Views
ប្រភពថ្មី ៗ ៖ កម្ពុជា គ្រោងប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីគ្រប់គ្រងទិន្នន័យគម្របព្រៃឈើនៅកម្ពុជា។ តាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រាជរដ្ឋាភិបាលជប៉ុន ជាអ្នកចេញថ្លៃចំណាយ លើការទិញទិន្នន័យដែលថតបានដោយផ្កាយរណបរបស់សហរដ្ឋអាមេរិក ។
រដ្ឋាភិបាលកម្ពុជា គ្រោងនឹងប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីគ្រប់គ្រងគម្របព្រៃឈើ និងអភិរក្សព្រៃឈើនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើតាមបើតាមទីភ្នាក់ងារសារព័ត៌មានជាតិ (AKP) ដែលស្រង់សម្តី លោក ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន ថ្លែងក្នុងសិក្ខាសាលាបូកសរុបលទ្ធផល នៃជំនួយបច្ចេកទេសរបស់ JICA នៅថ្ងៃទី១៧ ខែតុលា ។
បើតាមAKP លោក ជា សំអាង បានបញ្ជាក់ទៀតថា ការប្រើប្រព័ន្ធផ្កាយរណបនេះ នឹងទៅជួយកាត់បន្ថយ ការបាត់បង់ព្រៃឈើនៅកម្ពុជាខណៈរដ្ឋាភិបាលជប៉ុនជាអ្នកចេញថ្លៃចំណាយទិញទិន្នន័យដែលថតបាន ដោយផ្កាយរណបរបស់សហរដ្ឋអាមេរិក សម្រាប់ត្រួតពិនិត្យគម្របព្រៃឈើនៅកម្ពុជា។
លោកបញ្ជាក់ដូច្នេះ៖«ការត្រួតពិនិត្យគម្របព្រៃឈើតាមប្រព័ន្ធផ្កាយរណប នឹងជួយឲ្យកម្ពុជាទទួលបានទិន្នន័យច្បាស់លាស់ ពិសេសឈានទៅជួយកាត់បន្ថយការបាត់បង់ រិចរឹលព្រៃឈើ រួមទាំងគ្រប់គ្រងព្រៃឈើ នាថ្ងៃអនាគត»។
សូមបញ្ជាក់ថាកន្លងមកអង្គការ JICA រួមនឹងអង្គការមួយចំនួនទៀត ក៏បានជួយកសាងសមត្ថភាពបច្ចេកទេស ផ្ដល់ឧបករណ៍សម្រាប់វាស់វែង ផ្ទៀងផ្ទាត់ព្រៃឈើ និងបង្កើតប្រព័ន្ធតាមដានព្រៃឈើនៅកម្ពុជាដែរ៕
Pdach Kar
Tuesday, October 17, 2017