Views
អតីតសត្រូវនយោបាយដ៏ជូរចត់ ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានមានបន្ទូលទៅកាន់ក្រុមអ្នកយកការណ៍ របស់សារព័ត៌មាន រ៉យទ័រ នាទីក្រុងភ្នំពេញ ថា ទ្រង់មិនមានជម្រើសអ្វី ក្រៅតែពីដឹកនាំបក្ស របស់ទ្រង់ ដើម្បីធ្វើការជាមួយ នឹងគណបក្សកាន់អំណាច សព្វថ្ងៃ របស់លោកហ៊ុន សែន នោះឡើយ។
សម្តេចក្រុមព្រះ នរោតម្ត រណឫទ្ធិ ដែលធ្លាប់ជាមេកើយ របស់លោកកឹម សុខា និងលោកសម រង្ស៊ី រួមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាច្រើនទៀត និងធ្លាប់ជាអ្នកគូប្រកួតប្រជែងដ៏ខ្លាំងក្លា ជាមួយនឹងគណបក្សប្រជាជន ជាពិសេសនៅក្នុងការបោះឆ្នោតជាតិ លើកដំបូងដែលក្រោមការរៀបចំ របស់អង្គការសហប្រជាជាតិឆ្នាំ១៩៩៣ បែរជាមកត្រូវដងត្រូវផ្លែនឹងគណបក្សប្រជាជនកម្ពុជាយ៉ាងចម្លែក និងធ្វើឲ្យគណបក្សសង្គ្រោះជាតិ ច្រឡោតតោតូងយ៉ាងខ្លាំង នៅក្រោយពេលដែលទ្រង់ ស្នើក្រសួងមហាផ្ទៃ ដាក់ពាក្យបណ្តឹងសុំ ឲ្យមានការរំលាយគណបក្សប្រឆាំងមួយនេះ ចេញពីសង្វៀននយោបាយ ក្រោមបទចោទប្រកាន់ ពាក់ព័ន្ធនឹងទោសក្បត់ជាតិ របស់លោកកឹម សុខា។
រ៉យទ័របានសរសេរថា ទ្រង់ រណឫទ្ធិ ដែលជាប្រធានគណបក្សប្រឆាំងដ៏ធំបំផុត ពីអតីតកាល ក្លាយជាឧទាហរណ៍ជាក់ស្តែងអំពីភាពបត់បែន នៃនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែល គណបក្សកាន់អំណាចបាន ប្រើប្រាស់នូវកម្លាំងរបស់ខ្លួន និងភាពវៃឆ្លាតរបស់ខ្លួន ធ្វើឲ្យអតីតសត្រូវរបស់ខ្លួនមួយនេះ ចុះញ៉មក្នុងគោលបំណង រក្សាអំណាចឲ្យបានស្ថិតស្ថេរ នៅក្រោយការដួលរលំ នៃរបបប្រល័យពូជសាសខ្មែរក្រហម ទសវត្សឆ្នាំ១៩៧៩ មក។
ទ្រង់ រណឫទ្ធិ បានទាំងសរសើរលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាជាអ្នកដែលបានដឹកនាំប្រទេស ឲ្យមានសាមគ្គីភាព និងឯកភាពជាតិមកទល់បច្ចុប្បន្ននេះ ដែលតាមរដ្ឋធម្មនុញ្ញ គ្មានអ្នកណាម្នាក់ នឹងមានសិទ្ធិក្នុងការធ្វើឲ្យមានហានិភ័យដល់សាមគ្គីភាព និងឯកភាពជាតិរបស់កម្ពុជា នេះបានឡើយ។
សូមបញ្ជាក់ថា ពេលនេះ គណៈកម្មការជំនាញរដ្ឋសភាកំពុងដុតដៃដុតជើង ធ្វើការពិភាក្សាលើសំណើវិសោធនកម្មច្បាប់បោះឆ្នោត ដែលស្នើឡើងដោយក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជនចំនួន៤៩រូប ដើម្បីដកហូតយកអាសនៈចំនួន ៥៥ របស់គណបក្សសង្គ្រោះជាតិទៅបែងចែកឲ្យគណបក្សផ្សេងដែលពុំមានអាសនៈនៅក្នុងរដ្ឋសភា។
ប្រសិនបើអាសនៈនៅក្នុងរដ្ឋសភារបស់បក្សសង្គ្រោះជាតិ ទាំង ៥៥ ត្រូវបានចែកទៅឲ្យគណបក្សផ្សេងៗបន្ទាប់ពីសមាជិករដ្ឋសភាគណបក្សកាន់អំណាចធ្វើវិសោធនកម្មច្បាប់ជ្រើសតាំងតំណាងរាស្ត្រ ហើយគណបក្សប្រឆាំងត្រូវបានគេរំលាយមែននោះ តាមសេណារីយោ ដែលត្រូវបានគេផ្សព្វផ្សាយបានបង្ហាញថា គណបក្សហ្វ៊ុនស៊ិនប៉ិច របស់ទ្រង់ អាចទទួលបានរហូតដល់ ៤១ អាសនៈ ឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោកខឹម វាសនា អាចទទួលបាន ៦ អាសនៈ គណបក្សខ្មែរឈប់ក្រ អាចទទួលបាន ៥ អាសនៈ គណបក្សសញ្ជាតិកម្ពុជា ២ អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១ អាសនៈ៕
ប្រភព :
vayo
Pdach Kar
Tuesday, October 17, 2017