Views
ប្រភពវិទ្យុបារាំង ៖ លោកស្រី កុយ ពិសី
អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា
បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃសៅរ៍នេះថា
កម្ពុជានិងវៀតណាម
បានបញ្ចប់ការងារបោះបង្គោលព្រំដែនធំនៅខេត្តព្រៃវែងនិងដុងថាប់ហើយ
នាពេលនេះ។ ការគូសបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី
ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែននៅខេត្តព្រៃវែង
និងដុងថាប់ កាលពីថ្ងៃទី១៩តុលាកន្លងទៅ។
បង្គោលព្រំដែនធំនៅខេត្តព្រៃវែងនិងដុងថាប់
ត្រូវបានភាគីកម្ពុជានិងវៀតណាមឯកភាពគ្នាបញ្ចប់ការបោះបង្គោលទាំងស្រុងហើយ
ចំណែកការបោះបង្គោលព្រំដែនបំពេញបន្ថែមរវាងកម្ពុជានិងវៀតណាមនៅខេត្តព្រៃវែង
សម្រេចបាន៧១ភាគរយ។ នេះគឺជាការគូសបញ្ជាក់របស់លោកស្រី កុយ ពិសី
អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា។
ថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិ
RFI តាមទូរសព្ទ នៅថ្ងៃសៅរ៍នេះ លោកស្រី កុយ ពិសី គូសបញ្ជាក់ថា
ការងារព្រំដែនបន្ទាប់ពីនេះនៅក្នុងខេត្តព្រៃវែង
ភាគីកម្ពុជានិងវៀតណាម
នឹងបន្តបោះបង្គោលព្រំដែនបំពេញបន្ថែមឲ្យបានចប់រួចរាល់
នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ
បន្ទាប់ពីអូសបន្លាយអស់រយៈពេល១២ឆ្នាំរួចមក។
សូមជម្រាបជូនថា
កម្ពុជានិងវៀតណាមមានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ
អូសកាត់ខេត្តចំនួន៩របស់កម្ពុជា
ដោយត្រូវការបោះបង្គោលព្រំដែនសរុបចំនួន៣១៤ទីតាំង។ ក្នុងនោះ
គណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជានិងវៀតណាម
សម្រេចការងារបោះបង្គោលព្រំដែនបាន ៨៤ភាគរយហើយ។ នៅសល់១៦ភាគរយទៀត
លោកស្រី កុយ ពិសី បញ្ជាក់ថា
ភាគីកម្ពុជានិងវៀតណាមកំពុងតែបន្តការដោះស្រាយ។
បើតាមអនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនខ្មែររូបនេះ
ការបោះបង្គោលព្រំដែនជាមួយវៀតណាមមានបញ្ហាប្រឈមច្រើន
ជាហេតុធ្វើឲ្យការងារនេះដំណើរការយឺតនៅតាមខេត្តខ្លះ
ខណៈខេត្តខ្លះទៀតបោះពួយលឿនទៅមុខ។ យ៉ាងណាក៏ដោយ លោកស្រី កុយ
ពិសី សង្កត់ធ្ងន់ថា
កម្ពុជានិងវៀតណាមបានប្ដេជ្ញាថានឹងដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ទាំងអស់
ហើយឈានទៅបញ្ចប់ការបោះបង្គោលព្រំដែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
Pdach Kar
Saturday, October 21, 2017