Views
ប្រភពអាស៊ីសេរី ៖ អ្នកច្បាប់ និងអ្នកវិភាគបញ្ហាសង្គម លើកឡើងថា ច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី មិនត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជាទេ ស្របពេលដែលស្ថានភាពនយោបាយកំពុងមានវិបត្តិ។ លោក ឡេង សេងហុង គឺជាមនុស្សថ្មីមួយរូបទៀតកំពុងប្រឈមនឹងផ្លូវតុលាការក្រោយពេលដែលលោកបានប្រកាសធ្វើបាតុកម្មអហិង្សាដើម្បីការពាររបបលទ្ធិប្រជាធិបតេយ្យ។
អ្នកច្បាប់ចាត់ទុកចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យលោក ឡេង សេងហុង ចូលបង្ហាញខ្លួននៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការនគរបាលជាតិ ជាការរំលោភរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិបុគ្គល និងជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។
លោកមេធាវី ហែម សុជាតិ បានឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ នេះថា ការអំពាវនាវរបស់ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក ឡេង សេងហុង កន្លងមក ដែលប្រកាសត្រៀមសម្រាប់ធ្វើបាតុកម្មអហិង្សា ប្រសិនបើតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងពុំមានខុសឆ្គងផ្លូវច្បាប់អ្វីឡើយ។ ដោយហេតុថា ការអំពាវនាវនេះ ធ្វើឡើងស្របទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី។
លោក ឡេង សេងហុង កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា បានអំពាវនាវឱ្យសមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេសត្រៀមប្រើប្រាស់សិទ្ធិស្របច្បាប់ធ្វើបាតុកម្មអហិង្សា ក្នុងករណីតុលាការរំលាយគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា ការធ្វើបាតុកម្មនេះ មិនមែនដើម្បីការពារគណបក្សសង្គ្រោះជាតិនោះទេ ប៉ុន្តែដើម្បីការពាររបបប្រជាធិបតេយ្យ ដែលចែងពីពហុបក្ស និងត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញ ដោយលោកអះអាងថា លោកមានកម្លាំងប្រមាណ ៤ពាន់នាក់រួចហើយ សម្រាប់ធ្វើបាតុកម្មនេះ។
ក៏ប៉ុន្តែមួយថ្ងៃបន្ទាប់ គឺថ្ងៃទីទី២៧ ខែតុលា ឆ្នាំ២០១៧ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបង្គាប់ឱ្យលោក ឡេង សេងហុង ចូលបង្ហាញខ្លួនទៅបំភ្លឺពីករណី ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ឡេង សេងហុង បានថ្លែងប្រាប់អាស៊ីសេរី ក្រោយពីតុលាការចេញដីកាកោះហៅ កាលពីថ្ងៃទី២៧ ខែតុលា ឱ្យដឹងថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលទទួលបានព័ត៌មានថា លោកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចូលបង្ហាញខ្លួននៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ។
លោកអះអាងថា លោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ ហើយគម្រោងធ្វើបាតុកម្មនេះ គឺដើម្បីការពារឆន្ទៈរបស់ប្រជាពលរដ្ឋជាង ៣លាននាក់ដែលគាំទ្របក្សប្រឆាំង ការពាររដ្ឋធម្មនុញ្ញ និងរបបលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។ លោកឱ្យដឹងបន្តថា លោកបានឃើញដីកាកោះនោះ ចុះផ្សព្វផ្សាយតាមបណ្ដាសារព័ត៌មាន និងបណ្ដាញសង្គម ប៉ុន្តែលោកមិនទាន់ទទួលបានដីកាកោះនេះជាផ្លូវការពីតុលាការនៅឡើយទេ គិតត្រឹមថ្ងៃសៅរ៍ ទី២៨ ខែតុលា។ លោកបញ្ជាក់ថា ចំណាត់ការរបស់តុលាការនៅពេលនេះ គឺជាការគាបសង្កត់ បំបាក់ស្មារតី និងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ។
លោកមេធាវី ហែម សុជាតិ ថា ករណីនេះគ្មានបទល្មើសព្រហ្មទណ្ឌណាមួយដែលត្រូវអាចចោទប្រកាន់លោក ឡេង សេងហុង បានឡើយ។ ដោយហេតុថា លោក ឡេង សេងហុង ប្រកាសធ្វើបាតុកម្មដោយបានភ្ជាប់លក្ខខណ្ឌយ៉ាងច្បាស់ថា ប្រសិនបើតុលាការរំលាយគណបក្សប្រឆាំង ទើបលោក ឡេង សេងហុង ធ្វើបាតុកម្មដោយអហិង្សា។ លោកមេធាវីបានបញ្ជាក់ថា គ្រាន់តែការអំពាវនាវធ្វើបាតុកម្មដោយអហិង្សាគ្មានទោសនោះទេ។ លោកមេធាវីក៏បានចោទជាសំណួរដែរថា មកដល់ពេលនេះ តុលាការបានរំលាយគណបក្សប្រឆាំងហើយ ឬនៅ? ហើយលោក ឡេង សេងហុង បានធ្វើបាតុកម្មហើយ ឬនៅ?
មាត្រា២ នៃច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីចែងថា ច្បាប់នេះមានគោលបំណងធានាការពារសេរីភាពខាងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី។
មាត្រា៤ នៃច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីដដែលចែងថា បាតុកម្មដោយសន្តិវិធី សំដៅលើការប្រប្រមូលផ្ដុំគ្នា ឬការដង្ហែក្បួន ដោយមនុស្សមួយក្រុម ដើម្បីទាមទារ តវ៉ា សម្ដែងជាសាធារណៈនូវមនោសញ្ចេតនា គំនិត ឬឆន្ទៈរបស់ខ្លួនតាមរូបភាព ឬមធ្យោបាយផ្សេងៗដោយសន្តិវិធី។
មាត្រា៣៧ នៃច្បាប់រដ្ឋធម្មនុញ្ញក៏បានដែរចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្រមខណ្ឌនៃច្បាប់។
មាត្រា៣៨ នៃច្បាប់រដ្ឋធម្មនុញ្ញដដែលចែងថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
ទាក់ទងនឹងរឿងនេះដែរ អ្នកវិភាគបញ្ហាសង្គម និងនយោបាយលោក ឯម សុវណ្ណារ៉ា ឱ្យដឹងថា ថា ចំណាត់ការរបស់តុលាការនៅពេលនេះ គឺដើម្បីគាបសង្កត់ បំបាក់ស្មារតី និងបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលលោកចាត់ទុកថា របបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅមានកម្រិតនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក ឡេង សេងហុង នៅតែរក្សាជំហរថា លោកនៅតែបន្តគ្រោងធ្វើបាតុកម្មអហិង្សាដដែល ប្រសិនបើ តុលាការកំពូលហ៊ានរំលាយគណបក្សប្រឆាំង បើទោះបីជាមានការគំរាមកំហែង ការបង្ក្រាប ឬការចាប់ខ្លួនពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាល ក៏រូបលោកមិនខ្លាចដែរ។ លោក ឡេង សេងហុង បញ្ជាក់ថា លោកមិនគាំទ្រគណបក្សប្រឆាំងទេ ប៉ុន្តែគម្រោងធ្វើបាតុកម្មនេះ គឺសម្ដែងការមិនពេញចិត្តក្នុងករណីដែលតុលាការរំលាយគណបក្សប្រឆាំងតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ក្នុងពីធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ ១២៨ នៅខែត្រស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ បានប្រកាសនៅចំពោះ មុខមេទ័ពកំពូលៗ និងកងទ័ពរាប់រយនាក់ ឲ្យត្រៀមបង្ក្រាបបដិវត្តន៍ពណ៌ និងទប់ស្កាត់ សកម្មភាពនានា ដែលចង់មករារាំងការអនុវត្តន៍ច្បាប់ ចំពោះជនក្បត់ជាតិ និងបក្សក្បត់ជាតិ។
ការប្រកាសរបស់លោក ទៀ បាញ់ ធ្វើឡើងមួយថ្ងៃក្រោយពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកមិនឈឺក្បាលវិលមុខចំពោះសម្ពាធអន្តរជាតិ ហើយក៏មិនបារម្ភចំពោះការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច របស់ពិភពលោកចំពោះកម្ពុជានោះដែរ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ការបង្ក្រាបណាមួយរបស់កងកម្លាំង ប្រដាប់អាវុធ ដល់ពលរដ្ឋដែលតវ៉ា ក្រោយការរំលាយគណបក្ស សង្គ្រោះជាតិ គឺជាអំពើខុសច្បាប់ជាតិ និងអន្តរជាតិ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា កម្ពុជា នឹងអាចជួបបញ្ហាធ្ងន់ធ្ងរ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ រួមមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំ ក្នុងការនាំចូលផលិតផលសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជា មានតម្លៃរាប់ពាន់លានដុល្លារ។
នៅក្រោយពេលគណបក្សជាប់ឆ្នោតទាំងពីរបញ្ចប់វប្បធម៌សន្ទនា រដ្ឋាភិបាលហាក់បីដូចខ្លាចពលរដ្ឋធ្វើបាតុកម្មទាមទារបញ្ហាផ្សេងៗ រួមមាន ក្រុមអ្នកបាតុកម្មរឿងដោះស្រាយជម្លោះដីធ្លី ទាមទារសិទ្ធិសេរីភាពផ្សេងៗ គឺត្រូវបានរដ្ឋាភិបាលរឹតបន្តឹងមិនឲ្យមានការជួបជុំឡើយ បន្ថែមពីនេះ រដ្ឋាភិបាលតែងតែចោទប្រកាន់អ្នកមានបំណងជួបជុំធ្វើបាតុកម្មទាំងនោះថា ជាក្រុមប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលទៅវិញ៕