Views
នៅថ្ងៃសុក្រ ទី ២០ តុលា ម្សិលមិញ កាសែតកងទ័ពប្រជាជន (Quân đội nhân dân Điện)នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចេញផ្សាយភាសាប្រទេសជិតខាង ២ គឺ ភាសាខ្មែរ និង ភាសាឡាវ ។
យោងតាមភ្នាក់ងារព័ត៌មានផ្លូវការរបស់របបកុម្មុយនីស (
NDO) ថា ចាប់ពីថ្ងៃសុក្រទី ២០ ខែតុលានេះទៅ ប្រជាជនខ្មែរ និង ឡាវ នឹងអាចអានព័ត៌មានកុម្មុយនីស្ដដែលផ្សាយចេញពីរដ្ឋធានីហាណូយបាន ។
សារព័ត៌មានកុម្មុយនីស្ដដែលចេញផ្សាយជាភាសាខ្មែរ និង ឡាវនេះ ផ្ដល់ជូនព័ត៌មានជា ១១ ផ្នែក ៖ ១) ផ្នែកនយោបាយ
២) ផ្នែកការពារជាតិ-សន្តិសុខ
៣) ផ្នែកទំនាក់ទំនងវៀតណាម-កម្ពុជា (ទំនាក់ទំនងវៀតណាម-ឡាវ សម្រាប់ភាសាឡាវ)
៤) ផ្នែកអន្តរជាតិ
៥) ផ្នែកសេដ្ឋកិច្ច-សង្គម
៦) ផ្នែកវប្បធម៌-អប់រំ-ទេសចរណ៍និងកីឡា
៧) ផ្នែកការកំសាន្ដ (ទឹកដី-មនុស្ស សម្រាប់ភាសាឡាវ)
៨) ផ្នែកប្រវត្តិសាស្ត្រ-ប្រពៃណី
៩) ផ្នែករូបថត
១០) ផ្នែក វីដេអូ
១១) ផ្នែករបាយការណ៍ពិសេស
ជាទូទៅ សារព័ត៌មានកុម្មុយនីស្ដច្រើនតែកុងត្រូលយ៉ាងតឹងតែងដោយរបបក្រុងហាណូយ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម លោក ត្រឿង មិញទួន (Truong Minh Tuan) បានថ្លែងនៅក្នុងពិធីបើកសម្ពោធការផ្សាយភាសាទាំងពីរ ថា បេសកកម្មរបស់កាសែតដែលចេញផ្សាយជាភាសាទាំងពីរនេះត្រូវផ្តោតលើ«ការតម្រង់ទិស» និង «គោលនយោបាយ» របស់គណបក្សកុម្មុយនីស្ដ និង រដ្ឋវៀតណាម ត្រូវបង្ហាញរូបភាពដ៏ថ្លៃថ្លារបស់ប្រទេស និងប្រជាជនវៀតណាម ត្រូវបង្ហាញចំណងមិត្តភាព«ជាប្រពៃណី» រវាងវៀតណាម-កម្ពុជា និង វៀតណាម-ឡាវ ។
សារព័ត៌មាននេះដើរតួនាទីអប់រំលុតដំយុវជនជំនាន់ក្រោយ កម្មាភិបាល និង កងទ័ព ព្រមទាំងប្រជាជន ឲ្យទទួលខុសត្រូវក្នុងការថែរក្សា និង ពង្រីកមិត្តភាពរវាងប្រទេសទាំងបីនៅឥណ្ឌូចិន ជាពិសេស ត្រូវប្រយុទ្ធប្រឆាំងនឹងកំហុសខុសឆ្គងទាំងឡាយដែលបង្កភាពល្អក់កករដល់ចំណងមេត្រីភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងកងទ័ព និង ប្រជាជន នៃប្រទេសទាំងបី ។
សូមជម្រាបថា គេហទំព័រជាភាសាខ្មែររបស់សារព័ត៌មាន«កងទ័ពប្រជាជន»មួយនេះ មិនទាន់ចេញផ្សាយជាសាធារណៈនៅឡើយរហូតមកដល់ពេលនេះ ៕