Views
ប្រភពវីអូអេ ៖ ប្រតិកម្មនឹងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសមហាអំណាចមួយចំនួនបានចាប់ផ្តើមព្រមានដោយការហ៊ុំព័ទ្ធសេដ្ឋកិច្ច រួមទាំងការដកចេញនូវការអនុគ្រោះពន្ធដល់ទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទាំងអស់អាចនឹងត្រូវបានហាមប្រាមមិនឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុននានារបស់អាមេរិក។
សហភាពអឺរ៉ុប ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសេតវិមានគឺ វិមានប្រធានាធិបតីស.រ.អា. បានចេញសេចក្តីថ្លែងការណ៍រិះគន់រដ្ឋាភិបាលកម្ពុជាខ្លាំងៗ ដោយបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងការរុះរើប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យក្រសួងការបរទេសអាមេរិក និងស្ថាប័នពាក់ព័ន្ធនានាពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ទាំងអស់ ដែលជាប់ពាក់ព័ន្ធក្នុងការរំលោភបំពានដែលត្រូវបានកត់សម្គាល់ខាងលើនេះ ដោយបង្កកទ្រព្យសម្បត្តិ និងមិនឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក រួមទាំងមិនឲ្យមានការផ្តល់ប្រាក់កម្ចីនានា។
ទណ្ឌកម្មដែលបង្កកផលប្រយោជន៍អចលនទ្រព្យត្រូវបានអនុវត្តដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស និងត្រូវបានអនុវត្តនៅក្នុងប្រទេសដូចជា ស៊ីមបាវ៉េ ស៊ីរី កូរ៉េខាងជើង និងអ៊ីរ៉ង់។
ព្រឹទ្ធសភាអាមេរិកក៏បានអំពាវនាវឲ្យលោកប្រធានាធិបតីដូណាល់ ត្រាំធ្វើអន្តរាគមន៍ដោយផ្ទាល់ និងធ្វើឲ្យប្រាកដថា លទ្ធផលនៃការបោះឆ្នោតជាតិកម្ពុជានៅខែកក្កដាខាងមុខ នឹងមិនត្រូវបានទទួលស្គាល់។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី តែមិនអាចទាក់ទងបានទេ រហូតមកដល់ល្ងាចថ្ងៃសុក្រ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការព្រួយបារម្ភ ឬការព្រមានរបស់ប្រទេសនានាគឺ បង្ហាញពីភាពលំអៀងផ្នែកនយោបាយ។ លោកថា ការរំលាយគណបក្សសង្គ្រោះជាតិធ្វើឡើងដើម្បីតែឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា និងថា ការផ្អាកជំនួយណាមួយរបស់អន្តរជាតិនឹងធ្វើឲ្យមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់កម្ពុជា ដោយសារ កម្ពុជានៅមានប្រទេសផ្សេងទៀត ដូចជា ចិន រុស្សី និងជប៉ុនជាដើម កំពុងគាំទ្រ ។
លោក សុខ ឥសាន បញ្ជាក់ថា៖
«បើលោកអាមេរិក លោកអឺរ៉ុបមិនជួយទេ ខ្ញុំយល់ថា ក៏មានបណ្តាប្រទេសធំៗនៅលើពិភពលោកដែលគេចង់បានយុត្តិធម៌ហ្នឹង គេក៏ជួយកម្ពុជាដើម្បីដំណើរការបោះឆ្នោត ឲ្យមើលឃើញថា ការបោះឆ្នោតនៅកម្ពុជា ទោះបីជាអវត្តមានគណបក្សប្រឆាំងយ៉ាងណាក៏ដោយ ក៏ដំណើរការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ដដែល»។
ការព្រមាននានា ដែលអាចមានការហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ដែលអ្នកឃ្លាំមើលនានាយល់ថា បានវិលទៅរកការគ្រប់គ្រងដោយឯកបក្សនោះ គឺធ្វើឡើងមិនប៉ុន្មានម៉ោង ក្រោយពេល តុលាការកំពូល ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មិនឲ្យថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨នាក់ ធ្វើនយោបាយរយៈពេល ៥ឆ្នាំនោះ។
សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់កម្ពុជានេះ ធ្វើឡើងនៅពេលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ខិតជិតមកដល់ បន្ទាប់ពីគណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រជាង ៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនាឆ្នាំ២០១៧ កន្លងទៅ។
សេតវិមានបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានចេញផ្សាយនៅសប្តាហ៍នេះថា យោងតាមដំណើរការបច្ចុប្បន្ននេះ ការបោះឆ្នោតនៅកម្ពុជានាឆ្នាំក្រោយនឹងមិនមានភាពស្របច្បាប់ មិនសេរី និងមិនយុត្តិធ៌មឡើយ។ អាមេរិកបញ្ជាក់ថា ខ្លួននឹងបញ្ឈប់ការគាំទ្រចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា(គ.ជ.ប.) និងកិច្ចការរដ្ឋបាលរបស់គណៈកម្មាធិការនេះសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ។
សេចក្តីថ្លែងការណ៍ដដែលនោះត្រូវបានបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«ពិភពលោកកាន់តែឃើញច្បាស់ឡើងថា ការដាក់ការរឹតបន្តឹងរបស់រដ្ឋាភិបាលទៅលើសង្គមស៊ីវិល ការគាបសង្កត់ទៅលើសារព័ត៌មាន និងការហាមឃាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងជាង ១០០នាក់ធ្វើសកម្មភាពនយោបាយនោះ បានធ្វើឲ្យការអភិវឌ្ឍឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាថយក្រោយយ៉ាងលឿន ហើយបានដាក់ការលូតលាស់ផ្នែកសេដ្ឋកិច្ច និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រឈមនឹងហានិភ័យ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ការផ្តាច់ជំនួយរបស់បរទេសសម្រាប់ការរៀបចំបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុន នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជានោះទេ។ លោកបន្ថែមថា បើទោះបីជាការបោះឆ្នោតខាងមុខនេះមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ឬក៏អត់ ក៏ គ.ជ.ប. នៅតែអនុវត្តការងាររបស់ខ្លួនទៅតាមច្បាប់ ដោយសារថា មានគណបក្សជាច្រើនផ្សេងទៀតនឹងចូលរួមការបោះឆ្នោតនោះ។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា៖
«ថវិកាបោះឆ្នោតហ្នឹងគឺមានគម្រោងរួចហើយ ហើយនេះគឺជា ថវិការបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលនឹងត្រូវផ្តល់មកសម្រាប់រៀបចំការបោះឆ្នោត។ ហើយបើសិនជាប្រទេសណា ឬម្ចាស់ជំនួយណាលោកផ្តល់ជាជំនួយផ្សេងៗ គឺ គ.ជ.ប.កាត់ចេញខ្ទង់ចំណាយនោះបង្វែទៅរដ្ឋាភិបាលវិញ បានន័យថា សម្រាលបន្ទុករដ្ឋាភិបាល។ អីចឹងទោះបីជាមានជំនួយ ឬអត់ជំនួយនោះ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅជាធម្មតា»។
ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា មិនបានប្រាប់អំពីចំនួនកញ្ចប់ថវិកាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា កញ្ចប់ថវិកាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ ២០១៧ មានចំនួន៥៣លានដុល្លារសហរដ្ឋអាមេរិក។
សហភាពអឺរ៉ុបមានសក្តានុពលដ៏មហិមាបំផុតក្នុងការស្រូបយកការនាំចេញប្រមាណជាពាក់កណ្តាលនៃការនាំចេញសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណជា ៥ពាន់លានដុល្លារអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុបបានលើកអំពីការអនុគ្រោះពន្ធសម្រាប់ទីផ្សាររបស់ខ្លួន ដែលកម្ពុជាអាចទទួលបានការអនុគ្រោះតាមរយៈគម្រោង «ការអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធ»។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានបន្ថែមថា៖
«ការគោរពសិទ្ធិមនុស្សជា មូលដ្ឋានគ្រឹះសម្រាប់ប្រទេសកម្ពុជា ដើម្បីបន្តទទួលបានផលប្រយោជន៍ពីគម្រោងនៃការអនុគ្រោះពន្ធគ្រប់បែបយ៉ាង លើកលែងតែសព្វាវុធ»។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្លែងថា លោកមិនអាចព្យាករណ៍ថា តើរោងចក្រនៅកម្ពុជានៅតែអាចនាំចេញទៅកាន់សហភាពអឺរ៉ុប ដោយមិនមានគម្រោងនៃការអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធនេះ ឬយ៉ាងណានោះទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គ្រប់យ៉ាងគឺ អាស្រ័យលើអ្នកនយោបាយ មិនមែនពាណិជ្ជករទេ ក្នុងការដោះស្រាយជម្លោះនោះ»។
លោក ខេន លូបញ្ជាក់ថា៖
«ប្រសិនបើសហភាពអឺរ៉ុបបានដកសិទ្ធិអនុគ្រោះ ឬព្យួរការទទួលបានការអនុគ្រោះ ដូច្នេះពិតណាស់ វាប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មរបស់យើងដែលមាន ៤៣,៤៤ភាគរយ នាំចេញទៅកាន់សហភាពអឺរ៉ុប»។
ប្រជាជនកម្ពុជាប្រហែល ៦សែននាក់ ត្រូវបានគេជួលឲ្យធ្វើការក្នុងវិស័យកាត់ដេរ ដោយមានមនុស្សជាច្រើនជឿថា ពួកគេកំពុងធ្វើការក្រៅផ្លូវការនៅក្នុងវិស័យឧស្សាហកម្មតែមួយនេះ ដែលក្លាយជាប្រភពចំណូលធំបំផុតនៅក្នុងប្រទេស។
ទោះជាយ៉ាងណា លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ លើកឡើងថា លោកមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីការព្រមានរបស់សហភាពអឺរ៉ុបនៅឡើយទេ។ លោកក៏មិនបានបញ្ជាក់ថា តើកម្ពុជានឹងប៉ះពាល់បែបណាខ្លះទេ ប្រសិនបើសហភាពអឺរ៉ុបពិតជាសម្រេចបិទប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជាមែននោះ។ លោកគ្រាន់តែនិយាយថា សហគមន៍អឺរ៉ុបនឹងមិនធ្វើសេចក្តីសម្រេចចិត្តណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ទីផ្សារសេរី និងគោលការណ៍លក្ខខណ្ឌការងារឡើយ។
លោកមានប្រសាសន៍ថា៖
«កម្ពុជាក៏មិនមែនពឹងអាស្រ័យតែទៅលើតែសហគមន៍អឺរ៉ុបមួយនោះទេ។ កម្ពុជានៅមានទីផ្សារប្រទេសផ្សេងទៀត ហើយកម្ពុជាបានជឿជាក់ថា សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនសម្លាប់នូវការលើកទឹកចិត្តឲ្យគោរពលក្ខខណ្ឌការងារភ្ជាប់ជាមួយពាណិជ្ជកម្មនោះទេ។ ហើយប្រសិនជាសហរដ្ឋអាមេរិកផ្តោតតែទៅលើបញ្ហាហ្នឹងមួយ នោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនគួរនិយាយពីលក្ខខណ្ឌការងារ និងរឿងពាណិជ្ជកម្មនោះទេ»។
ទីផ្សារការងារនៅកម្ពុជាមានភាពខ្វះខាត ជាហេតុធ្វើឲ្យប្រជាជនកម្ពុជាប្រមាណជា ១លាននាក់កំពុងធ្វើការនៅប្រទេសថៃ បើទោះបីជាប្រទេសថៃមានឈ្មោះថា ជាប្រទេសដែលកេងប្រវ័ញ្ចពលករចំណាកស្រុកយ៉ាងធ្ងន់ធ្ងរក៏ដោយ។
លោកបណ្ឌិត Lee Jones សាស្ត្រាចារ្យរងផ្នែកនយោបាយអន្តរជាតិនៃសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុង ចក្រភពអង់គ្លេស និយាយថា បទពិសោធន៍នៃការដាក់ទណ្ឌកម្មស្រដៀងគ្នានេះនៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា បានបង្ហាញថា ការខាតបង់លើវិស័យកាត់ដេរ មិនមានឥទ្ធិពលណាមួយលើរបបនោះទេ។ លោកបន្ថែមថា អ្នកដែលរងគ្រោះខ្លាំងជាងគេ ដោយសារទណ្ឌកម្មនេះគឺ កម្មករក្នុងរោងចក្រដែលជាអ្នកប្រឆាំងនឹងរដ្ឋាភិបាលកាលពីការបោះឆ្នោតអាណត្តិមុន។
Pdach Mok
Sunday, November 19, 2017