Views
មន្ត្រីអង្គការសង្គមស៊ីវិល
និងមន្ត្រីរាជការមួយចំនួនសោកស្ដាយ
ចំពោះសេចក្ដីសម្រេចរបស់សមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា
ដែលបានអនុម័តច្បាប់បែងចែកអាសនៈគណបក្សនយោបាយដែលត្រូវរំលាយ
នៅព្រឹកថ្ងៃទី ១៦ តុលានោះ គឺជាការគ្មានប្រយោជន៍ដល់ប្រទេសជាតិ
និងមានចេតនានយោបាយ។
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរាជការ
មានមតិស្រដៀងគ្នាថា ពួកគាត់មិនគាំទ្រការអនុម័ត
លើសេចក្ដីស្នើវិសោធនកម្មច្បាប់ ដោយរដ្ឋសភាឯកបក្សនេះទេ។
ពួកគាត់យល់ថា
ការធ្វើដូច្នេះនាំឲ្យកំហឹងនយោបាយឡើងកម្ដៅកាន់តែខ្លាំង។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្រែល(Comfrel) លោក
កន សាវាង្ស មានប្រសាសន៍ នៅថ្ងៃទី១៦ តុលា ថា
ការធ្វើសេចក្ដីអនុម័តនៃវិសោធនកម្មច្បាប់របស់រដ្ឋសភា
ដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានោះ
នឹងជំរុញឲ្យប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។ លោក អះអាងទៀតថា
ច្បាប់មួយនេះ ធ្វើឡើងដើម្បីបម្រើមហិច្ឆតារបស់គណបក្សកាន់អំណាច
ច្រើនជាងការធ្វើដើម្បីផលប្រយោជន៍រួមនៅក្នុងសង្គមជាតិ។
ចំណែកនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក
សន ជ័យ លើកឡើងថា ច្បាប់ថ្មីមួយនេះ
មិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះទេ
តែផ្ទុយទៅវិញ ជាការរំលោភលើសេចក្ដីសម្រេចរបស់ពលរដ្ឋ
ដែលពួកគាត់បានបោះឆ្នោតជ្រើសរើសតំណាងគណបក្សនយោបាយដែលខ្លួនពេញចិត្ត
ដើម្បីបម្រើពួកគាត់ ដោយគិតថា
គណបក្សនោះនឹងជួយដោះស្រាយបញ្ហាសង្គមឲ្យរីកចម្រើនទៅមុខបាននៅពេលអនាគត។
ស្រដៀងគ្នានេះដែរ គ្រូបង្រៀនមួយចំនួនអះអាងថា
ពួកគាត់ជាមន្ត្រីរាជការ
មិនគាំទ្រជាដាច់ខាតចំពោះសេចក្ដីសម្រេចនៃវិសោធនកម្មច្បាប់ថ្មីនេះ
ពីព្រោះច្បាប់នេះធ្វើឡើងដោយពុំមានតំណាងរាស្ត្រពីគណបក្សប្រឆាំងចូលរួមប្រជុំ
ដើម្បីសួរដេញដោលនៅក្នុងរដ្ឋសភា
មុននឹងឈានដល់ការអនុម័តច្បាប់មួយនេះ។ ក្រុមគ្រូបង្រៀន បន្ថែមទៀតថា
ច្បាប់ដែលមានខ្លឹមសារបែងចែកអាសនៈគណបក្សនយោបាយក្រោយពេលរំលាយគណបក្សណាមួយចោលនោះ
នៅពេលចាប់ផ្ដើមអនុវត្តច្បាប់នេះនឹងធ្វើឲ្យប្រទេសជាតិចលាចលជាពុំខាន
ព្រោះប្រជាពលរដ្ឋកន្លះនគរមិនពេញចិត្ត។
ទាំងមន្ត្រីសង្គមស៊ីវិល និងក្រុមគ្រូបង្រៀន
ទទូចសុំឲ្យគណបក្សជាប់ឆ្នោតទាំង២ធ្វើយ៉ាងណារកផ្លូវជួបពិភាក្សាចាប់ដៃគ្នា
ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ខាងមុខ
ប្រកបដោយសុក្រឹត និងយុត្តិធម៌។
សមាជិករដ្ឋសភាដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា
បានប្រជុំអនុម័តវិសោធនកម្មច្បាប់ចំនួន៤
ដោយមានសំឡេងចំនួន៦៧សំឡេង កាលពីព្រឹកថ្ងៃទី ១៦ តុលា
ច្បាប់ទាំងនោះរួមមានច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ
ច្បាប់ស្ដីការបោះឆ្នោតជ្រើសព្រឹទ្ធសភា
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
និងវិសោធនកម្ម ច្បាប់ស្ដីពីច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕