Views
ប្រភពភ្នំពេញប៉ុស្តិ៍ : គណបក្សចំនួន ៣
បានប្រកាសទទួលយកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិក្រោយគណបក្សប្រឆាំងដ៏ធំនេះដែលជាគូប្រជែងនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីត្រូវបានរំលាយចោល។
ការប្រកាសទទួលយកកៅអីមួយចំនួនក្នុងចំណោមកៅអី ៥៥
របស់បក្សសង្គ្រោះជាតិនេះបានកើតមានឡើងបន្ទាប់ពីសមាជិកសភាចំនួន
៦៧ រូបនៃគណបក្សប្រជាជនកម្ពុជារួមទាំងលោក ហ៊ុន សែន
ផងដែរបានលើកដៃអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាសនេះ។
លោក សេង សុខខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា (CNP)
ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថាបក្សរបស់លោកនឹងទទួលយកអាសនៈសភារបស់សង្គ្រោះជាតិប្រសិនបើត្រូវបានគេបែងចែក។
លោកថ្លែងថា៖
«ខាងគណបក្សខ្ញុំគឺអត់ប្រកែកទេព្រោះអានេះជាផ្លូវច្បាប់
ក្រោយសភាអនុម័តច្បាប់ទាំង ៤
ហ្នឹងហើយមានន័យថាកៅអីហ្នឹងខាងខ្ញុំទទួលបាន
និងជាកៅអីដែលតំណាងរាស្ត្រអនុម័តមកដែរ
មិនមែនជាការអីខុសច្បាប់ទេ»។
លោកបន្ថែមថាគណបក្សលោកមិនខ្វល់នឹងការរិះគន់ណាមួយឡើយចំពោះជំហរគណបក្សដោយអះអាងថាដើម្បីសន្តិសុខ និងស្ថិរភាពសង្គម។
លោកបញ្ជាក់ថា៖ «គេធ្វើទៅតាមច្បាប់អ៊ីចឹង
យើងទទួលគឺទទួលស្របច្បាប់អ៊ីចឹងបក្សសញ្ជាតិកម្ពុជាត្រូវទទួលយក។
ខ្ញុំអត់បារម្ភពីការរិះគន់អីទេ
សកម្មភាពគឺធ្វើដើម្បីប្រយោជន៍ជាតិដើម្បីសុវត្ថិភាព
និងសន្តិសុខជាតិដើម្បីស្ថិរភាពសង្គម ស្ថិរភាពនយោបាយ។
និយាយឲ្យខ្លីគឺដើម្បីប្រយោជន៍ជាតិ។
ដោយឡែកលោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
(KEDP)
បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទអមជាមួយអត្ថបទសម្ភាសន៍ជាមួយកាសែតរស្មីកម្ពុជាថាគណបក្សរបស់លោកក៏នឹងទទួលយកអាសនៈទាំងនោះផងដែរ។
ប៉ុន្តែភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមបានទេកាលពីម្សិលមិញ។
លោកថ្លែងថា៖
«ប្រសិនបើយើងមិនទទួលយកការបែងចែកអាសនៈនេះគឺយើងមិនគោរពនីតិរដ្ឋ
ហេតុអ្វីបានជាយើងនិយាយថាមិនគោរពនីតិរដ្ឋព្រោះរដ្ឋបានកំណត់ឲ្យបក្សតូចៗដែលមានអាសនៈក្នុងការបែងចែកសម័យបោះឆ្នោត
២០១៣ នៅពេលដែលបក្សសង្គ្រោះជាតិមិនចូលសភា
ឬត្រូវបានរំលាយសំឡេងត្រូវបែងចែកឲ្យគណបក្សទាំង ៥ ។
លោកបានហៅការបដិសេធណាមួយមិនទទួលយកអាសនៈថាជាការ
«បំផ្លាញឆន្ទៈរាស្ត្រ»
ដែលបោះឆ្នោតឲ្យអ្នកនយោបាយធ្វើការក្នុងសភា។
«បើយើងធ្វើនយោបាយដើម្បីអភិវឌ្ឍន៍ជាតិត្រូវតែចូលរួមអភិវឌ្ឍន៍ជាតិចូលរួមនយោបាយជាមួយរាជរដ្ឋាភិបាលទើបអាចជួយពលរដ្ឋឲ្យរួចពីវិបត្តិសេដ្ឋកិច្ច»។
លោក ញ៉េប ប៊ុនជិន
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចដែលបានដាក់បណ្ដឹងស្នើឲ្យរំលាយសង្គ្រោះជាតិបានបង្ហាញជំហរទទួលយកអាសនៈទាំងនោះ។
លោកបានចោទសួរថា៖
«ខ្ញុំបង្វែរសំណួរទៅអ្នកវិញថាតើយើងមានគម្រោងទទួល ៤១
អាសនៈដែរឬទេ។ ប្រសិនបើអ្នកទទួលបាន ១ លានដុល្លារ
តើអ្នកនឹងទទួលយកវាទេ? ប្រសិនបើគេប្រគល់ឲ្យមកខ្ញុំ។
តើហេតុអ្វីមិនយក? និយាយដោយស្របច្បាប់វាស្អាតស្អំណាស់»។
លោកបន្ថែមថា
ហ៊្វុនស៊ិនប៉ិចមិនចាប់អារម្មណ៍ខ្វល់ខ្វាយនឹងការរិះគន់ណាមួយពីសំណាក់សាធារណជនចំពោះជំហររបស់ខ្លួននោះទេ។
លោក ចាន់ យ៉េត អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (RDP)
ដែលត្រូវបានគេជឿថាអាចទទួលបានអាសនៈប្រសិនបើគណបក្សដទៃទៀតបដិសេដធលើកឡើងថាគណបក្សរបស់លោកត្រូវការជជែកបន្ថែមជាមួយលោកស្រី
សុខ រ័ត្នសុវណ្ណបច្ចៈសីលា
ដែលជាប្រធានបក្សនឹងកំពុងនៅបរទេសសិនមុននឹងសម្រេច។
ប៉ុន្តែលោកបានបង្ហាញគំនិតមិនស្របនឹងការបែងចែកអាសនៈរបស់បក្សប្រឆាំងឲ្យគណបក្សដែលមិនត្រូវបានពលរដ្ឋផ្តល់ការគាំទ្រនោះទេ។
លោកបានថ្លែងបញ្ជាក់ថា៖ «ការដែលបែងចែកហ្នឹងតាមពិតទៅ
បើយើងយល់ពីលទ្ធិប្រជាធិបតេយ្យគឺប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឲ្យដល់យើងបែងចែកដោយគ្មានប្រជាពលរដ្ឋបោះឆ្នោតឲ្យអ៊ីចឹងវាដូចមិនមានប្រជាធិបតេយ្យទេ»។
យ៉ាងហោចណាស់មានគណបក្សចំនួនពីរបានបដិសេធទទួលយកអាសនៈសភារបស់បក្សប្រឆាំងប្រសិនជាត្រូវបានបែងចែកគឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
(LDP) របស់លោក ខឹម វាសនា និងគណបក្សខ្មែរឈប់ក្រ (KAPP) របស់លោក
ក្រវ៉ាញ ដារ៉ន ដោយលើកឡើងថាវាជារឿង «អយុត្តិធម៌» និងគ្មានន័យ។
កាលពីម្សិលមិញនេះដែរលោក កូវ គា
អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបញ្ជាក់ជំហរម៉ឺងម៉ាត់ថា
LDP នឹងមិនទទួលយកអាសនៈណាមួយដែលអាចនឹងត្រូវបានបែងចែកឲ្យទេ។
លោកថ្លែងថា៖ «បើស្ថិតក្នុងស្ថានភាពដែលគេបែងចែកមកឲ្យយើង
នៅពេលដែលលិខិតហ្នឹងចូលមកដល់យើងកុំថាឡើយគេចែកឲ្យ ៦ កៅអី
ទោះបីជាចែកឲ្យលើសហ្នឹងក៏យើងមិនយកដែរព្រោះយកទៅធ្វើអីវាមិនកើត»។
លោកលើកជាសំនួរសំដៅលើចំនួនកៅអីរបស់សង្គ្រោះជាតិក្នុងសភាថា៖
«បើ ៥៥ ធ្វើមិនកើតផងតើ ៦ កៅអីទៅធ្វើអ្វីកើតទៅ?»។
តាមសេណារីយោដែលត្រូវបានគេផ្សព្វផ្សាយបានបង្ហាញថា
ប្រសិនបើសង្គ្រោះជាតិត្រូវបានគេរំលាយមែននោះគណបក្សហ៊្វុនស៊ិនប៉ិចត្រូវគេជឿថា
អាចទទួលបាន ៤១ អាសនៈគណបក្ស LDP ៦ អាសនៈគណបក្សខ្មែរឈប់ក្រ ៥
អាសនៈគណបក្សសញ្ជាតិកម្ពុជា ២ អាសនៈ
និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១ អាសនៈ៕
Pdach Kar
Tuesday, October 17, 2017