Views
ប្រភពថ្មី ៗ ៖ ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើទីប្រឹក្សា និងជំនួយការរបស់សម្ដេច ស ខេង ដែលលួចប្រព្រឹត្តអំពើមិនគួរគប្បី ក្នុងគោលបំណងកាងបទល្មើសផ្សេងៗ ដែលប៉ះពាល់ដល់កិត្តិយសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ខុទ្ធកាល័យសម្ដេច ស ខេង បានចេញលិខិតមួយ ដែលមានសំណេរសរសើរដល់ទីប្រឹក្សា និងជំនួយការសម្ដេច ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចទៅតាមតួនាទីរបស់ពួកគេ ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន។ អមជាមួយពាក្យសរសើរទាំងនេះ ខុទ្ធកាល័យសម្ដេច ស ខេង ក៏ព្រមានចាត់វិធានការទៅលើទីប្រឹក្សា និងជំនួយការទាំងនោះផងដែរ ចំពោះមន្ត្រីដែលលួចប្រព្រឹត្តអំពើខុសច្បាប់ ដែលប៉ះពាល់ដល់កិត្តិយសសម្ដេច ស ខេង។
បើតាមខុទ្ធកាល័យសម្ដេច ស ខេង ដែលទទួលបានព័ត៌មានអំពីបទល្មើស ដែលទីប្រឹក្សា និងជំនួយការ ធ្លាប់បានប្រព្រឹត្តនោះ មានដូចជា សកម្មភាពរត់ការ កាងអំពើល្មើសផ្សេងៗ ឬអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ច ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេជាដើម។ លិខិតខុទ្ធកាល័យសម្ដេច ស ខេង ដែលចុះហត្ថលេខាដោយលោក ខៀវ សុភ័គ ប្រធានគ្រប់គ្រងទីប្រឹក្សា និងជំនួយការ បានសរសេរដូច្នេះថា៖«ខុទ្ធកាល័យសូមស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសកម្មនានាទាំងអស់នេះ ក្នុងករណីនៅមានអ្នកប្រព្រឹត្តទៅទៀត ខុទ្ធកាល័យនឹងបន្តអនុវត្តដាក់ទោសទណ្ឌតាមវិន័យរដ្ឋបាល ឬក្នុងករណីធ្ងន់ធ្ងរនឹងគោរពស្នើសុំយោបល់ដ៏ខ្ពង់ខ្ពស់ពីសម្ដេច ស ខេង ដើម្បីបញ្ចប់មុខតំណែង បណ្ដេញចេញពីក្របខ័ណ្ឌ ឬបញ្ជូនទៅតុលាការធ្វើការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន»។
បន្ថែមពីលើនេះលោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានថ្មីៗថា សម្ដេច ស ខេង ធ្លាប់បានបណ្ដេញទីប្រឹក្សា និងជំនួយការ ចំនួន៣នាក់រួចមកហើយ ដែលពាក់ព័ន្ធនឹងបទល្មើសខុសច្បាប់នេះ។ លោក ខៀវ សុភ័គ បានបញ្ជាក់ដូច្នេះថា៖«សម្ដេចមិនគាំទ្រចំពោះទង្វើខុសច្បាប់ ដែលយកឈ្មោះសម្ដេចទៅប្រើប្រាស់ធ្វើបាបពលរដ្ឋនោះទេ។ កន្លងមកមានទីប្រឹក្សា២ទៅ៣នាក់ហើយ ដែលប្រើឈ្មោះជាទីប្រក្សាសម្ដេច ដោយរត់ការផ្លូវច្បាប់ឲ្យគេ ឬទៅខ្ចីលុយគេ តែពេលគេទារលុយវិញ មិនព្រមសងគេ ហើយប្រើឈ្មោះទីប្រឹក្សាសម្ដេចទៅគំរាមគេវិញទៀត។ តែក្រោយពេលព័ត៌មាននោះដឹងដល់សម្ដេចគាត់ក៏បណ្ដេញចេញពីការងារតែម្ដង»។
កាលពីពេលថ្មីៗនេះ ក៏មានបុគ្គលម្នាក់ប្រើឈ្មោះជាទីប្រឹក្សាសម្ដេច ស ខេង ទៅរត់ការការងារឲ្យគេផងដែរ ហើយនៅពេលនេះខុទ្ធកាល័យសម្ដេច ស ខេង កំពុងត្រួតពិនិត្យលើករណីបុគ្គលម្នាក់នេះ។ នេះបើតាមលោក ខៀវ សុភ័គ ៕
Pdach Kar
Wednesday, October 18, 2017