Views
ក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រ
បានបន្តអប់រំមន្ត្រីរបស់ខ្លួនដោយណែនាំអភិបាលខេត្តស្នងការនគរបាល
និងមន្ត្រីនានាឲ្យមានការប្រុងប្រយ័ត្ន
និងត្រៀមការពារមិនឲ្យមានការប៉ុនប៉ងធ្វើបាតុកម្មណាមួយដែលពួកគេសង្ស័យថានឹងកើតឡើងនៅពេលលោក
កឹម សុខា មេដឹកនាំគណបក្សប្រឆាំងត្រូវបាននាំយកមកចូលសវនាការពីបទ
«ក្បត់ជាតិ»។
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រារព្ធសិក្ខាសាលាបណ្តុះបណ្តាលមួយសម្រាប់មន្ត្រីក្រសួងព័ត៌មានដោយបណ្តុះបណ្តាលពួកគេអំពីការណែនាំរបស់រដ្ឋាភិបាល
បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិពីបទ «ក្បត់ជាតិ»
ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ
ដោយសូមឲ្យពួកគេធានាថាអ្នកកាសែតមិនបង្កឲ្យមានកំហុសខុសឆ្គង
ក្នុងការរាយការណ៍អំពីការណែនាំរបស់រដ្ឋាភិបាល។
កាលពីថ្ងៃសុក្រក្រសួងបានប្រារព្ធសិក្ខាសាលាមួយដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក
ស ខេង
បានហៅរឿងរ៉ាវដែលកើតមាននាពេលថ្មីៗរបស់គណបក្សសង្គ្រោះជាតិថាជា
«បដិវត្តន៍ពណ៌ដែលបរាជ័យ»
ដោយបន្ថែមថាការប៉ុនប៉ងណាមួយដើម្បីធ្វើការតវ៉ា
និងបដិវត្តន៍ពណ៌ត្រូវតែកម្ចាត់ចោលភ្លាមៗ
ដែលជាកំហុសមួយដែលអាជ្ញាធរមិនបានរារាំងប្រជាពលរដ្ឋតាមខេត្ត
មិនឲ្យចូលមកក្នុងទីក្រុងភ្នំពេញក្នុងអំឡុងការតវ៉ាក្រោយការបោះឆ្នោតឆ្នាំ
២០១៣។
លោកបានថ្លែងថា
វាអាចទំនងជាថាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនឹងមកទីក្រុងម្តងទៀតក្នុងអំឡុងសវនាការលោក
កឹម សុខា ដែលជាស្ថានភាពមួយដែលត្រូវការពារមិនឲ្យមាន។
លោកបញ្ជាក់ថា៖
«ពួកគេនឹងមកភ្នំពេញយើងមិនគួរត្រឹមតែរារាំងពួកគេទេ
ប៉ុន្តែថែមទាំងត្រូវទៅទីនោះដើម្បីស៊ើបអង្កេតបញ្ហាទាំងនេះ»។
លោកក៏ហាក់បីដូចជាស្តីបន្ទោសទៅលើគណបក្សប្រឆាំងផងដែរថាញុះញង់ឲ្យមានប្រតិកម្មហិង្សាពីអាជ្ញាធរ
បើទោះបីជាលោកអះអាងថាបាតុកម្មរបស់ពួកគេអហិង្សាដោយថ្លែងថាមន្ត្រីត្រូវដឹងអំពីតាក់ទិករបស់គណបក្សប្រឆាំង។
«ពួកគេប្រើពាក្យផ្លាស់ប្តូរវិជ្ជមាន
ប៉ុន្តែពួកគេញុះញង់អាជ្ញាធររដ្ឋឲ្យប្រើហិង្សា។
នេះគឺដើម្បីពួកគេ [គណបក្សសង្គ្រោះជាតិ] ប្រមូលកម្លាំងច្រើនឡើង
ដើម្បីផ្តួលរំលំរដ្ឋ។ នេះជាបញ្ហា»។
លោកបានថ្លែង ដូចហេតុផលរបស់រដ្ឋាភិបាលចំពោះការចាប់ខ្លួនលោក
សុខា ដោយភ្ជាប់ការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់លោក កឹម
សុខា និងការរួមបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស ជាមួយគណបក្ស សម
រង្ស៊ី ថាដើម្បីសម្រួលឲ្យមានបដិវត្តន៍ពណ៌។
អគ្គស្នងការរងនគរបាលជាតិលោក ឆៃ ស៊ីណារិទ្ធ
បានថ្លែងថាមានភ័ស្តុតាងបង្ហាញថាគណបក្សប្រឆាំងកំពុងរៀបចំធ្វើបដិវត្តន៍ពណ៌ក្រោមជំនួយពីអង្គការបរទេស។
«ការងាររដ្ឋបាល
និងតួនាទីនៅក្នុងការអនុវត្តច្បាប់នៅក្នុងវិស័យនីមួយៗនៅមានចន្លោះប្រហោងដោយធ្វើឲ្យមានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។
អត្ថាធិប្បាយរបស់លោក ស ខេង
បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងស្រដៀងគ្នាពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់
និងមន្ត្រីប្រដាប់អាវុធដទៃៗទៀតដែលបានប្តេជ្ញាការពារមិនឲ្យមានប្រតិកម្មចំពោះការចាប់ខ្លួនលោក
សុខា ខណៈលោក ប៉ុល សារឿន
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកាលពីសប្តាហ៍មុនបានសូមឲ្យមេបញ្ជាការទាំងអស់ដែលនៅក្រោមឱវាទរបស់លោកឲ្យបង្ក្រាប
«ធាតុជ្រុលនិយម»។
អនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ
បានថ្លែងថាគណបក្សប្រឆាំងគ្មានគម្រោងធ្វើការតវ៉ាណាទេដោយសារភាគច្រើននៃមន្ត្រីតវ៉ារបស់ខ្លួនបច្ចុប្បន្នកំពុងនៅក្រៅប្រទេសរួមទាំងលោក
សុន ឆ័យ
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចាកចេញកាលពីសប្តាហ៍មុនដោយសារហេតុផលណាត់ជួបជាមួយពេទ្យហើយនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី
២៣ ខែតុលា។
លោកស្រីបន្ថែមថា
បញ្ហានាពេលថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រមានក្តីបារម្ភហើយនឹងតាមដានសវនាការរបស់លោក
កឹម សុខា
ដែលនឹងអាចធ្វើឲ្យមានការបង្ក្រាបពីរដ្ឋាភិបាលទៅលើពួកគេ។
លោកស្រីបានថ្លែងដោយសំដៅទៅសវនការរបស់លោក កឹម សុខា ថា៖
«ពួកគេនឹងចង់បង្ហាញខ្លួន
ហើយពួកគេនឹងចង់មានវត្តមាននៅតុលាការ»។
«ប៉ុន្តែនឹងមិនមានអ្វីហិង្សាទេ។
កម្ទេចមនុស្សទាំងនោះនឹងមិនផ្តល់អត្ថប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជាទាល់តែសោះ»៕