Views
ប្រភពអាស៊ីសេរី ៖ អ្នកច្បាប់អន្តរជាតិ ចាត់ទុកអំពើនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើបក្សសង្គ្រោះជាតិ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ថាគឺជាធាតុផ្សំគ្រប់គ្រាន់នៃបទល្មើសប្រឆាំងមនុស្សជាតិ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) មានដែនសមត្ថកិច្ចដើម្បីចាត់ការបាន។ ប៉ុន្តែ មន្ត្រីនាំពាក្យរដ្ឋាភិបាលថា តុលាការអន្តរជាតិ គ្មានសិទ្ធិអំណាចលើតុលាការកម្ពុជា បាននោះទេ។
មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែលទើបតែជួបព្រះរាជអាជ្ញារងនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីខែមុន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២ ខែវិច្ឆិកា ថាភស្តុតាងនៃការប្រព្រឹត្តិរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់មន្ត្រីបក្សកាន់អំណាចមកលើសំឡេងប្រឆាំង កាន់តែបង្ហាញឲ្យឃើញច្បាស់ និងកើនឡើងច្រើនជាងមុន សម្រាប់ជាមូលដ្ឋានពិចារណារបស់តុលាការអន្តរជាតិ៖ «បទឧក្រិដ្ឋជាច្រើនពាក់ព័ន្ធនឹងការបង្ក្រាបបក្សប្រឆាំងក្នុងពេលថ្មីៗនេះ គឺជាធាតុផ្សំនៃបទល្មើសក្នុងចំណាត់ថ្នាក់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បើយើងពិនិត្យមើលបទឧក្រិដ្ឋដែលផ្សំបញ្ចូលគ្នាតាំងពីការបណ្ដេញពលរដ្ឋពីលំនៅឋាន ការធ្វើទុក្ខបុកម្នេញលើអ្នកប្រឆាំង ការធ្វើឃាតអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងការចាប់ខ្លួន និងដាក់ពន្ធនាគារសកម្មជនបក្សប្រឆាំង ដែលទាំងអស់ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលស្ថិតក្នុងប្រភេទនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទាំងនេះឯងហើយ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានយុត្តាធិការលើអ្វីដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា»។
លោក រីឆាត រ៉ូជើរ លើកឡើងបន្ថែមថា រឿងក្ដីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ អាចពិចារណា គឺរួមមានករណីដូចអ្វីដែលកំពុងកើតមាននៅកម្ពុជា ដែលក្រុមអ្នកមានអំណាចជិះជាន់សង្កត់សង្កិន និងធ្វើបាបអ្នកប្រឆាំងទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបន្តក្រាញអំណាច។ លោកអះអាងថា ការធ្វើទុក្ខបុកម្នេញនេះ កំពុងតែបង្កើនសន្ទុះយ៉ាងខ្លាំងរហូតដល់រដ្ឋាភិបាលបណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប៉ុនប៉ងរម្លាយគណបក្សប្រឆាំងចោលទាំងស្រុង ដែលស្ដែងឲ្យឃើញអំពីគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកម្ពុជា តាមបែបឯកបក្ស និងផ្តាច់ការដ៏សាហាវបំផុត។
រឿងដែលសំខាន់មួយទៀតដែលលោក រីឆាត រ៉ូជើរ មើលឃើញថា តម្រូវឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ធ្វើអន្តរាគមន៍ដែរនោះ គឺដោយសារសហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរនៅក្រៅប្រទេសបានបន្តថ្កោលទោសទង្វើរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការយកប្រព័ន្ធតុលាការមកធ្វើជាឧបករណ៍បម្រើនយោបាយបក្សកាន់អំណាច។
លោកបញ្ជាក់ថា នៅពេលប្រព័ន្ធយុត្តិធម៌ជាតិ មិនអាចបំពេញមុខងារក្នុងការថែរក្សា និងការពារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្លួនឯងបាន គឺទាល់តែអន្តរជាតិជួយ៖ «នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ កុំសង្ឃឹមសូម្បីតែប៉ុនសរសៃសក់ ថានឹងមានយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មនៃការធ្វើទុក្ខបុកម្នេញមកលើសំឡេងប្រឆាំងឲ្យសោះ ព្រោះអីរដ្ឋាភិបាលមានឥទ្ធិពលបញ្ជាលើប្រព័ន្ធតុលាការ។ តុលាការកម្ពុជា លែងមានមុខងារបម្រើប្រជាពលរដ្ឋខ្មែរទូទៅបាន។ តុលាការកម្ពុជា ជាតុលាការបម្រើបក្សកាន់អំណាច ហើយចៅក្រម និងព្រះរាជអាជ្ញាសុទ្ធតែជាតួអង្គដែលជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋរួមនេះ»។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍អន្តរជាតិ ដែលមានសមត្ថកិច្ចស៊ើបអង្កេត និងផ្ដន្ទាទោសអ្នកដែលជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ធាតុផ្សំមួយក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ គឺការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដូចជាការធ្វើបាបបក្សប្រឆាំងនេះជាដើម។
ទោះជាយ៉ាងនេះក្តី មន្ត្រីរដ្ឋាភិបាលយល់ឃើញថា អ្វីដែលជាចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា មកលើសំឡេងប្រឆាំង គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងការពារចំណាត់ការទាំងនេះ ថាជាការត្រឹមត្រូវ និងមិនអាចឲ្យអន្តរជាតិមកជ្រៀតជ្រែកបានឡើយ៖ «ករណីរបស់ផ្ទៃក្នុងរបស់កម្ពុជាទេ មិនមែនជារឿងស្ថិតនៅក្នុងដែនយុត្តាធិការរបស់អន្តរជាតិទេ។ កម្ពុជា តុលាការគឺវិនិច្ឆ័យក្នុងផលប្រយោជន៍កម្ពុជា។ កម្ពុជានៅតែគោរព និងឲ្យតម្លៃតុលាការ ជាតុលាការរបស់កម្ពុជា អនុវត្ត វិនិច្ឆ័យក្ដីទៅតាមច្បាប់ និងអង្គសេចក្ដីនៅក្នុងកម្ពុជា»។
ចំណែកឯក្រុមមេធាវីការពារក្ដីលោក កឹម សុខា គឺលោក ហែម សុជាតិ ក៏សម្លឹងមើលឃើញតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលអាចជួយអន្តរាគមន៍ផងដែរ ប្រសិនបើកូនក្ដីរបស់ពួកគាត់នៅតែរងភាពអយុត្តិធម៌ដោយប្រព័ន្ធតុលាការជាតិ និងបក្សកាន់អំណាចដូចសព្វថ្ងៃ៕