Views
ប្រទេសខ្មែរធ្លាប់ជាអាណាចក្រធំធេង គ្របដណ្តប់លើប្រទេសជិតខាង ប៉ុន្តែក្រោយមក ក៏កើតជម្លោះបែកបាក់ដោយនិន្នាការសាសនា និង នយោបាយ ។
តាំងពីការបែកបាក់មកជាង ១ ពាន់ឆ្នាំ កម្ពុជាក្លាយជាប្រទេសតូចនៅអាស៊ីអាគ្នេយ៍ ។
នៅចុងក្រោយនេះឆ្នាំ ១៩៩៣ ប្រទេសខ្មែរត្រូវបានបង្រួបបង្រួបឡើងវិញ ហើយតម្រូវឲ្យប្រទេសកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ។ គណបក្សនយោបាយនីមួយ ៗ មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ក្នុងការដណ្តើមសំឡេងឆ្នោតពីប្រជាពលរដ្ឋ ។
មានគណបក្សដែលលេចធ្លោ ២ គឺ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ ទាំង ២ បក្សកំពុងដើរលើផ្លូវឆ្ពោះទៅកាន់គោលដៅបោះឆ្នោតឆ្នាំ ២០១៨ នៅខណៈដែលកំពុងតែដើរលើផ្លូវនេះ បក្សប្រជាជនជាបក្សដើរមុខ បក្សសង្រ្គោះជាតិជាបក្សដើរក្រោយប្រកិត ៗ បញ្ហានៅត្រង់ថា បក្សប្រជាជនដើរច្រងេងច្រងាងពេញផ្លូវ មិនត្រូវការឲ្យអ្នកណាមកដើរវ៉ាខ្លួនឯងបានទេ ជួសនឹងត្រូវដើរលើផ្លូវទៅមុខទាំងអស់គ្នា ប៉ុន្តែបែរជាមេខ្លោងបក្សប្រជាជនបែកគំនិតគិតខុសប្រក្រតី ចាប់ខ្លួនមេខ្លោងបក្សសង្រ្គោះជាតិដាក់គុកដាក់ច្រវាក់ ទម្លាក់កំហុសឲ្យដោយបទចោទដែលធ្ងន់ធ្ងរបំផុត គោលបំណង គឺ ដើម្បីរារាំងពាំងផ្លូវដំណើររបស់ភាគីប្រកួតប្រណាំងនុះឯង ។
រឿងនេះមិនអាចលាក់បាំងជិតទេ ត្រូវបានមតិជាតិនិងអន្តរជាតិវាយប្រហារ ធ្វើឲ្យខូចខាតមុខមាត់របស់ប្រទេសជាតិលើឆាកអន្តរជាតិ ដែលគ្មានបានផលចំណេញអ្វីដល់ប្រទេសជាតិខ្លួនឡើយ ផ្ទុយទៅវិញ មានតែការបំផ្លាញគ្នាឯង និង បំផ្លាញផលប្រយោជន៍របស់ប្រទេសជាតិតែប៉ុណ្ណោះ ។
អ្នកដែលមិនហ៊ានទទួលយកលទ្ធផលឈ្នះ ឬ ចាញ់ មិនគួរធ្វើជាកីឡាករទេ យ៉ាងណាមិញ គណបក្សនយោបាយណាដែលមិនហ៊ានទទួលយកការផ្លាស់ប្តូររបស់ពលរដ្ឋ គណបក្សនោះមិនគួរធ្វើនយោបាយទេ ព្រោះនឹងនាំឲ្យជាតិបែកបាក់ ធ្លាក់ក្នុងជម្លោះទាស់ទែងរវាងអ្នកឈ្នះ និង អ្នកចាញ់ យើងអាចសិក្សាតួយ៉ាងពីរឿងការប្រឡងចម្រៀងរវាងកុមារពេជ្រ ថៃ និង កុមារ ឡុង លីគ័ង្គ ដែលដើរដល់វគ្គចុងក្រោយ ត្រូវទទួលលទ្ធផលឈ្នះ ឬ ចាញ់ ហើយកុមារពេជ្រ ថៃ បានទទួលជ័យជម្នះដោយមានសំឡេងមហាជនគាំទ្រច្រើនជាងនិងមានគ្រូបង្វឹកទទួលរ៉ាប់រង ។
ការប្រកួតក៏ចប់ទៅដោយភាតរភាព ក្មេងទាំង ២ មិនបានក្លាយជាសត្រូវនឹងគ្នាទេ ផ្ទុយទៅវិញ គេអោបក្រសោបគ្នាដោយរំភើបចិត្ត សុខចិត្តទទួលយកលទ្ធផលរៀង ៗ ខ្លួនទាំងទឹកភ្នែក ។
ឧបមាថា កុមារ ឡុង លីគ័ង្គមិនព្រមទទួលលទ្ធផល ស្ទុះទៅវាយកុមារ ពេជ្រ ថៃ ដើម្បីដណ្តើមយកជ័យជម្នះ តើយើងជាមនុស្សធំគិតយ៉ាងម៉េច គិតថា ការប្រកួតនេះមិនបានស្វែងរកអ្នកមានសមត្ថភាពពិតទេ ផ្ទុយទៅវិញ នាំឲ្យកើតជម្លោះបែកបាក់រវាងក្មេង ២ នាក់ ដែលមិនសមនឹងកើតឡើងសោះ ហើយនៅពេលមានការប្រកួតប្រណាំងអ្វីមួយ តែងមានជម្លោះបែកបាក់បែបនេះជារៀងរហូត គ្មាននរណាព្រមទទួលលទ្ធផលឈ្នះ ឬ ចាញ់ឡើយ តើសង្គមជាតិនេះនឹងមានការប្រកួតប្រជែងទេ ចម្លើយ គឺ មិនបាច់មានក៏បានដែរ ព្រោះកាលណាមានការប្រកួតប្រជែងនឹងមានជម្លោះបែកបាក់ ។
នៅលើផ្លូវនយោបាយក៏ដូចគ្នា អ្នកនយោបាយខ្លះជាដើមចមនៃការបែកបាក់ជាតិ ព្រោះច្រើនតែចង់ឈ្នះរហូត មិនសុខចិត្តចាញ់ខ្លះដើម្បីកាត់បន្ថយជម្លោះបែកបាក់រវាងជាតិសាសន៍ខ្លួនឯង ។
ហេតុនោះ ការយោគយល់គ្នាដោយសមានចិត្ត ហ៊ានទទួលយកការពិតនៃលទ្ធផល គឺ ឈ្នះ ឬ ចាញ់ក្រោមកតិកាសង្គម នឹងនាំមកនូវការផ្សះផ្សាជាតិ សាមគ្គីជាតិ និង វឌ្ឍនភាពជានិរន្តរ ។