកម្ពុជាបានចេញលិខិតលំហស្នើឲ្យដោះលែងអ្នកកាសែត ២ នាក់ដែលរងបទចោទប្រកាន់ដោយមិនសមស្រប ដែលមានសេចក្តីដូចខាងក្រោម ៖
លិខិតចំហ
យើងខ្ញុំជាអ្នកសារព័ត៌មានកម្ពុជា
សូមស្នើព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ
ពិចារណាទម្លាក់បទចោទប្រកាន់លើអតីតអ្
នកយកព័ត៌មានវិទ្យុអាស៊ីសេរី(RFA)
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា
ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
បានចោទប្រកាន់អ្នកទាំងពីរ
ពី«បទប្រគល់អោយរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កអោយមានការអន្តរាយដល់ការការពារជាតិ
តាមបញ្ញត្តិមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌ»។
យើងខ្ញុំដែលបានផ្តិតស្នាមមេដៃនៅក្នុងលិខិតចំហមួយនេះ
មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរ។
នៅក្នុងសង្គមប្រជាធិបតេយ្យ
សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិតប្រាកដជូនដល់ប្រជាពលរដ្ឋ។
អ្នកសារព័ត៌មានមានតួនាទីក្នុងការរាយការណ៍អ្វីដែលជាការពិតជូនដល់សាធារណជន។
យើងខ្ញុំយល់ថា
ការចោទប្រកាន់ទាក់ទងនឹងការផ្តល់ព័ត៌មានដែលនាំអន្តរាយដល់ការការពារជាតិ
ជាការចោទប្រកាន់មួយដ៏ធ្ងន់ធ្ងរ។
ការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានទាំងពីររូបនេះ
កំពុងតែបង្កភាពភ័យខ្លាចដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ
និងធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ។
សេរីភាពសារព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា
ដែលបានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបោះពុម្ពផ្សាយ
សេរីភាពខាងការប្រជុំ។
សេរីភាពនៃសារព័ត៌មានក៏មានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥
ផងដែរ។
ការចុះផ្សាយនូវការកែតម្រូវ
ត្រូវបានចែងក្នុងមាត្រា១០នៃច្បាប់ស្តីអំពីរបបសារព័ត៌មាន
ត្រង់ចំណុចថា បើតុលាការរកឃើញថា
ការផ្សាយណាមានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី
តុលាការអាចបង្គាប់ឲ្យសារព័ត៌មាននោះចុះផ្សាយនូវការកែតម្រូវ
ឬនិងការសងជំងឺចិត្ត។
យើងខ្ញុំក៏យល់ឃើញថា
អ្នកសារព័ត៌មានកម្ពុជាបានអនុវត្តតាមមាត្រា៥នៃច្បាប់សារព័ត៌មានដែលចែងថា
សារព័ត៌មានមានសិទ្ធិទទួលព័ត៌មានដែលស្ថិតក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល
លើកលែងតែព័ត៌មានណាដែលបណ្តាលឲ្យមានអន្តរាយដល់សន្តិសុខជាតិ
អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។
អាស្រ័យហេតុនេះ សូមតុលាការមេត្តាពិចារណាទម្លាក់បទចោទប្រកាន់នេះ ដោយក្តីអនុគ្រោះ៕
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្នាមមេដៃ និងឈ្មោះអ្នកសារព័ត៌មាន
Pdach Mok
Sunday, November 19, 2017