Views
ប្រភពវីអូឌី ៖ បណ្ដុំអង្គការសង្គមស៊ីវិលអំពាវនាវឲ្យម្ចាស់ហត្ថលេខី
និងអតីតសហប្រធាននៃសន្និសីទទីក្រុងប៉ារីស បើកកិច្ចប្រជុំ
ស្ដីអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយពួកគេយល់ថា
រដ្ឋាភិបាលកំពុងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងសំឡេងរិះគន់
និងបក្សប្រឆាំង ដែលផ្ទុយពីយន្ដការប្រជាធិបតេយ្យ។
ក្នុងកិច្ចពិភាក្សាមួយនៅព្រឹកនេះ ក្រុមអង្គការសង្គមស៊ីវិលជាង ៣០ ស្ថាប័ន
បានយកឳកាសនេះ អំពាវនាវឲ្យម្ចាស់ហត្ថលេខីទាំង ១៨ ប្រទេស
និងអតីតសហប្រធាននៃសន្និសីទក្រុងប៉ារីស ដែលរួមមាន ប្រទេសបារាំង
និងឥណ្ឌូនេស៊ី កោះប្រជុំបន្ទាន់មួយ
ដើម្បីពិភាក្សាអំពីស្ថានភាព
សិទ្ធិមនុស្សនៅកម្ពុជា
និងដាក់វិធានការចាំបាច់មួយចំនួន
ដើម្បីបង្ខំរដ្ឋាភិបាលងាកមកអនុវត្តតាមយន្ដការប្រជាធិបតេយ្យ
និងគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ ដូចដែលខ្លួនបានសន្យា ។
ក្នុងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ ក្រុមអង្គការសង្គមស៊ីវិល បានយោងមាត្រាមួយ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដោយថា៖ «
សហប្រធានចំនួន ២
នៃសន្និសីទទីក្រុងប៉ារីស រួមមាន បារាំង និង ឥណ្ឌូនេស៊ី
គប្បីផ្ដួចផ្ដើមឲ្យមានការពិគ្រោះយោបល់សមស្របជាបន្ទាន់
ក្នុងគោលបំណងស្វែងរកវិធានការសមស្រប
ដើម្បីធានាការគោរពកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា
ក្នងករណីមានការរំលោភបំពាន ឬគំរាមកំហែងណាមួយ»។
យ៉ាងនេះក្ដី លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន
ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗថា
ការប៉ុនប៉ងជំរុញឲ្យមានកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ លោកថា
មិនអាចទៅរួចនោះទេ។
នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក
សឿង សារឿន
មានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីពិភាក្សាលើខ្លឹមសារ
និងស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជា ជាប្រទេសហត្ថលេខី
មុននឹងចេញសេចក្ដីថ្លែងការណ៍ផ្លូវការ ដើម្បីទទូចឲ្យរដ្ឋាភិបាល
គោរពសិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យបានពេញលេញ។
លោកយល់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនទាន់ស្លាប់
ដូចការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រីនោះទេ ដោយថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ ដើម្បីធានាសន្ដិភាព
ការអភិវឌ្ឍជាតិពិសេសគឺលើកកម្ពស់ការគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ «
យើងអំពាវនាវរដ្ឋាភិបាល
ក៏ដូចជារដ្ឋាភិបាលរដ្ឋហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ឲ្យលោកពិនិត្យឡើងវិញ តើរយៈពេល២៦ឆ្នាំ កន្លងមកនេះ ការប្ដេជ្ញាចិត្តនៅទីក្រុងប៉ារីសហ្នឹង វាបានអនុវត្តពេញលេញអីខ្លះ ហើយមានចំណុចណាខ្លះ
ដែលគួរធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ហើយនិងកាតព្វកិច្ច របស់រដ្ឋហត្ថលេខីទាំង១៨
និងអង្គការសហប្រជាជាតិថាគាត់ គួរតែធ្វើអីទៀត ជួយកម្ពុជាឲ្យកាន់តែប្រសើរ
ដើម្បីឲ្យកម្ពុជា កាន់តែមានប្រយោជន៍»។
ប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងនយោបាយ លោកស្រី ធីតា ឃឹះ
រិះគន់ថា កម្ពុជាហាក់ប្រាស់ចាកពីគោលការណ៍មួយចំនួន
ដែលកំណត់ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ដូចជា បញ្ហាគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កម្សោយនៃការអនុវត្តច្បាប់
បញ្ហាអព្យាក្រឹត្យភាពរបស់កម្ពុជា និងសកម្មភាពគំរាមកំហែងជាបន្ដបន្ទាប់
លើក្រុមអង្គការសង្គមស៊ីវិល និងសំឡេងឯករាជ្យ នៅមុនការបោះឆ្នោត ឆ្នាំ២០១៨ ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើង
របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ដោយថា
រដ្ឋាភិបាលបានធានាការគោរពសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ ស្របតាមស្មារតី
នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងថា ចំណាត់ការថ្មីៗ
គឺដើម្បីរក្សាសន្ដិភាពនៅកម្ពុជា។
បើតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជាបានចុះហត្ថលេខា
កាលពីថ្ងៃទី២៣តុលាឆ្នាំ១៩៩១ បានកំណត់ថា
បើមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា
រដ្ឋហត្ថលេខីអាចស្នើទៅអង្គការមានសមត្ថកិច្ច របស់អង្គការសហប្រជាជាតិ
ឲ្យចាត់វិធានការសមស្របណាមួយ ដើម្បីទប់ស្កាត់ និងលុបបំបាត់ការរំលោភបែបនេះ
ស្របទៅតាមច្បាប់អន្ដរជាតិពាក់ព័ន្ធនានា៕
ប្រភពវិទ្យុបារាំង ៖ ក្រុមសមាគមនិងអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាចំនួន១២
នៅថ្ងៃទី១៩តុលានេះ
បានសម្តែងការព្រួយបារម្ភចំពោះការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា។
ប្រតិកម្មរបស់អង្គការសង្គមស៊ីវិលនៅពេលនេះ
បានធ្វើឡើងបន្ទាប់ពីសេចក្តីស្នើច្បាប់ចំនួន៤
ដែលទាក់ទងទៅនឹងការរំលាយគណបក្ស
និងបែងចែកអាសនៈគណបក្សដែលត្រូវរំលាយបានទៅដល់ដៃព្រឹទ្ធសភានៅថ្ងៃនេះ។
ជាលើកដំបូងហើយដែលក្រុមអង្គការសង្គមស៊ីវិល
និងសមាគម
ដែលធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាបានបញ្ចេញប្រតិកម្មរួមគ្នា
ជុំវិញការប្តឹងដើម្បីរំលាយគណបក្សសង្គ្រោះជាតិ
ដែលជាដៃគូប្រជែងគីឡូធ្ងន់ជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។
នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួននៅថ្ងៃនេះ
ក្រុមអង្គការសង្គមស៊ីវិល
យល់ឃើញថាជាយកថាហេតុការរំលាយគណបក្សប្រជែងនេះ
រហូតមិនអាចចូលរួមប្រកួតការបោះឆ្នោតនឹងនាំឲ្យមានបញ្ហានៃភាពត្រឹមត្រូវតាមផ្លូវច្បាប់ជាតិ
និងអន្តរជាតិនៃការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ ករណីការរំលាយ
និងការបែងចែកអាសនៈនៃគណបក្សសង្គ្រោះជាតិ
គឺមិនគោរពសម្លេងឆន្ទៈប្រជាពលរដ្ឋប្រមាណ
៣ លាននាក់ដែលបានបោះឆ្នោតគាំទ្រគណបក្សនេះ។
នេះបើតាមសេចក្តីថ្លែងការណ៍។
ក៏ប៉ុន្តែ
អ្នកនាំពាក្យក៏ដូចជាមន្ត្រីសំខាន់ៗរបស់គណបក្សបក្សប្រជាជនកម្ពុជា
តែងលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ ចំនួន ៤ ក្នុងនោះ
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ដែលនឹងបើកផ្លូវឲ្យមានការបែងចែកអាសនៈគណបក្សមួយ
ទៅឲ្យគណបក្សផ្សេងទៀតនោះ គឺដើម្បីឲ្យច្បាប់ទាំង ៤នេះ
មានសង្គតភាព ឬភាពស៊ីសង្វាក់ជាមួយច្បាប់ស្ដីពីគណបក្សនយោបាយ
និងវិសោធនកម្មជាបន្តបន្ទាប់ ដែលនៅជាធរមាន
ធានាស្ថេរភាពនយោបាយឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងនៅកម្ពុជា។
ទោះយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមក្នុងស្រុក
ដែលក្នុងនោះមានអង្គការឃ្លាំមើលការបោះឆ្នោត Comfrel និង Nicfic ផងនោះ
ចាត់ទុកថា ការរំលាយគណបក្សប្រកួតប្រជែងការបោះឆ្នោត
និងការអនុវត្តនៃការបែងចែកអាសនៈតាមរូបមន្តថ្មីនៃការធ្វើវិសោធនកម្មច្បាប់នឹងនាំឲ្យបាត់បង់ការប្រកួតប្រជែងការបោះឆ្នោត
ដោយភាពត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិ និងយុត្តិធម៌
ហើយក៏នឹងនាំឲ្យធ្លាក់ចុះខ្លាំងនៃដំណើរការប្រជាធិបតេយ្យជាមួយគុណភាពពហុបក្សនៅកម្ពុជា៕
Pdach Kar
Thursday, October 19, 2017