Views
ប្រភពវិទ្យុបារាំង ៖ ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ
នៅរសៀលថ្ងៃទី ១៩ កក្កដា នេះ
បានផ្ញើលិខិតមួយច្បាប់ទៅកាន់ព្រះមហាក្សត្រ
ដើម្បីសុំអន្តរាគមន៍កុំឲ្យព្រះអង្គ ឡាយព្រះហត្ថលេខា
លើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។
លិខិតរបស់គណបក្សសង្រ្គោះជាតិបានលើកឡើងពីក្តីបារម្ភរបស់ខ្លួនថា
ច្បាប់នេះ នឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
និងជាពិសេសប៉ះពាល់ដល់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
លិខិតសុំអន្តរាគមន៍ពីព្រះមហាក្សត្រ
ត្រូវបានបញ្ជូនទៅកាន់ព្រះបរមរាជវាំងនៅរសៀលថ្ងៃទី ១៩ កក្កដានេះ
ដោយបានលើកឡើងពីក្តីព្រួយបារម្ភយ៉ាងតិចចំនួន២ចំណុច
ប្រសិនបើព្រះមហាក្សត្រឡាយព្រះហត្ថលេខាដាក់ឲ្យប្រើប្រាស់
នូវវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាស់នេះ។
ប៉ុន្តែអ្នកវិភាគនៅរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា
ព្រះមហាក្សត្រមិនអាចបដិសេធបានទេ។
នៅក្នុងលិខិតថ្វាយព្រះមហាក្សត្រ
បរមនាថ នរោត្តម សីហមុនី នេះ
ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន៥៥រូបបានចាត់ទុកវិសោធនកម្មច្បាប់នេះថា
បានដើរផ្ទុយពីព្រះរាជបំណងរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ
ដែលចង់ឲ្យខ្មែររួបរួមគ្នា
និងជាច្បាប់ដែលរំលោភបំពានលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលត្រង់មាត្រា
៣៥ វាក្យខណ្ឌទី១ ដែលបានចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច
និងវប្បធម៌ប្រទេសជាតិ”។ បន្ថែមលើនេះ
លិខិតនេះក៏បានទូលថ្វាយព្រះមហាក្សត្រថា វិសោធនកម្មច្បាប់នេះ
មិនស្របតាមគោលការណ៍នីតិរដ្ឋ ហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី
ពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងថា
ជាវិសោធនកម្មច្បាប់ដែលមានចរិតនយោបាយ
និងគាបសង្កត់ទៅលើសិទ្ធិបុគ្គល និងគូប្រជែងនយោបាយ
ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់ការបោះឆ្នោតនាពេលខាងមុខ ។
គួរជំរាបជូនថា
លិខិតសុំអន្តរាគមន៍ពីព្រះមហាក្សត្រនេះ បានធ្វើឡើង
បន្ទាប់ពីវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាស់នេះ ត្រូវបានរដ្ឋសភា
និងព្រឹទ្ធសភាអនុម័តរួច កាលពីថ្ងៃទី ១៨ កក្កដា។ បើតាមនីតិវិធី
វិសោធនកម្មច្បាប់នេះ
នឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីប្រកាសធម្មនុញ្ញភាព
មុនពេលថ្វាយព្រះមហាក្សត្រឡាយព្រះហត្ថលេខា
ដើម្បីប្រកាសឲ្យប្រើប្រាស់។
យ៉ាងណាក៏ដោយ
ក្រុមបញ្ញាវ័ន្តនៅរាជបណ្ឌិតសភាកម្ពុជា
ដែលបានលើកយកវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមកពិភាក្សានៅថ្ងៃនេះ
បានកត់សំគាល់ថា ព្រះមហាក្សត្រនឹងមិនអាចជួយគណបក្សប្រឆាំងបានទេ។
លោក សុខ ទូច អនុប្រធានរាជបណ្ឌិតសភាកម្ពុជា
បានលើកឧទាហរណ៍នាពេលកន្លងមកថា
នៅពេលព្រះមហាក្សត្រអវត្តមានពីក្នុងប្រទេស នោះ ប្រមុខរដ្ឋស្តីទី
ដែលមានប្រធានព្រឹទ្ធសភា និងបន្តបន្ទាប់មកមានប្រធានរដ្ឋសភា
និងអនុប្រធានជាដើម នឹងចុះហត្ថលេខាជំនួសព្រះអង្គ។ ចំណែកលោក ឌុច
ពិសិដ្ឋ តំណាងអ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយនៅកម្ពុជា
បានលើកឡើងនៅក្នុងវេទិកាដែលមិនមានការចូលរួមពីតំណាងគណបក្សសង្រ្គោះជាតិនេះដែរថា
តាមបទពិសោធន៍នៃការអនុម័តច្បាប់ដែលមិនមានការចូលរួមពីបក្សប្រឆាំងបែបនេះ
ព្រះមហាក្សត្រតែងតែយាងទៅក្រៅប្រទេសដើម្បីពិនិត្យព្រះរាជសុខភាព
ដោយទម្លាក់ការទទួលខុសត្រូវនេះទៅប្រមុខរដ្ឋស្តីទីវិញ ៕
Pdach Kar
Thursday, October 19, 2017